Connect with us

ព័ត៌មានជាតិ

ប្រព័ន្ធធារាសាស្ត្រ ២ កន្លែងក្នុងខេត្តបាត់ដំបង នៅសល់ទឹកតិចតូច​មិនអាចទ្រទ្រង់​ការ​ធ្វើ​ស្រូវប្រាំងកសិករ​រាប់រយគ្រួសារ

បានផុស

នៅ

ប្រព័ន្ធធារាសាស្រ្ត ២ កន្លែង ដែលស្តុកទឹកសម្រាប់​បម្រើ​លើវ័យកសិកម្ម (ស្រូវប្រាំង) ក្នុងស្រុកថ្មគោលមានការថយចុះបរិមាណ​​ទឹក​យ៉ាង​ខ្លាំង ក្នុងនោះមានប្រព័ន្ធធារាសាស្ត្រ អាងកំពីពួយ និង ប្រភពទឹកស្ទឹងបវេល ដែល​មិនអាចផ្គត់ផ្គង់តាមតម្រូវការក្នុងការបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០២៤។

ពាក់ព័ន្ធប្រព័ន្ធធារាសាស្ត្រចំនួន ២ ខាងលើ ដែលនៅសល់ទឹកតិចតូចមិនអាចទ្រទ្រង់ក្នុងការស្រោចស្រព​លើស្រូវប្រាំង ដែលប្រជាកសិករសម្រុកដាំលើសផែនការនេះ រដ្ឋបាលស្រុកថ្មគោលកាលពីថ្ងៃទី ១០ ខែមករា បាន​ចេញសេចក្តីណែនាំមួយ​ដល់ប្រជាកសិករតាមរយះលោកមេឃុំគ្រប់ឃុំទូទាំងស្រុកថ្មគោល ឲ្យផ្សព្វផ្សាយជូនប្រជាកសិករនៅតាមឃុំបានជ្រាប​ជា​ព័ត៌មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីណែនាំមានខ្លឹមសារថា តាមការពិនិត្យស្ថានភាពទឹកស្តុកបច្ចុប្បន្នក្នុងប្រព័ន្ធស្រោចស្រពអាងកំពីងពួយ និង ទឹកស្ទឹងបវេលដែលជាប្រភពទឹកដ៏សំខាន់នាពេលនេះ មានបរិមាណទឹកតិចតួចមិនអាចធានានូវការផ្គត់ផ្គង់និងការស្រោចស្រពដំណាំស្រូវប្រាំងស្របតាមតម្រូវការនៃការដាំដុះបានឡើយ។

ដើម្បីចូលរួមទប់ស្កាត់ការបង្កបង្កើនផលស្រូវរដូវប្រាំងនាពេលខាងមុខនេះ រដ្ឋបាលស្រុកថ្មគោលសូមធ្វើសេចក្តីណែនាំដូចតទៅ៖

១, មិនអនុញ្ញាតឲ្យបងប្អូនប្រជាកសិករក្នុងស្រុកថ្មគោលបង្កបង្កើនផលដំណាំស្រូវប្រាំងក្នុងរដូវប្រាំងឆ្នាំ ២០២៣-ឆ្នាំ២០ ២៤ ចាប់ពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ តទៅ
២, មិនអនុញ្ញាតឲ្យបងប្អូនប្រជាកសិករបូមទឹកចេញពីបឹងអភិរក្សឡើយ ព្រោះត្រូវរក្សាមេត្រីពូជ
៣, រដ្ឋបាលឃុំទាំង ១០ នៃស្រុកថ្មគោលត្រូវធ្វើការផ្សព្វផ្សាយខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះឲ្យបានទូលំទូលាយនិងឲ្យ​​​បាន​ជ្រួតជ្រាប​ដល់បងប្អូនប្រជាកសិករនៅតាមមូលដ្ឋានភូមិឃុំរបស់ខ្លួន។
៤, បន្តពិនិត្យតាមដាននិងហាមឃាត់ប្រជាកសិករ ដោយមិនអនុញ្ញាតឲ្យបង្កបង្កើនផលដំណាំស្រូវប្រាំង​នារដូវប្រាំងនេះ ចៀសវាង​ការខាតបង់ផលប្រយោជន៍របស់បងប្អូនប្រជាកសិករ។

ជុំវិញសេចក្តីណែនាំរបស់រដ្ឋបាលស្រុកថ្មគោលនាពេលនេះ ធ្វើឡើងស្របតាមរបាយការណ៍ពីមន្ទីរកសិកម្មកាលពីថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២៤ បង្ហាញ​ថា ការងារបង្កបង្កើនផលស្រូវរដូវប្រាំងក្នុងខេត្តបាត់ដំបងអនុវត្តបានចំនួន ៥៥ ១៥១ ហិកតា ស្មើ ២០៩,៣៦% នៃផែនការចំនួន ២៦ ៣៤៣ ហិកតា ខណះស្រូវស្រាលដែលដាំដុះប្រដេញទឹកក្នុងពាក់កណ្ដាលខែតុលានិងខែវិច្ឆិកាពុំមានបញ្ហាទេកំពុងត្រៀមប្រមូលផល (ស្រូវអាយុ ១០៥ ថ្ងៃ)។

ស្រូវស្រាលដែលដាំដុះក្នុងខែ ធ្នូ និង ខែមករា អាចនឹងប្រឈមបញ្ហាខ្វះទឹកនៅក្នុងដំណាក់កាលបង្កបង្កើនផល (ដាច់បណ្ដូល) ប្រសិនបើមិនមានទឹកភ្លៀងកក់ខែក្នុងខែមករានេះទេក្នុងនោះមានដូចជា៖

១, ស្រុកថ្មគោលអាចជួបការខ្វះទឹកចំនួន ៥០០០ ហិកតានៅពេលទៅមុខបន្តក្នុងខែកម្ភៈនិងខែមិនា
២, មានស្រុកមោងឬស្សីជួបការខ្វះទឹកចំនួន ៩០០០ ហិកតាដែលកំពុងតែខ្វះទឹកបណ្ដើរៗ
៣, ស្រុកឯកភ្នំ អាចជួបការខ្វះទឹកចំនួន ១៨០០ ហិកតា នាពេលទៅមុខបន្តក្នុងខែកម្ភៈនិងមិនា ឆ្នាំ២០២៤

សូមរំលឹកផងដែរថា សម្រាប់ប្រជាកសិករដែលបានដាំដុះស្រូវប្រាំងតាមបណ្តាស្រុកគោលដៅទូទាំងខេត្តត្រូវបានកំណត់តាម​ផែនការពីមន្ទីរជំនាញចៀសវាងខូចខាតផលប្រយោជន៍។

ខេត្តបាត់ដំបង​មានប្រព័ន្ធធារាសាស្ត្រធំៗ​ចំនួន ៤ កន្លែង ក្នុងនោះមាន៖

១, ប្រព័ន្ធធារាសាស្ត្រ “អាងកំពីងពួយ” ស្រោចស្រព​ទៅលើភូមិសាស្ត្រស្រុកចំនួន ២ លើឃុំចំនួន ៦ ក្នុងនោះមានឃុំតាគ្រាម មានផ្ទៃដីចំនួន ៥ ២៥០ ហិកតា ឃុំស្នឹង មាន ៨០០ហិកតា ឃុំភ្នំសំពៅ មាន ៣៥០ហិកតា ក្នុងស្រុកបាណន់ និង​ឃុំអូរតាគី ៦០០ហិកតា ឃុំជ្រៃ ១៥០០ហិកតា ឃុំអន្លង់រុន ១៥០០ហិកតា ក្នុងស្រុកថ្មគោល ដែលមានផ្ទៃដីស្រែប្រាំងសរុប ចំនួន ១០.០០០ហិកតា។

២, ប្រព័ន្ធធារាសាស្ត្រ “អាងភាស” ស្រោចស្របលើផ្ទៃដីស្រែប្រាំងសរុបចំនួន ២.៦០០ហិកតា លើស្រុកចំនួន ២ គឺ ស្រុកឯកភ្នំ និង ស្រុកថ្មគោល លើឃុំចំនួន ៣ គឺ ឃុំពាមឯក មាន ១២០០ ហិកតា ក្នុងស្រុកឯកភ្នំ និង ឃុំតាពួង ៩០០ ហិតា ឃុំតាមុឺន ៥០០ ហិកតា ក្នុងស្រុកថ្មគោល។

៣, ប្រព័ន្ធធារាសាស្ត្រ “កង្ហត”ឬ”ស្ទឹងសង្កែ” ស្រោចស្រពលើផ្ទៃដីសរុបចំនួន ៧.០០០ ហិកតា លើស្រុកចំនួន ៤ គឺ ស្រុកបាណន់ ស្រុកគាស់ក្រឡ ស្រុកសង្កែ ស្រុកមោងឫស្សីលើភូមិសាស្ត្រឃុំផ្សេងៗគ្នាចំនួន ៥ ក្នុងនោះ មានឃុំកន្ទី ១ ចំនួន ១ ៥៥០ ហិកតា ក្នុងស្រុកបាណន់ ឃុំធិបតី ១ ៧៥០ ហិកតា ក្នុងស្រុកគាស់ក្រឡ ឃុំរាំងកេសីចំនួន ១ ៧០០ ហិកតា ក្នុងស្រុកសង្កែ ឃុំកកោះ ១ ០០០ ហិកតា ឃុំព្រៃតូច ១ ០០០ ហិកតា ក្នុងស្រុកមោងឫស្សី។

៤,ប្រព័ន្ធធារាសាស្ត្រ “បវេល ” ឬ “ស្ទឹងមង្គលបូរី” ស្រោចស្រពលើផ្ទៃដីសរុបចំនួន ១.៤០០ ហិកតា លើឃុំចំនួន ៤ ក្នុងនោះមានឃុំបវេល ៣៥០ ហិកតា ឃុំ បួវិល ៣៦០ ហិកតា ឃុំល្វា ៣៥០ ហិកតា និងឃុំខ្ពស់ ៣៤០ ហិកតា ក្នុងស្រុកបវេល៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ១៧ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម