Connect with us

ព័ត៌មានជាតិ

តំណាងសហជីពធំៗនៅកម្ពុជា ប្រមូលគ្នាហែញត្តិថ្កោលទោសចំពោះរបាយការណ៍របស់សង់ត្រាល់

បានផុស

នៅ

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ បណ្ដាញសហព័ន្ធសហជីព សមាគម នៃសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ប្រមាណ១០០នាក់បានប្រមូលផ្តុំគ្នាដើម្បីដាក់ញត្តិថ្កោលទោសចំពោះរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសហជីពក្នុងប្រទេសកម្ពុជា របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ «សង់ត្រាល់»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការថ្លែងឱ្យដឹងដោយលោក ហ៊ុយ សម្បត្តិ ប្រធានសហព័ន្ធសហជីពដើម្បីកម្មករកម្ពុជា ការដាក់ញត្តិនេះ ដោយសារក្ដីព្រួយបារម្ភអំពីផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចគ្រួសាររបស់កម្មករនិយោជិត និងស្ថិរភាពការងារនៅតាមរោងចក្រ សហគ្រាស ដែលបណ្តាលមកពីសកម្មភាពរបស់អង្គការសង់ត្រាល់។ លោក ហ៊ុយ សម្បត្តិ បានបញ្ជាក់ថា សង់ត្រាល់ កំពុងរំលោភបំពាន និងជ្រៀតជ្រែកលើកិច្ចការរបស់អង្គការវិជ្ជាជីវៈ (សហជីព) ខណៈសង់ត្រាល់ មិនមែនជាអង្គការវិជ្ជាជីវៈ តំណាងឱ្យកម្មករនិយោជិកឡើយ។

ចំពោះរបាយការណ៍ដែលចេញផ្សាយដោយសង់ត្រាល់ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ ស្តីពីស្ថានភាពសេរីភាពសហជីពនៅកម្ពុជា ត្រូវបានតំណាងសហព័ន្ធសហជីពដើម្បីកម្មករកម្ពុជា ចាត់ទុកថា មិនឆ្លុះបញ្ចាំងទិដ្ឋភាពទូទៅជាក់ស្ដែងនៅកម្ពុជាឡើយ។ លោក បញ្ជាក់ថា គ្រាន់តែចុះស្រង់មតិរបស់សហជីពប្រមាណ១៤ ហើយវាយតម្លៃជារួមអំពីសិទ្ធិសេរីភាពសហជីពនៅកម្ពុជា គឺមិនមែនត្រឹមត្រូវឡើយ។ ផ្ទុយទៅវិញ វិស័យការងារ និងសេរីភាពសហជីពនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ ហើយត្រូវបានបើកទូលាយ ដែលបច្ចុប្បន្នមានរហូតដល់ជិត៦ពាន់ឯណោះ។

លើសពីនេះ កម្មករនិយោជិតទាំងអស់ ក៏ទទួលបានលក្ខខណ្ឌការងារកាន់តែប្រសើរ និងសមរម្យទាំងប្រាក់ឈ្នួល និងលក្ខខណ្ឌផ្សេងៗ។ ផ្ទុយពីរបាយការណ៍របស់អង្គការសង់ត្រាល់ គឺគ្មានមូលដ្ឋានដែលមិនអាចទទួលយកបានឡើយ។

បណ្ដាសហព័ន្ធសហជីព ចាត់ទុកថា សកម្មភាពរបស់អង្គការសង់ត្រាល់ កន្លងមក មានភាពលម្អៀង រើសអើង មិនយុត្តិធម៌ មិនស្មើភាព តែងតែរំលោភបំពានជ្រៀតជ្រែកលើកិច្ចការជំនាញរបស់អង្គការវិជ្ជាជីវៈ (សហជីព) ហើយអង្គការសង់ត្រាល់ មិនដែលលើកឡើងភាពវិជ្ជមានរបស់កម្ពុជាលើឆាកអន្តរជាតិទេ។ មិនតែប៉ុណ្ណោះ ធ្វើឱ្យអន្តរជាតិមានការយល់ច្រលំមកលើប្រទេសកម្ពុជា។

បណ្ដាសហព័ន្ធសហជីព បានលើកឡើងអំពីការខិតខំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានធ្វើដំណើរទៅកាន់ប្រទេសជាច្រើនក្នុងពិភពលោក ដើម្បីបង្ហាញអំពីសក្តានុពលរបស់កម្ពុជា ទាក់ទាញអ្នកវិនិយោគទុន។ ទន្ទឹមនេះ ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ដែលដឹកនាំដោយលោករដ្ឋមន្ត្រី ហេង សួរ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងកសាង ទំនាក់ទំនងវិជ្ជាជីវៈជាមួយវិនិយោគទុនទាំងអស់ដែលមកវិនិយោគទុននៅកម្ពុជា ដើម្បីបង្កើតឱកាសការងារជូនប្រជាពលរដ្ឋខ្មែរឱ្យបានច្រើន និងគ្រប់ទីកន្លែង។ មិនតែប៉ុណ្ណោះ ក្រសួងការងារ បានបង្កើតសាលាបណ្តុះបណ្តាលជំនាញដល់សិស្សនិស្សិត កម្មករនិយោជិតក្នុង និងក្រៅប្រព័ន្ធ ដើម្បីទទួលបាននូវជំនាញមួយច្បាស់លាស់ អាចទទួលបានការងារល្អៗ មានប្រាក់ខែល្អប្រសើរជាមុនបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម