Connect with us

ព័ត៌មានជាតិ

ច្បាប់​វិនិយោគ​ថ្មី​កំណត់​ត្រឹម ២០ ថ្ងៃ​យ៉ាង​យូរ​ត្រូវ​ចេញ​វិញ្ញាបនបត្រ​ផ្តល់​ភ្លើង​ខៀវ​សំណើ​វិនិយោគ

បានផុស

នៅ

ច្បាប់​វិនិយោគ​ថ្មី​ដែល​រដ្ឋាភិបាល​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​ឆ្នាំ ២០២១ បាន​កំណត់​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជូន​ដល់​អ្នក​ដាក់​ពាក្យ​ស្នើ​សុំ​គម្រោង​វិនិយោគ​មិន​ឲ្យ​លើស​ពី ២០​ ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាត្រា ១២ នៃ​ច្បាប់​វិនិយោគ​បាន​កំណត់​យ៉ាង​ដូច្នេះ​ថា «ប្រសិន​បើ​គម្រោង​វិនិយោគ​ស្នើសុំ​មិន​ស្ថិត​ក្នុង​បញ្ជី​អវិជ្ជមាន​ដែល​ត្រូវ​កំណត់​ដោយឡែក​ក្នុង​អនុក្រឹត្យ ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ត្រូវ​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជូន​អ្នក​ដាក់ពាក្យស្នើ​​សុំ​ក្នុង​អំឡុង​ពេល​មិន​លើស​ពី ២០ ​(ម្ភៃ)​ថ្ងៃ​នៃ​ថ្ងៃធ្វើការ»។

វិញ្ញាបនបត្រចុះបញ្ជី​មានភ្ជាប់នូវបារកូដ​ដែលមានលេខសម្គាល់ ឬឃ្យូអរ​កូដ ឬ​ប្រព័ន្ធបច្ចេកវិទ្យាដទៃ​ទៀត ដែលផ្ទុកទិន្នន័យ​បឋមមួយចំនួន​ពាក់ព័ន្ធ​នឹងគម្រោង​វិនិយោគ​ដែលចុះបញ្ជី​ ដើម្បីជា​ប្រយោជន៍​ដល់ការចុះបញ្ជី​ពាក់ព័ន្ធនានានិងសម្រាប់ការអនុវត្តគម្រោងវិនិយោគ។

ក្រោយ​គម្រោង​ស្នើ​សុំ​វិនិយោគ​ទទួលបានវិ​ញ្ញាបនបត្រ​ចុះបញ្ជី ​អាច​ចាប់ផ្តើម​អនុវត្ត​ដោយ​ស្វ័យប្រវត្តិ​។ នេះបើតាម​មាត្រា ១៣ នៃ​ច្បាប់​វិនិយោគ​។

«កាលបរិច្ឆេទ​នៃការចេញ​វិញ្ញាបនបត្រ​ចុះបញ្ជីជូន​អ្នកដាក់ពាក្យ​សុំគឺជា​កាលបរិច្ឆេទ​នៃការ​ចាប់ផ្តើម​អនុវត្ត​គម្រោង»។

យ៉ាងណា​មិញ ទោះបី​ជា​ផុត​រយៈពេល ២០ (ម្ភៃ) ថ្ងៃ​នៃ​ថ្ងៃធ្វើការ​ ​ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត មន្ទីរ និងអង្គភាព​មាន​សមត្ថកិច្ច ត្រូវតែ​ផ្ដល់ការ​យល់ព្រម ការអនុញ្ញាត អាជ្ញាបណ្ណ តាមការកំណត់ដោយច្បាប់​និងលិខិតបទដ្ឋាន​គតិយុត្តជា​ធរមាន។

«ការយឺតយ៉ាវក្នុង​ការចេញលិខិតអនុញ្ញាតនានាពីក្រសួង ស្ថាប័ន រដ្ឋបាល​រាជធានី ខេត្ត មន្ទីរ និង​អង្គភាព​មាន​សមត្ថកិច្ចដោយគ្មាន​មូលហេតុសមរម្យ មិនត្រូវជាកម្មវត្ថុនៃ​ការរាំងស្ទះដល់​ដំណើរការ​អនុវត្តគម្រោងវិនិយោគនោះឡើយ»។

អនុលោមទៅតាមលក្ខខណ្ឌ​ជាក់ស្ដែង ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ឬអនុគណៈកម្មការធិការ​វិនិយោគ​រាជធានី​ខេត្ត​មាន​សិទិ្ធ​ពន្យារពេលឬ​បដិសេធ​ការចុះបញ្ជី​ដល់​អ្នក​ដាក់​ពាក្យសុំ ចំពោះគ្រប់សំណើ​សុំចុះបញ្ជី​គម្រោង​វិនិយោគ ដោយ​មាន​ការ​ជូនដំណឹង​ដល់​អ្នកដាក់​ពាក្យ​សុំជា​លាយលក្ខណ៍អក្សរ ដោយ​បញ្ជាក់​អំពី​មូលហេតុ​ច្បាស់លាស់ ក្រោម​ហេតុផល​ណាមួយ​ដូចខាងក្រោម៖

១- សំណើសុំចុះបញ្ជីគម្រោងវិនិយោគ​មិនអនុលោម​តាម​នីតិវិធីនៃ​ការចុះបញ្ជី ព្រមទាំងច្បាប់​និង​លិខិត​បទដ្ឋាន​គតិយុត្តជាធរមាន។ ឬ
២- អ្នកដាក់ពាក្យសុំ​មិនបានផ្តល់ជូននូវ​ព័ត៌មាន​គ្រប់គ្រាន់ ដែល​តម្រូវដោយ​ច្បាប់ឬអនុក្រឹត្យ។ ឬ
៣- គម្រោងដែលបានស្នើសុំមាន​វេទយិតភាព​ខ្ពស់ ដែលតម្រូវឱ្យមាន​ការសុំ​យោបល់​សម្រេច​ជាមុន​ពី​កិច្ច​ប្រជុំពេញ​អង្គ​គណៈរដ្ឋមន្ត្រី ឬ​រាជរដ្ឋាភិបាល។

«ការជូនដំណឹងអំពីការពន្យារពេលការចុះបញ្ជី​ត្រូវ​បញ្ជាក់​ឱ្យបាន​ច្បាស់នូវចំណុចឬអំពី​លក្ខខណ្ឌ និង​អំពី​ថេរវេលា​សម្រាប់អ្នកដាក់ពាក្យ​សុំត្រូវកែ​តម្រូវ​ឬ​បំពេញ»។

ការ​ទទួល​បានវិញ្ញាបនបត្រ​ចុះបញ្ជី​ ក៏​មិនមែន​ជា​ការ​លើក​លែង​ឱ្យ​គម្រោង​វិនិយោគ​រួច​ផុត​ពី​ការ​ទទួល​​​លិខិត​អនុញ្ញាត​ អាជ្ញាបណ្ណ ឬ​បញ្ចិកា​នានា ដែល​តម្រូវ​ដោយ​ក្រសួង ស្ថាប័ន រដ្ឋបាល​រាជធានី ខេត្ត មន្ទីរ និង​អង្គភាព ស្របតាម​ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្ត​ជាធរមាននោះដែរ។

ជាមួយគ្នានេះ ដើម្បីធានា​នូវអនុលោមភាព​គតិយុត្ត​ និង​លក្ខខណ្ឌ​នានា​ដែល​ជា​មូលហេតុ​នៃការទទួល​បានវិញ្ញាបនបត្រចុះបញ្ជី រាល់​គម្រោង​វិនិយោគ​ត្រូវជា​កម្មវត្ថុ​នៃ​ការ​តាមដានជាប្រចាំ។

អ្នកអនុវត្ត​តម្រោងវិនិយោគ ត្រូវផ្តល់​របាយការណ៍​ស្តីពីការអនុវត្តគម្រោង​វិនិយោគ ទៅតាម​កាលវិភាគ​ជាក់លាក់​។ ការផ្តល់​របាយការណ៍​ស្តីពីការ​អនុវត្តគម្រោង​វិនិយោគ ពុំ​មែន​ជាមូលដ្ឋាន​នៃ​ការ​រួចផុតពី​ការពិនិត្យ អនុលោម​ភាព​ក្នុងការ​អនុវត្ត​គម្រោង​នៅនឹង​កន្លែង​អនុវត្តគម្រោងទេ ប្រសិន​បើ​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​សន្មត​ថា​មាន​ភាព​ចាំបាច់​ឬ​ប្រសិនបើមាន​ការតវ៉ា​ណាមួយ​ពីបុគ្គល​ដែលអះអាងថា​បាន​ទទួលរងនូវ​ផលប៉ះពាល់​ពី​ការ​អនុវត្ត​គម្រោង​វិនិយោគ។

ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា និង​អនុគណៈកម្មការធិការ​វិនិយោគ​រាជធានី​ខេត្ត​មានកាតព្វកិច្ច​ចុះពិនិត្យ​ការអនុវត្ត​គម្រោង​វិនិយោគ ដើម្បីពិនិត្យ​អនុលោមភាព​គតិយុត្ត និង​ការអនុវត្ត​កាតព្វកិច្ចនានា ដែល​ជា​លក្ខខណ្ឌនៃ​ការទទួលបានវិញ្ញាបនបត្រ​ចុះបញ្ជី។

ការចុះពិនិត្យការអនុវត្តគម្រោងវិនិយោគជាក់ស្ដែង ត្រូវធ្វើឡើង​ជាទៀងទាត់ឬ​តាមការចាំបាច់ ដោយ​មាន​ការជូនដំណឹង​ជាមុន​ទៅបុគ្គលពាក់ព័ន្ធ​នឹងការអនុវត្តគម្រោងវិនិយោគ លើកលែង​តែក្នុង​ករណី​សង្ស័យ ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត មន្ទីរ និងអង្គភាព​ពាក់ព័ន្ធ​អាចចុះត្រួតពិនិត្យ​ដោយ​មិន​ចាំបាច់​ជូនដំណឹងជាមុន។

គួរ​បញ្ជាក់ថា ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (ក.អ.ក.) ជា​ស្ថាប័ន​ប្រតិបត្តិ​បំពេញ​មុខងារ​ជា​សេនាធិការ​និង​ជា​ច្រកចេញ​ចូល​តែមួយ​លើ​បេសកកម្ម​ដឹកនាំ​និង​គ្រប់គ្រង​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍ ការវិនិយោគ​ឯកជន និង​តំបន់​សេដ្ឋកិច្ចពិសេស។

ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ផ្តល់​សេវា​ជូន​វិនិយោគិន​លើ​សំណើ​វិនិយោគ រដ្ឋាភិបាល​ក៏​បាន​ធ្វើ​ប្រតិភូកម្ម​ទៅ​ឱ្យ​រដ្ឋបាល​រាជធានី​ខេត្ត​តាម​រយៈ​អនុ​គណៈកម្មាធិការ​វិនិយោគ​រាជធានី​ខេត្ត​ក្នុង​ការ​ផ្តល់​សិទ្ធិ​អំណាច​លើ​​ការ​សម្រេចអនុញ្ញាតិ​​គម្រោង​វិនិយោគ​​ជាក់លាក់​ណាមួយ​ដែល​ត្រូវ​កំណត់​តាម​អនុក្រឹត្យ​ដាច់​ដោយ​ឡែក​។

ក្រៅ​ពីក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា និង​អនុគណៈកម្មាធិការ​វិនិយោគរាជធានី​ខេត្ត សំណើ​សុំចុះបញ្ជី​គម្រោង​វិនិយោគ​ក៏​អាច​ធ្វើឡើង​តាម​រយៈ​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន (CAM DX)​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តាមការព្យាកររបស់ អ៊ីសាក់ ញូវតុន, ថ្ងៃអវសានពិភពលោក នៅសល់ពេលមិនយូរទៀតនោះទេ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋសង្កាត់អូរតាវ៉ៅ ខេត្តប៉ៃលិន ទទួលបានស្ពានបេឡេត៍ ប្រវែង២១ម៉ែត្រ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ឡាវបើកភ្លើងខៀវឱ្យសង់ផ្លូវល្បឿនលឿនប្រវែង៦៣គីឡូម៉ែត្រពី “ហ្លួងប្រាបាង-បរតែន” បន្ទាប់ពីចិនពន្លឿន

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី៖ កម្ពុជាបានឈានចូលដល់ដំណាក់កាលទំនើបភាវូបនីយកម្ម ហើយកំពុងមានការវិវត្តគួរឱ្យកត់សម្គាល់

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញគោរពវិញ្ញាណក្ខន្ធអគ្គលេខាធិការគណៈកម្មាធិការ​មជ្ឈឹមបក្សកុម្មុយ​នីស្តវៀតណាម

Sokha Hotels

ព័ត៌មានពេញនិយម