ព័ត៌មានជាតិ
សម្ដេចតេជោ ប្រាប់ទូតចិនថា កម្ពុជាប្ដូរនាយករដ្ឋមន្ត្រីថ្មី តែមិនប្ដូរជំហរជាមួយចិនឡើយ
«ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចនឹងស្ថិតនៅយូរអង្វែង ហើយបើទោះបីជាមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីក៏ដោយ ក៏ជំហររបស់កម្ពុជាជាមួយមិត្តចិន ពុំមានការផ្លាស់ប្ដូរនោះទេ»។ នេះជាការគូសបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ប្រាប់ទៅកាន់លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលទើបចូលកាន់តំណែងថ្មី ក្នុងជំនួបសម្ដែងការគួរសមនៅព្រឹកថ្ងៃទី១៨ ខែកក្កដា នៅវិមានព្រឹទ្ធសភា។

តាមរយៈឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យចិនបន្តការគាំទ្រកម្ពុជាជាបន្តទៀតលើការអភិវឌ្ឍគ្រប់វិស័យ។ សម្តេចតេជោ ក៏បានរំលឹកពីជំហររបស់កម្ពុជាក្នុងការប្រកាន់ខ្ជាប់នូវ “នយោបាយចិនតែមួយ” ហើយចាត់ទុកបញ្ហាហុងកុង ចិនតៃវ៉ាន់ ទីបេ និងស៊ីនជាំងជាបញ្ហាផ្ទៃក្នុងរបស់ចិន។
ក្នុងជំនួបនេះ សម្តេចតេជោ ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់មិនអាចខ្វះបាននៃទំនុកចិត្តនិងការគោរពឱ្យតម្លៃគ្នាទៅវិញទៅមក ក្នុងការវិវត្តនៃទំនាក់ទំនងរវាងកម្ពុជា-ចិន ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនារួម។

សម្ដេចតេជោ អះអាងប្រាប់ទូតចិនថ្មីទៀតថា កម្ពុជាបានរក្សាចំណងមិត្តភាពជាប្រពៃណីដ៏ល្អនេះតាំងពីថ្នាក់ដឹកនាំជំនាន់មុន ហើយថ្នាក់ថ្នមថែរក្សាទំនាក់ទំនងនេះឱ្យមានភាពរឹងមាំជារៀងរហូតមក។ សម្ដេចតេជោបានចាត់ទុកថា ទំនាក់ទំនងជាប្រវត្តិសាស្ត្រ រវាងប្រទេសទាំងពីរ តម្រូវឱ្យប្រទេសទាំងពីរនៅតែជាដៃគូដ៏ស្មោះត្រង់ជាមួយគ្នា។
នៅចំពោះមុខសម្ដេចតេជោ លោក Wang Wenbin បេ្តជ្ញាថា ក្នុងអាណត្តិការទូតរបស់លោកនៅកម្ពុជា លោក នឹងពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ច-សង្គម, សន្តិសុខ-យោធា, និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។ ឆ្លៀតក្នុងឱកាសនៃជំនួបនេះផងដែរ លោកឯកអគ្គរដ្ឋទូត ក៏បានគោរពអញ្ជើញ សម្តេច ដើម្បីទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងពេលវេលាសមស្របណាមួយនាពេលខាងមុខ។

គួរជម្រាបថា លោក Wang Wenbin គឺត្រូវបានរដ្ឋាភិបាលចិនតែងតាំងជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជំនួសលោក វ៉ាង វិនធាន ដែលចប់អាណត្តិការងារ។ លោក Wang Wenbin មកដល់កម្ពុជាកាលពីថ្ងៃទី០៥ ខែកក្កដា ដើម្បីត្រៀមបំពេញការងារជាឯកអគ្គរដ្ឋទូត ជំនួសលោក វ៉ាង វិនធាន។ ដាក់ជើងជាន់ដីកម្ពុជា នៅម៉ោងជិត១១យប់ លោក Wang Wenbin ក៏បានថ្លែងសារស្វាគមន៍ភ្លាមៗទៅកាន់អ្នកសារព័ត៌មាន នៅទីតាំងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ថ្លែងសារស្វាគមន៍រយៈប្រមាណ៥នាទី កាលណោះ លោក វ៉ាង វិនប៊ីន ឆ្លៀតប្រកាសពីប្ដេជ្ញាចិត្តថា រូបលោកនឹងប្រឹងប្រែងយ៉ាងឥតឈប់ឈរ ដើម្បីឱ្យទំនាក់់ទំនងចិន និងកម្ពុជា កាន់តែស៊ីជម្រៅបន្ថែម និងរុញច្រានឱ្យខ្លាំងការកសាងសហគមន៍ជោគវាសនារួមរវាង ចិន និងកម្ពុជា ដើម្បីផ្ដល់ជាប្រយោជន៍រួម។
តាមរយៈអ្នកបកប្រែជាភាសាខ្មែរ លោក Wang Wenbin ថ្លែងដូច្នេះ«ខ្ញុំនឹងសហការជាមួយមិត្តភក្ដិមកពីគ្រប់មជ្ឈដ្ឋានរវាងចិន និងកម្ពុជា ដើម្បីបង្កើនមរតកនៃចំណងមិត្តភាពរវាងចិន និងកម្ពុជា។ អនុវត្តន៍យ៉ាងខ្ជាប់ខ្ជួនក្នុងកុងសង់ស៊ីសសំខាន់ៗ ដែលសម្រេចបានដោយថ្នាក់ដឹកនាំប្រទេសទាំងពីរ ខិតខំប្រឹងឥតឈប់ឈរ ដើម្បីធ្វើឱ្យកានតែស៊ីជម្រៅនៃទំនាក់ទំនងរវាងចិន និងកម្ពុជា ដើម្បីជំរុញការកសាងសហគមន៍ជោគវាសនារួមរវាងចិន និងកម្ពុជា ក្នុងយុគសម័យនេះ ឱ្យទទួលបានសមិទ្ធផលជាផ្លែផ្កាហើយបានកាន់តែច្រើន ហើយផ្ដល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ»។

ជាការកត់សម្គាល់ រយៈពេលជិត២សប្ដាហ៍ ដែលលោក វ៉ាង វិនប៊ីន បានមកដល់កម្ពុជា លោកផ្ដើមកិច្ចការងារមួយចំនួនដូចជា បានចូលរួមក្នុងពិធីពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធផ្លាកឈ្មោះមហាវិថីស៊ីជីនពីង និងមុនជួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៨ ខែកក្កដា នេះ, លោក វ៉ាង វិនប៊ីន បានចូលក្រាបបង្គំគាល់ព្រះមហាក្សត្រកម្ពុជា ដើម្បីថ្វាយសារតាំងនៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤៕

ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


