ព័ត៌មានជាតិ
សម្ដេចនាយករដ្ឋមន្ត្រី ថា នគរបាលបានបំពេញភារកិច្ចយ៉ាងអង់អាចក្លាហានជាមួយរាជរដ្ឋាភិបាល
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារអបអរសាទរចំពោះកងកម្លាំងនគរបាលជាតិ ក្នុងខួបអនុស្សាវរីយ៍លើកទី៧៩ នៃថ្ងៃកំណើតនគរបាលជាតិកម្ពុជា ដោយសម្ដេចធិបតី លើកឡើងថា នគរបាលជាតិកម្ពុជា បានបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងអង់អាចក្លាហានជាមួយរាជរដ្ឋាភិបាលគ្រប់កាលៈទេសៈ។

តាមខ្លឹមសារនៃសារលិខិតផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំឭកខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៦ ឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតី បានលើកឡើងដូច្នេះថា៖ «ជាច្រើនឆ្នាំកន្លងមកនេះ កងកម្លាំងនគរបាលជាតិកម្ពុជា បានបំពេញតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងអង់អាចក្លាហាន មោះមុត និងឈ្លាសវៃបំផុត ដោយបានរួមដំណើរជាមួយរាជរដ្ឋាភិបាលគ្រប់កាលៈទេសៈ និងគ្រប់ស្ថានការណ៍ដើម្បីស្តារ ការពារ និងកសាងប្រទេសជាតិចាប់ពីបាតដៃទទេ រហូតមានការអភិវឌ្ឍដូចបច្ចុប្បន្ន ជាពិសេសការបង្កើតបានបរិយាកាសសង្គម ប្រកបដោយសុវត្ថិភាព មានភាពកក់ក្តៅ និងមានជំនឿទុកចិត្ត»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គូសបញ្ជាក់ថា គុណតម្លៃដែលមិនអាចកាត់ថ្លៃបាននោះ គឺការធ្វើពលិកម្មប្រកបដោយភក្តីភាពរបស់កងកម្លាំងនគរបាលជាតិក្នុងកិច្ចការពារឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ការរក្សាបានស្ថិរភាពសន្តិសុខផ្ទៃក្នុង ការបង្ការទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។ ព្រមជាមួយគ្នានេះ ការធានាបានប្រក្រតីកម្មស្ថាប័នជាតិ ជីវភាពសង្គម និងគ្រប់គោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ព្រះរាជបេសកកម្មរបស់អង្គព្រះមហាក្សត្រ បេសកកម្មរបស់ឥស្សរជនជាន់ខ្ពស់ជាតិ-អន្តរជាតិ ក៏ដូចជាព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗជាប្រវត្តិសាស្ត្រ ដែលរៀបចំនៅកម្ពុជា ត្រូវបានដំណើរការប្រកបដោយសុវត្ថិភាព ទាំងស្រុង ដោយបានលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ ឱ្យល្បីរន្ទឺនៅលើឆាកអន្តរជាតិ។
ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចធិបតី បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងអស់ ព្រមទាំងថ្លែងអំណរគុណ និងលើកទឹកចិត្តដល់កម្លាំងនគរបាលជាតិទាំងអស់ឱ្យខិតខំបន្តស្មារតីតស៊ូ យកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពជំនាញបច្ចេកទេស និងគុណភាពប្រតិបត្តិការ ដើម្បីបុព្វហេតុសន្តិសុខ ដែលជាបុរេលក្ខណៈមិនអាចខ្វះបានសម្រាប់អភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។

តែយ៉ាងណាក៏ដោយ សម្ដេចធិបតី បញ្ជាក់ថា ក្នុងបរិបទនៃសភាពការណ៍ពិភពលោកកំពុងតែបន្តវិវត្តប្រែប្រួល ពិសេសចំពោះសភាពការណ៍ផ្ទៃក្នុងប្រទេស ថ្វីត្បិតតែកំពុងបន្តរីករាយទទួលផលពីសុខសន្តិភាព ក៏ប៉ុន្តែការធានាស្ថិរភាពសន្តិសុខ និងសុវត្ថិភាពសង្គមដែលជាបរិស្ថានគ្រប់ដណ្តប់នៃយុទ្ធសាស្ត្របញ្ចកោណ គឺជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដែលមន្ត្រីនគរបាលគ្រប់លំដាប់ថ្នាក់ ត្រូវទទួលរ៉ាប់រងក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
សម្ដេចនាយករដ្ឋមន្ត្រី សង្ឃឹម និងជឿជាក់យ៉ាងមុតមាំចំពោះសមត្ថភាព មនសិកាស្នេហាជាតិ មាតុភូមិ និងភក្តីភាពរបស់កងកម្លាំងនគរបាលជាតិ និងសម្តែងការពេញចិត្ត បន្តជួយឧបត្ថម្ភ គាំទ្រ ទាំងស្មារតី និងសម្ភារៈដល់កងកម្លាំងនគរបាលជាតិ ឱ្យបានស័ក្តិសមជាកម្លាំងអនុវត្តច្បាប់ប្រកបដោយគុណភាព សមត្ថភាព ប្រសិទ្ធភាព និងមានភាពថ្លៃថ្នូរ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


