ប្រមុខដឹកនាំជាន់ខ្ពស់របស់កងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងមុននេះថា ភារកិច្ចចម្បងប្រចាំថ្ងៃរបស់អាវុធហត្ថរាជធានីគឺបង្កា ការពារ និង បង្ក្រាប បទល្មើសដើម្បីរក្សាការពារសន្តិសុខជូនពលរដ្ឋទូទាំងប្រទេសតែម្ដង។
នេះជាការលើកឡើងរបស់លោកនាយឧត្តមសេនីយ៍សៅ សុខាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ពេលអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំបូកសរុបការងារកងរាជអាវុធហត្ថឆ្នាំ២០២០ និងលើកទិសដៅផែនការសកម្មភាពការងារកងរាជអាវុធហត្ថឆ្នាំ២០២១នាម្សិលមិញ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍មេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការ ស្នងការ នាយកវិទ្យាស្ថាន នាយកមជ្ឈមណ្ឌល មេបញ្ជាការ កងរាជអាវុធហត្ថរាជធានី-ខេត្ត ព្រមទាំងនាយការិយាល័យជាច្រើនរូបទៀត។
លោកនាយឧត្តមសេនីយ៍ សៅ សុខាបានថ្លែងសង្កត់ធ្ងន់ថា ភារកិច្ចចម្បងអាវុធហត្ថ គឺ បង្ការ ការពារ និង បង្ក្រាប បទល្មើសដើម្បីរក្សាការពារសន្តិសុខជូនពលរដ្ឋទូទាំងប្រទេសជាកត្តាសំខាន់បំផុត។ លោកនាយឧត្តមសេនីយ៍ ក៏ចេញបទបញ្ជាដល់កម្លាំងអាវុធហត្ថទាំងអស់មិនត្រូវភ្លេចពីជំងឺរាតត្បាតដ៏កាចសាហាវកូវិដ១៩ នោះឲ្យសោះដោយត្រូវតែអនុវត្តន៍ដំបូងគេបំផុតគឺ ពាក់ម៉ាស់ គម្លាតបុគ្គល និងគម្លាតសង្គមតែម្តងរួមនឹងការធ្វើអនាម័យជាប្រចាំទើបជៀសផុតពីជំងឺកាចសាហាវមួយនេះបាន ។
នាយឧត្តមសេនីយ៍ សៅ សុខា បានណែនាំឲ្យមន្ត្រីអាវុធហត្ថទូទាំងរាជធានីខេត្ត និងអង្គភាពជំនាញទាំងអស់បង្កើនការធ្វើអនាម័យដើម្បីបញ្ចៀសជំងឺរាតត្បាតកូវីដ១៩ពិសេសបំផុត ត្រូវអនុវត្តន៍នូវគម្លាតបុគ្គល និងគម្លាតសង្គមតែម្តង ដែលជាកត្តាសំខាន់នៃការបញ្ជៀសជំងឺកូវីដ១៩ដ៍កាចសាហាវនេះបានពីព្រោះជំងឺរាតត្បាតមួយនេះ បានឆក់យកអាយុជីវិតមនុស្សរាប់លាននាក់និងឆ្លងរាប់រយលាននាក់ហើយនៅលើពិភពលោក។
សូមបញ្ជាក់ផងដែរថា ក្រៅពីអនុវត្តន៍នូវភារកិច្ចដូចខាងលើរួចមកនោះកម្លាំងអាវុធហត្ថផ្នែកអន្តរាគមន៍ ក្នុងទីបញ្ជាការ រាជធានីខេត្តបានរៀនបំប៉នក្បាច់គុណចំបាប់ ស្នៀតចាប់បោក ចាប់កាច់ (ក្លេ) ចេញល្បាតក្បួនម៉ូតូ ឡានតាមដងផ្លូវដើម្បីបង្កើនសមត្ថភាព និងការពារខ្លួន ពេលប៉ះទង្គិចជាមួយជនសង្ស័យ ក្នុងនោះដែរកម្លាំងផ្សេងៗទៀតនាំគ្នាធ្វើលំហាត់ប្រាណ លេងកីឡា ដើម្បីសុខភាពល្អមាំងមួនបំពេញកាតព្វកិច្ចបន្តក្នុងនាមមន្ត្រីជាអ្នកបម្រើរាស្ត្រដោយភាពស្មោះត្រង់មិនគិតនឿយហត់ឬ យប់ថ្ងៃឡើយដែលកម្លាំងអាវុធហត្ថទូទាំងប្រទេសបន្តពង្រឹងរក្សាសន្តិសុខដោយកិច្ចការពារ២៤ម៉ោងលើ២៤ម៉ោង៕
អត្ថបទ៖ វិមាន