បងប្អូន​អ្នក​ស្រែចម្ការ ស្គាល់​ប្រភេទ​ពស់ពិស និង​វិធី​ព្យាបាល​ប្រសិទ្ធភាព
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

បងប្អូន​អ្នក​ស្រែចម្ការ ស្គាល់​ប្រភេទ​ពស់ពិស និង​វិធី​ព្យាបាល​ប្រសិទ្ធភាព

បានផុស

នៅ

ពស់ចឹកនៅតែជាគ្រោះថ្នាក់មួយដែលគេជួបប្រទះជារឿយៗ ជាពិសេសនៅតំបន់ស្រែចម្ការខ្មែរយើងនិងជាពិសេសនៅពេលមានគ្រោះទឹកជំនន់ជនលិច។ ថ្វីបើដំបូងឡើយស្នាមខាំជារបួសតូចបន្តិចបន្តួច តែក្នុងករណីខ្លះវាអាចបណ្តាលជាជំងឺធ្ងន់ធ្ងរភ្លាមៗ និងអាចបណ្តាលឲ្យស្លាប់ផងក៏មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក) ប្រភេទពស់ពិស៖
ក្នុងចំណោមពស់ប្រមាណជិត ៦០ប្រភេទ ដែលគេស្គាល់ក្នុងប្រទេសកម្ពុជា ក្រុមអ្នកជំនាញខាងសត្វពស់បានសំគាល់ឃើញថា មានពស់ពិស១២ ប្រភេទ ជាមូលហេតុបង្ករឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។
ក្នុងនោះពស់៦ ប្រភេទដែលបង្ករគ្រោះថ្នាក់ញឹកញាប់ដោយសារវារស់នៅជិតៗភូមិដ្ឋានយើងមានៈ

  • ពស់វែកក្របី
  • ពស់វែកដំបូក
  • ពស់ហនុមាន
  • ពស់ក្រាយឬថ្នាំងអំពៅសខ្មៅ
  • ពស់បៃតង ២ប្រភេទទៀត
    មាន ៥ ប្រភេទទៀតវាច្រើនរស់នៅក្នុងព្រៃឆ្ងាយពីភូមិៈ
  • ពស់វែករនៀម
  • ពស់ពព្លាក់
  • ពស់ស្រកាចាស
  • ពស់ក្រាយ លឿងខ្មៅ
  • ពស់ក្រាយក្បាលក្រហម
    ពស់ទី១២ គឺពស់សមុទ្រ ដែលអាចបង្ករគ្រោះថ្នាក់ដល់អ្នកនេសាទសមុទ្រ។

ខ) រោគសញ្ញា និងការព្យាបាល៖
ជាការពិតថ្នាំបន្សាបពិសពស់មានប្រសិទ្ធភាពតែក្នុងករណីមានពិសពស់ចូលក្នុងខ្លួនមនុស្ស ហើយពិសនោះនៅមានសកម្មភាព។ មានសញ្ញា ឬ អាការៈមួយចំនួនដែលគ្រូពេទ្យតាមដានស្វែងរក ហើយវត្តមានរបស់វាតម្រូវឲ្យប្រើថ្នាំបន្សាបពិសភ្លាម ទោះដឹងថាវាអាចមានប្រតិកម្មកើតឡើងក្តី។

សញ្ញាទាំងនោះមានដូចជា៖

  • ស្រវាំងភ្នែក ងងឹតមុខ ធ្លាក់ត្របកភ្នែកដូចងងុយដេក
  • រឹងមុខមាត់ពិបាកនិយាយស្តី
  • ទន់ក ក្អួតចង្អោរ
  • មានអាការៈស្ហុក (ខ្សោយ ត្រជាក់ចុងដៃ ជើង ស្លេកស្លាំង ជីពចរញាប់ )
  • បែកញើសត្រជាក់ និងចេញទឹកមាត់នៅដំណាក់កាលដំបូងនៃប្រតិកម្មរបស់ពិស
  • ជើងដៃចេះតែកន្រ្តាក់តិចៗ
  • ពិបាកដកដង្ហើមជាសញ្ញាចុងក្រោយ ដែលត្រូវព្យាបាលជាបន្ទាន់។
    សញ្ញាផ្សេងទៀតដែលត្រូវប្រើថ្នាំជាបន្ទាន់ដែរមាន៖
  • កន្លែងដែលពស់ខាំ រាលដាល (ឡើងហើម ក្រហម ) លឿន
  • មានចេញពងទឹកដូចរលាកភ្លើង
  • មានចេញស្នាមជាំលើខ្លួន
  • ដំបៅហូរឈាមមិនឈប់
  • ឡេះឡះ រវើរវាយ សន្លឹមងងុយដេក
  • គ្មានទឹកនោម ជាដើម ។
    សញ្ញាខាងលើនេះសុទ្ធតែជាសញ្ញានៃអាការៈ ដែលធ្ងន់ធ្ងរអាចគ្រោះថ្នាក់ដល់ជីវិត ក៏ប៉ុន្តែថ្នាំបន្សាបពិសប្រើទាន់ពេលវេលាអាចជួយជីវិតបាន។
    ចំណុចមួយទៀតដែលជួយជីវិត គឺវិធីដែលអាចពន្យាពេលកុំឲ្យពិសចូលទៅក្នុងប្រព័ន្ធឈាមរត់លឿនពេក ក្នុងគោលបំណងនេះ ក្រោយត្រូវពស់ខាំភ្លាម គប្បីទប់អបអវៈយវៈដែលរងការខាំនោះឲ្យនៅហ្នឹង កុំឲ្យសាច់ដុំកន្ត្រាក់ខ្លាំង។
    ឧទាហរណ៏ៈ ប្រសិនបើជើងត្រូវពស់ខាំ ការខំប្រឹងរត់ឬដើរនឹងនាំឲ្យពិសកាន់តែឆាប់ចូលដល់ប្រព័ន្ធឈាមរត់ នឹងឆាប់ចេញរោគសញ្ញានៃពិស។ ក្នុងករណីនេះគេគប្បីរកអ្នកជួយគ្រាឬសែងទៅរកកន្លែងសង្គ្រោះឬមន្ទីរពេទ្យ។

សំគាល់៖ វិធីមួយចំនួនដែលធ្លាប់អនុវត្តពីមុនមកភាគច្រើនឲ្យគុណវិបត្តិជាងឲ្យផលប្រយោជន៏ដូចជាៈ

  • ការចងរឹតពីខាងលើរបួសៈ ភាគច្រើនវាអាចបណ្តាលឲ្យផ្នែកខាងក្រោមចំណងខ្វះឈាមទៅចិញ្ចឹមនិងត្រូវស្លាប់កោសិកាសាច់ដុំ ដែលជារឿយៗតម្រូវឲ្យកាត់ចោលដើម្បីសង្គ្រោះជីវិត។
  • ការវះបើកមុខកន្លែងស្នាមខាំក្នុងបំណងឲ្យពិសហូរចេញវិញ ជួនកាលបណ្តាលឲ្យហូរឈាមមិនឈប់និងបាត់បង់ឈាមជាច្រើន រហូតដល់សភាពស្ហុក។
  • ការបឺតជញ្ជក់កន្លែងខាំក៏មិនអាចបឺតយកពិសចេញបានដែរ។
  • កន្លែងមានរបួសជាទីដែលប្រព័ន្ធការពារលើស្បែកយើងត្រូវមានចន្លោះប្រហោងអាចឲ្យមេរោគផ្សេងៗចូលបានយ៉ាងងាយ ដូចនេះការដាក់បំពោកនូវវត្ថុផ្សេងៗ ឬថ្នាំដែលមិនស្អាតអាចបន្ថែមមេរោគនឹងធ្វើឲ្យដំបៅក្លាយ។

គ) ចំនុចគួរចងចាំ និងអនុវត្ត៖

  • ថ្នាំប្រឆាំងពិសពស់ជាឱសថដ៏សំខាន់ តែវាអាចបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរបានដែរ។
  • ថ្នាំពិសពស់មានផលប្រយោជន៏ និងប្រសិទ្ធភាពតែកាលណាមានពិសពស់ក្នុងខ្លួនជនរងគ្រោះ ជាពិសេសក្នុងរបត់ឈាម។
  • គ្រប់ករណីពស់ចឹកឬសង្ស័យថាពស់ចឹកមិនសុទ្ធតែចាំបាច់ត្រូវចាក់ថ្នាំបន្សាបពិសទេ។
  • បើមានពស់ខាំ មុនមកដល់មន្ទីរពេទ្យ គប្បីទប់អបអវៈយវៈដែលរងរបួសនោះកុំឲ្យវាមានចលនាខ្លាំង។
  • មិនត្រូវចងរឹតតឹងពីខាងលើ ឬ វះបង្ហូរឈាម ឬ បឺតឈាមទេ ព្រោះវានាំឲ្យខាតពេលនិងអាចមានគ្រោះថ្នាក់។
  • ប្រសិនបើប្រាកដជាពស់ខាំ ត្រូវប្រញាប់មកមន្ទីរពេទ្យដែលមាន ហើយអាចប្រើថ្នាំបន្សាបពិសដោយសុវត្ថិភាពបាន។
  • ក្នុងករណីមានសញ្ញាពិសក្នុងខ្លួនជនរងគ្រោះ ក្រុមគ្រូពេទ្យនឹងវិនិច្ឆ័យប្រភេទក្រុមពស់ដែលបង្ករហេតុ ដើម្បីត្រូវប្រើថ្នាំបន្សាបឲ្យត្រូវនឹងក្រុមពស់។ ក្រោយកំណត់បានហើយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត នឹងរៀបចំត្រៀមមធ្យោបាយសម្រាប់ព្យាបាលករណីមានប្រតិកម្មជាយថាហេតុ និងប្រើប្រាស់ថ្នាំបន្សាបពិស ដោយចាក់តាមសរសៃវ៉ែនផ្ទាល់ឬលាយជាមួយសេរ៉ូម។ ជួនកាលគ្រូពេទ្យត្រូវប្រើប្រាស់មធ្យោបាយផ្សេងៗទៀត ដូចជាម៉ាស៊ីនដកដង្ហើម អុកស៊ីហ្សែន ថ្នាំជំនួយបេះដូង ឬការប្រើផលិតផលឈាម ឬការបង្រប់ជាតិទឹក ជាដើមរួមផ្សំជាមួយ រហូតដល់ថ្នាំព្យាបាលពិសមានប្រសិទ្ធភាព និងដើម្បីជួយជីវិតបាន៕

អត្ថបទ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services