ព័ត៌មានជាតិ
ក្រុមយុវជនសំរាម បើកយុទ្ធនាការថ្មី សាងសង់សាលាសហគមន៍ នៅស្រុកឱរ៉ាល់
យុទ្ធនាការប្រមូលថវិកាសង់សាលាក្នុងសហគមន៍ស្រែកិន ស្រុកឱរ៉ាល់ កំពុងចាប់ផ្ដើមនៅដើមឆ្នាំ២០២៤ នេះ ដោយក្រុមយុវជនសំរាម។ លោក សាន ដារ៉ាវីត ស្ថាបនិកក្រុមយុវជនសំរាម បានឱ្យ “កម្ពុជាថ្មី” ដឹងនៅរសៀលនេះថា មុនចាប់ផ្ដើមគម្រោងសង់សាលាសហគមន៍នេះ ពីមុនក្រុមរបស់លោកបានប្រមូលរបស់ចាស់ៗ យកមកកែច្នៃ និងចែកចាយបន្តដល់សិស្សខ្វះខាតនៅតែភ្នំពេញទេ។ ប៉ុន្តែក្រោយពេលវិបត្តិកូវីដបានធូរស្បើយ ក្រុមរបស់លោកបានឃើញកម្មករសំណង់មកពីតាមបណ្ដាខេត្តមួយចំនួនបានមកធ្វើការវិញ ដោយមាននាំកូនៗមកជាមួយដែរ។

លោក សាន ដារ៉ាវីត បានឱ្យដឹងបន្ថែមថា៖ “យើងក៏ប្រមូលក្មេងៗទាំងនោះមករៀន ៦ ៧នាក់។ ក្រោយមក ក៏មានកម្មករបញ្ជូនកូនគាត់មករៀនជាបន្តបន្ទាប់ យើងក៏បើថ្នាក់បង្រៀនដោយឥតគិតថ្លៃ ដែលមកដល់ពេលនេះ មានក្មេងៗចូលរៀនប្រហែលជិត ៧០នាក់”។

ស្ថាបនិកក្រុមយុវជនសំរាមខាងលើ បានឱ្យដឹងទៀតថា តាមរយៈការចូលសិក្សារបស់កូនកម្មករសំណង់ទាំងនោះ ធ្វើឱ្យក្រុមរបស់លោកបានមានឃើញការលំបាកនៅតាមខេត្តដាច់ស្រយាលមួយចំនួនក្នុងការរៀនសូត្រ និងប្រកបរបរជាដើម ទើបក្រុមរបស់លោកបានសម្រេចមកសិក្សា បង្កើតសាលាសហគមន៍ នៅទីតាំងនៅភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

លោក សាន ដារ៉ាវីត បញ្ជាក់ថា៖ “យើងកំពុងសង់ថ្នាក់រៀនពីឆ្អឹងដែក ដែលមានគម្រោង ៥ថ្នាក់ ព្រមទាំងផ្ទះគ្រូស្ម័គ្រចិត្ត អ្នកបច្ចេកទេសជាដើម។ យើងចង់ផ្សារភ្ជាប់សហគមន៍មួយនេះ ទៅមណ្ឌលយើងនៅភ្នំពេញ គឺយើងចង់ផ្សារភ្ជាប់គ្នារវាងទីក្រុង និងខេត្តដាច់ស្រយាល ដែលគាត់មានកសិផលហើយ មិនដឹងលក់នៅណា”។

យុវជនវ័យ ៣៤ ឆ្នាំរូបនេះ បានឱ្យដឹងថា មកដល់ថ្ងៃនេះ ក្រុមលោកបានសាងសង់ផ្ទះមួយចំនួន និងបន្ទប់ទឹក ព្រមទាំងកំពុងចាប់ផ្ដើមធ្វើថ្នាក់រៀនចំនួន១ ដែលមានទំហំ ៤ម៉ែត្រ គុណ ៧ម៉ែត្រ។ ចំពោះគម្រោងក្នុងការចំណាយ ពី ៨ពាន់ ទៅ ១ម៉ឺនដុល្លារ ដោយលោកទទួលបានជំនួយបានប៉ុន្មាន គឺធ្វើប៉ុណ្ណឹងជាបន្តបន្ទាប់។ មកដល់ពេលនេះក្រុមលោកទើបទទួលបានជំនួយប្រហែល ២ ពាន់ដុល្លារ។

លោក សាន ដារ៉ាវីត បានបញ្ជាក់ថា៖ “ខ្ញុំកំពុងសិក្សាលើគម្រោងសាងសង់សាលាសហគមន៍ ហើយប្រសិនជាជោគជ័យ និងមានជំនួយលើសគម្រោងនេះ ខ្ញុំចង់ធ្វើនៅតាមបណ្ដាខេត្តផ្សេងៗទៀត ដើម្បីជួយបណ្ដុំបណ្ដាលធនធានក្នុងស្រុកមានស្រាប់ កុំឱ្យពួកគាត់ទៅធ្វើពលករចំណាកស្រុក ពិសេសពលករខុសច្បាប់ និងចាប់បោកមេខ្យល់។

ស្ថាបនិកវ័យក្មេងនេះ បានឱ្យដឹងថា ដោយសារអត់មានបទពិសោធន៍ការងារបង្កើតសាលាសហគមន៍ តាំងពីការងារជាមួយក្មេង និងគ្រូស្ម័គ្រចិត្តជាដើម នាំឱ្យការងារដំបូង ក្រុមរបស់លោកត្រូវបានចំណាយអស់ច្រើន ប៉ុន្តែពេលជួបបញ្ហាមួយ គឺដោះស្រាយមួយ។ ជាក់ស្ដែង សាលានៅភ្នំពេញមានគ្រូ ៤រូប ប៉ុន្តែនៅឱរ៉ាល់នេះ មិនទាន់មានគ្រូទេ ដែលក្រុមលោកកំពុងដោះស្រាយបញ្ហានេះដែរ។

លោក សាន ដារ៉ាវីត លើកឡើងថា៖ “ខ្ញុំសង្ឃឹមថា គម្រោងនេះ នឹងមានការលើកទឹកចិត្តពីមហាជន ព្រមទាំងគាំទ្រឱ្យមានការបង្កើតសាលាតាមសហគមន៍ផ្សេងទៀត។ បើយើងចង់ឱ្យប្រទេសជាតិរីកចម្រើន យើងត្រូវខិតខំកែច្នៃធនធានយើងដែលមានស្រាប់ ហើយយើងព្យាយាមជួយគាត់ ជំរុញគាត់ លើកទឹកចិត្តគាត់ ដើម្បីទទួលបានលទ្ធផលល្អទាំងអស់គ្នា ក៏ដូចជាការភ្ជាប់គ្នារវាងទីក្រុង និងតំបន់ដាច់ស្រយាល”។

គួរបញ្ជាក់ថា ក្រុមយុវជនសម្រាម ត្រូវបានគេទទួលស្គាល់តាមរយៈសកម្មភាពប្រមូលសម្រាមនៅលើប្រឡាយទឹកស្អុយបឹងត្របែក ស្ថិតនៅប៉ែកខាងត្បូង រាជធានីភ្នំពេញ។ ការសម្រេចលូកដៃចូលក្នុងសកម្មភាពប្រមូលសម្រាមដែលមានក្លិនស្អុយជាប់ខ្លួននេះ គឺដោយសារឈឺចាប់នឹងពាក្យរិះគន់ពីមិត្តភក្តិបរទេស ហើយបានប្តេជ្ញាបន្តធ្វើសកម្មភាពនេះរហូតដល់ប្រទេសកម្ពុជាស្អាត។ ជាមួយគ្នានេះ ក៏ត្រូវការការសហការចូលរួមពីប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ ទាំងកម្លាំងកាយ ចិត្ត និងថវិកាសប្បុរសធម៌ ផងដែរ៕
អត្ថបទ៖ ច័ន្ទ វីរៈ




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៣ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ