Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ប្រាប់ទូតឆែក ថា ព្រឹទ្ធសភាកម្ពុជា ត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយភាគីឆែក

បានផុស

នៅ

ព្រឹទ្ធសភាកម្ពុជា បានត្រៀមខ្លួនជាស្រេច ​ដើម្បីធ្វើការជាមួយភាគីឆែក ក្នុងគោលបំណងពង្រឹងនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។ នេះជាការគូសបញ្ជាក់របស់សម្ដេចតេជោ ទៅកាន់លោកឯកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានសម្ដែងក្ដីរីករាយដែលបានជួបលោក Martin Vavra ឯកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា ក្នុងតួនាទីថ្មីរបស់សម្ដេច ជាប្រធានព្រឹទ្ធសភានៅពេលនេះ។ សម្ដេចតេជោ សង្ឃឹមថា លោកឯកអគ្គរដ្ឋទូត នឹងបន្តខិតខំដើម្បីឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំបន្ថែមទៀត។

សម្ដេចតេជោ បានប្រាប់លោកឯកអគ្គរដ្ឋទូតឆែក ថា ក្នុងតួនាទីជាប្រធានព្រឹទ្ធសភា សម្ដេចបានកំណត់លើកស្ទួយលើ ការទូតសភាជាអាទិភាពមួយរបស់ព្រឹទ្ធសភាកម្ពុជា ក្នុងអាណត្តិថ្មីនេះ ដោយមានតួនាទីសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងអន្តរជាតិរបស់កម្ពុជា។ ក្នុងស្មារតីនេះ សម្ដេចតេជោ បញ្ជាក់ថា ព្រឹទ្ធសភាបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយឯកអគ្គរដ្ឋទូតឆែក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត។

ទាក់ទងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងឆែក សម្ដេចតេជោ បានសម្ដែងការពេញចិត្ត ដោយចាប់តាំងពីឆ្នាំ១៩៧៩ ជាហូរហែមក ទោះបីប្រទេសឆេកូស្លូវ៉ាគី ត្រូវបានបែងចែកជាពីរ ហើយស្ថានភាពនយោបាយកម្ពុជាមានភាពប្រែប្រួលយ៉ាង ណាក្ដី ក៏ទំនាក់ទំនងប្រទេសទាំងពីរនៅតែបន្ត។ សម្ដេចតេជោ លើកឡើងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងសម្ដេចជាមួយ នឹងមេដឹកនាំឆែកជាបន្តបន្ទាប់។  

ពាក់ព័ន្ធនឹងការលើកស្ទូយការទូតសភានេះ លោកឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្ដេចតេជោ ថា លោកនឹងខិតខំប្រឹងប្រែងសម្របសម្រួលឱ្យគណៈប្រតិភូសភាឆែក មកបំពេញទស្សនៈកិច្ចនៅកម្ពុជា ក្នុងចុងឆ្នាំនេះ ពីព្រោះថា គណៈប្រតិភូសភាឆែក គឺមានបំណងនឹងមកបំពេញទស្សនៈកិច្ចនៅកម្ពុជាផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម