Connect with us

ព័ត៌មានជាតិ

សរុប​សាច់រឿង ​ប្លន់ជំរិត​លុយ ១​ លានដុល្លារ ចុងក្រោយម្តាយ​​ត្រឹម​រើស​ឆ្អឹង​សព​កូន​យកទៅ​​ស្រុកវិញ

បានផុស

នៅ

ស្នូរ​កាំភ្លើង​បាញ់​តបត​គ្នា​ជាង​មួយ​ម៉ោង​បាន​ស្ងាត់​ទៅវិញ ដោយ​បន្សល់​សព​ឧក្រិដ្ឋជន ០៤ នាក់​ស្លាប់​រណូករណែល​ស្រោច​ដោយ​ឈាម​ពេញ​ខ្លួន។

​ក្រុម​ឧក្រិដ្ឋនជន ដែល​មាន​បំណង​ចូល​ប្លន់ និង​ចាប់​ជំរិត​គ្រួសារ​អភិជន​ដែល​រស់នៅបុរីអង្គរភ្នំពេញ​បាន​បរាជ័យ ដោយសារ​មុខ​សញ្ញា​ត្រូវ​សមត្ថកិច្ច​ក្តាប់​ជាប់​បន្ទាប់​ពី​បាន​តម្រុយ​ពី​​បក្សពួកជនល្មើស។

មាន​តម្រុយ​អី​ខ្លះ​មុន​ពេល​កើត​ហេតុ?

ឧក្រិដ្ឋជន​ជាមេខ្លោង​ជាអតីតអ្នក​បើកឡាន​ឱ្យ​គ្រួសារជនរងគ្រោះ និង​ជា​អ្នករៀបចំផែនការ​ប្លន់​ថៅកែ​របស់​ខ្លួន។ ផែន​ការ​ប្លន់ប្រដាប់អាវុធ​នេះ បាន​បែកធ្លាយ​ដល់​ដៃសមត្ថកិច្ច ដោយ​សារ​​​បក្សពួកជនល្មើស​ម្នាក់ បានរាយការអំពី​ផែន​ការ​ឧក្រិដ្ឋកម្មនេះ ខណៈ​ជននេះ​​ត្រូវបានអូសទាញឱ្យ​ចូលរួមជាមួយ។ ដោយទទួល​បាន​តម្រុយពីដៃជើងជនល្មើស ទើប​សមត្ថកិច្ច​បាន​ត្រៀម​លក្ខណៈជាមុន រង់ចាំមុខ​សញ្ញា​មក​ដល់​នឹងចាត់ការ​តែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រហូតដល់​វេលា​ម៉ោង​១១​និង​០០​នាទី ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១ ឧក្រិដ្ឋជន​ទាំង​០៤​នាក់ បាន​ចូល​មក​ប្លន់​ដូច​គម្រោង​ពិត​មែន ក៏​ប៉ះ​គ្នា​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញជាង​មួយ​ម៉ោង បណ្តាល​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​ទាំង​០៤​នាក់ ស្លាប់​នៅនឹងកន្លែង​។

ជនល្មើសជា​នរណា?

សមត្ថកិច្ចបានកំណត់អត្តសញ្ញាណមេផ្តើមគំនិតរៀបចំផែនការ ប្លន់ជំរិតទារប្រាក់មានឈ្មោះ អុឹម សុវណ្ណ​រិ​ទ្ធ អាយុ​២១​ឆ្នាំ។ ​លើ​បណ្តាញសង្គមត្រូវ​បាន​គេផ្សព្វផ្សាយ​ថា​​មាន​​តួនាទី​ជា​​មន្រ្តីនៅអង្គភាព​​អគ្គបញ្ជាការដ្ឋាន​​អង្គរក្ស។ តែ​​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជាការដ្ឋាន​អង្គរក្ស បានចេញមកច្រានចោលទាំងស្រុង​ឈ្មោះ អុឹម សុវណ្ណារិទ្ធ ជាមន្ដ្រីរបស់បញ្ជាការដ្ឋានអង្គរក្ស។

មេខ្លោង អ៉ឹម សុវណ្ណារិទ្ធ

នាយ​ឧត្តម​សេនីយរូបនេះ​លើកឡើងថា​ ​មិនមែនជា​ការពិត​នោះទេ ហើយ​ជនល្មើស​​មិនមាន​ឈ្មោះ​នៅក្នុង​បញ្ជី​អង្គរក្ស​ក្នុង​អង្គភាព​របស់​លោក​នោះ​ទេ​។​

ក្រៅ​ពី​មេខ្លោងធំ សមត្ថកិច្ច​បង្ហាញ​អត្តសញ្ញាជនល្មើស​ ៣ នាក់​ទៀត ទីមួយឈ្មោះ ​រី ពីសី អាយុ​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១២៨ ផ្លូវលំ ភូមិ​ព្រែក​រង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល។ ទី២ ឈ្មោះម៉ូវ សុផានិត អាយុ ២១ ឆ្នាំ និង​ជនល្មើសទី ៣ ឈ្មោះរ៉ន ភារុណ អាយុ ២១ ឆ្នាំ។

ការៀបចំផែនការប្លន់

​ឈ្មោះ អុឹម សុវណ្ណារិទ្ធ ដែលជា​មេខ្លោងធំ​គ្រោង​ធ្វើ​សកម្មភាព​​តាំង​ពី​​​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ តែ​ដោយ​​សារប្រមូលគ្នី​គ្នា​មិនទាន់​ជុំ និង​រក​អាវុធ​មិនទាន់​គ្រប់ ក៏បាន​លើក​គំរោង​ទៅ​ថ្ងៃទី​២៦ ខែកុម្ភៈ។ ​នៅ​ថ្ងៃទី​២៦​នេះ​ ក៏​មិនអាច​អនុវត្ត​ផែនការ​ទាន់ ​ក៏​លើក​គំរោង​ទៅ​ថ្ងៃ ទី​២៧​វិញ តែ​ដោយ​ថ្ងៃទី​២៧​នេះ​ជា​ថ្ងៃ​សៅរ៍ ខ្លាច​ចូល​ធនាគារ​ដក​លុយ​មិនបាន ក៏​លើក​មក​ថ្ងៃ​១ ខែមីនា ជា​ថ្ងៃ​កើតហេតុ​តែម្តង។

តាម​ផែនការ​ដែល​​ដាក់ចេញ ដំបូង​គឺ​ប្រមូល​គ្នីគ្នា​ចូល​ទៅ​ក្នុងផ្ទះ ដោយ​គំរាមជនរងគ្រោះ​​ឲ្យ​សរសេរ​សែក​សាច់ប្រាក់​១​លាន​ដុល្លារ បន្ទាប់មក​នឹង​ចាប់​កូនស្រី​តូច របស់​ម្ចាស់ផ្ទះ​ម្នាក់​ឡើង​ឡាន ទៅ​ធនាគារ ដោយ​ឲ្យ​គ្នា​វា​ចុះ​ដក​លុយ និង​គំរាម​ឲ្យ​ម្ចាស់ផ្ទះ​ចាំ​ឆ្លើយ​ទូរសព្ទ​ជាមួយ​បុគ្គលិក​ធនាគារ ឲ្យ​ពួកវា​ដក​លុយ​ចុះ​។

ផែនការ​បន្ទាប់ ក្រោយពី​ដក​លុយ​បាន ពួកវា​នឹង​សម្លាប់​ម្ចាស់ផ្ទះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ ព្រមទាំង​កូនៗ​០៦​នាក់ និង​អ្នកបម្រើ​០២​នាក់ សរុប​១០​នាក់ ប្លន់​យកលុយ​និង​គ្រឿងអលង្ការ​ដែលមាន​ក្នុង​ទូ​ដែក​ទាំងអស់ បន្ទាប់មក​វេច​ខ្ចប់​សាកសព​ដាក់​ចូល​ឡាន​ម្ចាស់ផ្ទះ​០២​គ្រឿង ហើយ​បើក​យក​សព​ទៅ​បោះចោល​នៅ​ពេជ្រនិល​។ រីឯ​អ្នក​ចូល​ធនាគារ​ដក​លុយ ត្រូវ​គេចខ្លួន​ទៅ​ប្រទេស​ថៃ ឯ​អ្នក​ដទៃ​គឺ​មិនបាច់​រត់​ទៅណា​ទេ​។ គម្រោង​របស់​មេក្លោង ក្រោយពេល​ប្លន់​បានសម្រេច នឹង​ទិញ​ឡាន Lexus Kuro 570 មួយ​គ្រឿង រួច​ដណ្តឹងប្រពន្ធ​រៀបការ​។

មុន​ប៉ុន្មាន​ថ្ងៃ មេខ្លោង​បាន​បង្ហាញ​តម្រុយ​លើ​គណនីរបស់​ខ្លួន

មុនរៀបចំ​ផែនការ​ប្លន់ដ៏កក្រើក នៅលើ​គណនីជនល្មើស​​ឈ្មោះ Sovanna Rith បាន​បង្ហោះ​សារ​ដោយ​សរសេរ​ “សង្ឃឹម​ថាជោគជ័យនៅ​ចុងខែ​២ នេះ​ចុះ”។ ក្នុង​នោះ​ជនល្មើស​ក៏​បង្ហាញ​ពី​បំណង​ចង់​បាន​ទិញ​រថយន្ត​ថ្មី 570 Kuro

ស្ថានភាព​ជនរងគ្រោះមកដល់ពេលនេះ

ជនរងគ្រោះក្នុងហេតុការណ៍មាន​ឈ្មោះ ម៉ៅ ហួរ អាយុ ៥៨ឆ្នាំ ជាអតីតប្រធានសាខាអគ្គីសនី ខេត្តកំពង់ចាម និងជាពាណិជ្ជករមួយរូប ដែលមានទ្រព្យស្ដុកស្ដម្ភ ជំនួញ ដេញថ្លៃផ្គត់ផ្គង់ អគ្គីសនីនៅតាមបណ្ដាខេត្តមួយចំនួន។

ក្នុង​ហេតុការណ៍មាន​ជនរងគ្រោះរួម​ទាំង​សមាជិក និង​កូនឈ្នួល​បម្រើ​ជិត ១០ នាក់ មាន​សុវត្ថិភាព មិនមាន​​គ្រោះថ្នាក់​អ្វី​នោះទេ។

ជនល្មើស​បន្សល់​ទុក​អី​ខ្លះ ក្រោយ​កើតហេតុ

នៅ​ទីកន្លែង​កើត​ហេតុក្រុម​ឧក្រិដ្ឋជន បាន​បន្សល់​​កាំភ្លើង​វែង AK ០១​ដើម និង​កាំភ្លើងខ្លី​០២​ដើម​។​ ក៏​​បង្ក​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​មួយចំនួន មាន​ដូចជា​រថយន្ត និង​ផ្ទះជង​រង​គ្រោះ ត្រូវ​រងការបាញ់​ទម្លុះ​ដោយ​គ្រាប់​កាំភ្លើង។

ការវិវឌ្ឍចុងក្រោយ

សាកសព​ឧក្រិដ្ឋជនទាំង ០៤ នាក់ ត្រូវ​យកទៅ​បូជា​នៅ​វត្តទឹកថ្លា​នៅ​ថ្ងៃ ០២ មីនា ២០២១។ ក្នុង​ចំណោម​សពឧក្រិដ្ឋជនទាំង ០៤ មាន​សាច់ញាតិជនល្មើស​ ៣ នាក់ បាន​មកធ្វើ​បុណ្យលើកលែងតែ​មេខ្លោង ដែល​គិត​ត្រឹម​រសៀល​ថ្ងៃ ២ កុម្ភៈ មិនមានសាច់ញាតិ​ណា​មក​ចូលរួម​ពិធីបុណ្យ​នោះទេ។

លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បានសម្រេច​ឧបត្ថម្ភ​ថវិកា​ចំនួន​២០​លាន​រៀល​ដល់​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បាន​បើក​ប្រតិបត្តិការ បង្ក្រាប​ក្រុមចោរប្លន់ និង​ជំរិត​បាន​ជោគជ័យ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម