ផ្សារព្រំដែនកម្ពុជាព្រែកចាកកំពុងចាប់ផ្តើមសាងសង់ ហើយគ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២២ខាងមុខ។
តាមអ្នកជំនាញថា ផ្សារនេះមានសក្ដានុពលខ្លាំង ទី១ដើម្បីអនុវត្តតាមកិច្ចព្រមព្រៀងទ្វេរភាគីផង និងទី២ ដើម្បីសម្រួលពលរដ្ឋឲ្យកាន់តែមានលទ្ធភាពរកស៊ីដោះដូរទំនិញផង ព្រោះក្រោយពេលដាក់ដំណើរការផ្សារព្រំដែនកម្ពុជាព្រែកចាក ជាកន្លែងដោះដូរ និងតាំងលក់ទំនិញរវាងបីប្រទេសរួមគ្នា។
នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានអមដំណើរ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីចុះពិនិត្យទីតាំង សាងសង់ផ្សារព្រំដែនកម្ពុជាព្រែកចាក ស្ថិតក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។
ប្រធានសភាពាណិជ្ជកម្មខេត្តកំពត កែប លោកឧកញ៉ា ហាក់ វណ្ណា បានប្រាប់ឲ្យដឹងថា ផ្សារព្រំដែនកម្ពុជាព្រែកចាកសាងសង់លើផ្ទៃដី២ហិកតា ខណៈដែលផ្ទៃដីគម្រោងអភិវឌ្ឍន៍សរុបមានទំហំ៥០ ហិកតា។ គម្រោងនេះប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលប្រមាណ២លានដុល្លារ ជាគម្រោងអទិភាពទី២ ក្នុងចំណោមខេត្តជាប់ព្រំដែនវៀតណាម បន្ទាប់ពីផ្សារគំរូព្រំដែនកម្ពុជាខេត្តត្បូងឃ្មុំ។តាមការរំពឹងទុកផ្សារព្រំដែនកម្ពុជាព្រែកចាក នឹងសាងសង់រួចនៅដើមឆ្នាំ២០២២ ។
លោកឧកញ៉ាបានបន្ថែមថា ក្រោយសាងសង់រួចរាល់ដាក់ឲ្យដំណើរការផ្សារនេះប្រើប្រាស់ជាកន្លែងដោះដូរ និងតាំងលក់ទំនិញបីប្រទេសរួមគ្នា គឺកម្ពុជា វៀតណាម និងថៃ។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានស្នើដល់ឯកឧត្តមអភិបាលខេត្ត ដូចអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ជួយសម្រួល និងសហការឲ្យបានល្អ ជាមួយនឹងក្រុមហ៊ុនសាងសង់ ដើម្បីធ្វើយ៉ាងណាពន្លឿនគម្រោងសាងសង់នេះ ឲ្យសម្រេចលទ្ធផលជោគជ័យឆាប់រហ័សតាមគោលការណ៍របស់សម្ដេចតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាល។
ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតបានសំដែងការអបអរគាំទ្រ សហការ នឹងសង្ឃឹមថា បន្ទាប់ពីកសាងផ្សាររួចរាល់ នឹងអាចធ្វើឱ្យការដោះដូរទំនិញតាមព្រំដែនមានលក្ខណៈកាន់តែល្អប្រសើរថែមទៀត ពិសេសធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ៕
អត្ថបទ ៖ សេង ណារិទ្ធ