ក្រសួងអប់រំយុវជននិងកីឡាបានណែនាំដល់ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីខេត្តត្រូវរៀប ចំទិវាវប្បធម៌ជាតិ៣មីនា នៅឆ្នាំ២០២១នេះឲ្យបានទូលំទូលាយ។ប៉ុន្តែត្រូវគោរពតាមស្តង់ដាសុវត្ថិភាពក្នុងស្ថានភាពជំងឺកូវីដ១៩ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំយុវជននិងកីឡាបានឲ្យដឹងថា ក្រសួងស្នើឲ្យលោកស្រីប្រធានរៀបចំអបអរសាទរទិវាវប្បធម៌ជាតិ៣មីនាឲ្យបានសមស្របដោយគោរពតាមស្តង់ដារសុវត្ថិភាពក្នុងស្ថានភាពជំងឺកូវីដ១៩ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងផ្សព្វផ្សាយខ្លឹមសារនៃទិវានេះដល់គ្រឹះស្ថានសិក្សារដ្ឋឯកជននិងតាមអង្គភាព នឹងត្រូវលើកទង់ជាតិទង់ជ្វាលា បដាពាក្យស្លោកឲ្យបានព្រមៗគ្នាចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៩ ខែមីនាឆ្នាំ២០២១ខាងមុខនេះ។
រាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរស្ដីពីការរៀបចំទិវាវប្បធម៌ជាតិ៣មីនាលើកទី២៣ ឆ្នាំ២០២១ជាទិវាដ៏មានសារៈសំខាន់មួយសម្រាប់ប្រជាជាតិក្នុងការរំលឹកដល់គុណូបការៈចំពោះបុព្វបុរសនៃយើងដែលបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែបដែលមិនអាចកាត់ថ្លៃបានសម្រាប់កូនចៅជំនាន់ក្រោយនិងជាទិវាបំផុសនូវស្មារតីស្រឡាញ់វប្បធម៌ទំលៀមទម្លាប់ប្រពៃណីពីសំណាក់ប្រជាពលរដ្ឋពិសេសយុវជនបន្តវេនដែលមានកាតព្វកិច្ចត្រូវចូលរួមថែរក្សាការពារនូវសម្បត្តិវប្បធម៌ជាតិនិងវប្បធម៌ចម្រុះនៃសហគមន៍ជនជាតិដើមនៅក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យឋិតថេរគង់វង្សស្របតាមទិសស្លោកកម្ពុជាព្រះរាជាណាចក្រនៃវប្បធម៌។
បើតាមក្រសួងអប់រំទិវាវប្បធម៌ឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ» ក្នុងគោលបំណងជំរុញឱ្យប្រជាពលរដ្ឋពិសេសយុវជនទូទាំងប្រទេសចូលរួមកាន់តែសកម្មថែមទៀតក្នុងការថែរក្សាការពារមរតកវប្បធម៌ជាតិយល់ដឹងកាន់តែច្បាស់ពីភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌ដែលជាប្រភពមិនចេះរីងស្ងួតក្នុងការបង្កើតការងារនិងបង្កើតកាលានុវត្តភាពសម្រាប់ទាញយកប្រាក់ចំណូលប្រកបដោយប្រសិទ្ធភាព។
ទន្ទឹមនេះលើកម្ពស់មនសិការនិងស្មារតីចូលរួមក្នុងការផ្ទេរព្រមទាំងទទួលយកនូវចំណេះដឹងជំនាញនិងបច្ចេកទេសសិល្បៈវប្បធម៌សំដៅជំរុញការអភិវឌ្ឍអភិរក្សនិងអភិវឌ្ឍន៍វប្បធម៌ជាតិក៏ដូចជាវប្បធម៌ចម្រុះនៃសហគមន៍ជនជាតិដើមនៅក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានស្ថិតស្ថេរគង់វង្ស។បង្កើនការយល់ដឹងឲ្យកាន់តែច្បាស់អំពីតម្លៃពិតនៃវប្បធម៌ជាតិដែលជាប្រភពធនធានមិនចេះរីងស្ងួតក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមតាមរយៈការបង្កើតនូវសេវានិងផលិតផលវប្បធម៌សម្រាប់ជាគោលដៅពាណិជ្ជកម្មនិងទេសចរណ៍។
បង្កើនការងារនិងកាលានុវត្តភាពដល់ប្រជាពលរដ្ឋទាំងអស់ជាពិសេសយុវជនឲ្យខិតខំបង្កបង្កើនស្នាដៃវប្បធម៌ថ្មីៗប្រកបដោយគុណភាពជាតិជំរុញឲ្យមានការចូលរួមដោយមានការទទួលខុសត្រូវរបស់យុវជនក្នុងកិច្ចអភិរក្សនិងអភិវឌ្ឍន៍វប្បធម៌ជាតិប្រកបដោយនិរន្តរភាពដោយមិនប្រកាន់នូវនិន្នាការនយោបាយជំនឿសាសនានិងពណ៌សម្បុរ៕
អត្ថបទ ៖ សំអឿន