Connect with us

ព័ត៌មានជាតិ

ផែនការ​ខ្មៅ​កខ្វក់ ៩ វិច្ឆិកា គឺជា​ផែន​ការធ្វើ​រដ្ឋប្រហារ ដែលជា​បទល្មើស​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ !

បានផុស

នៅ

​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា តាមរយៈ​អ្នកនាំពាក្យ នៅ​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០២១​នេះ បាន​សេចក្តីថ្លែងការណ៍​មួយ ដើម្បី​បំភ្លឺ​ជូន​សាធារណជន​ទាំងអស់​អំពី​ស្ថានភាព​សិទ្ធិមនុស្ស និង​ការអនុវត្ត​ច្បាប់​នៅក្នុង​ករណី​សំណុំរឿង ៩ វិច្ឆិកា និង​ដើម្បី​ឆ្លើយតប​ទៅនឹង​ការរិះគន់ និង​ចោទប្រកាន់​ដោយ​លំអៀង និង​គ្មាន​មូលដ្ឋាន របស់​ក្រុម​ដែលមាន​និន្នាការ​នយោបាយ​ប្រឆាំង​រដ្ឋាភិបាល​។​

បើតាម​អ្នកនាំពាក្យ ប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅតែ​បើកទូលាយ​ជានិច្ច​សម្រាប់​អ្នកអនុវត្ត​សិទ្ធិ និង​សេរីភាព​របស់ខ្លួន​ស្របតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​។ ការអនុវត្ត​ច្បាប់​ចំពោះ​អ្នកប្រព្រឹត្ត​បទល្មើស មិនមែន​ជាការ​រឹតត្បិត​សិទ្ធិ សេរីភាព និង​លម្ហ​ប្រជាធិបតេយ្យ​នោះទេ​។ ផ្ទុយទៅវិញ ការរិះគន់​លើ​នីតិវិធី និង​ការសម្រេច​របស់​តុលាការ ដោយ​មិន​ផ្អែកលើ​មូលដ្ឋាន​ច្បាប់ និង​នីតិវិធី​ច្បាប់​របស់​កម្ពុជា ដើម្បី​តែ​ការពារ​ក្រុម​ជនល្មើស​នោះ វា​ជាកា​រិះគន់​បែប​អយុត្តិធម៌ និង​មាន​ស្តង់ដា​ពីរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​ព្រឹត្តិការណ៍ ៩ វិច្ឆិកា គឺជា​ផែន​ការដែល​រៀបចំឡើង​ដោយ​អ្នកនយោបាយ​មួយក្រុម​នៅក្រៅ​ប្រទេស ដែល​ដឹកនាំ​ដោយ​ឈ្មោះ សម រង្សី ដើម្បី​ញុះញង់​ឱ្យ​កងកម្លាំងប្រដាប់អាវុធ លែង​ស្តាប់​បញ្ជា និង​បះបោ​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​, ដើម្បី​បំផុស និង​ញុះញង់​ឱ្យ​ប្រជាជន​ទូទាំងប្រទេស ក្រោក​ឡើង​ប្រឆាំងនឹង​រដ្ឋអំណាច និង​ដើម្បី​ប្រមូល​ថវិកា គាំទ្រ​ដល់​សកម្មភាព​ទាំងនេះ​។ ហេតុដូចនេះ “​ផែនការ ៩ វិច្ឆិកា នេះ​គឺជា​ផែន​ការធ្វើ​រដ្ឋប្រហារ ដែលជា​បទល្មើស​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ដែល​បាន​បញ្ញត្តិ​ក្នុង​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​”​។​

អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បញ្ជាក់​ដែរ​ថា ផែនការ និង​សកម្មភាព​ធំៗ ក្នុង​ព្រឹត្តិការ​ណ៏ ៩ វិច្ឆិកា មាន​គោលដៅ​ចំនួន​២ គឺ​ទី​១- ចូលមក​ប្រទេស​កម្ពុជា ដើម្បី​ចាប់​នាយករដ្ឋមន្ត្រី​ក្នុង​តំណែង និង​ទី​២- ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញពី​ការបោះឆ្នោត​។ ដូច្នេះ​ពាក្យ​ថា “​ផែនការ​វិលត្រឡប់​” គឺជា​លេស និង​ជា​កលល្បិច​នយោបាយ ដើម្បី​បោក​បញ្ឆោត និង​អូសទាញ​ប្រជាជន​ស្លូតត្រង់​ឲ្យ​ចូលរួម​ក្នុង​ផែនការ​ខាងលើនេះ​តែប៉ុណ្ណោះ ហើយ​អំពើ និង​សកម្មភាព​ខាងលើ​ទាំងនេះ មាន​ភស្តុតាង​ច្បាស់លាស់ និង​រឹងមាំ ហើយ​វា​ជាការ​ត្រឹមត្រូវ​បំផុត ដែល​រាជរដ្ឋាភិបាល បានដាក់​ចេញ​នូវ​វិធានការ​ចាំបាច់​នានា ដើម្បី​ទប់ស្កាត់បាន​ទាន់ពេលវេលា​។​

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​ប្រកាស​សាលក្រម​កាត់ទោស​លោក សម រ​ង្ស៉ី និង​បក្ខពួក ចំនួន​៩ នាក់ ពាក់ព័ន្ធ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ក្រោម​ឧបាយកល​ជា​ផែនការ​នៃ​ការវិលត្រឡប់​ចូល​ប្រទេស​កម្ពុជា អំឡុង​ព្រឹត្តិការណ៍ ៩ វិច្ឆិកា ២០១៩​។ សំណុំ​រឿងនេះ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ “​ឧបឃាត​” តាម​មាត្រា​២៧ និង​៤៥១ នៃ​ក្រមព្រហ្មទណ្ឌ​ហើយ​សំណុំ​រឿងនេះ​មាន​ជនជាប់ចោទ​ចំនួន​៩​នាក់​រួមមាន ឈ្មោះ ឈ្មោះ សម រង្ស៊ី​, ឈ្មោះ មូរ សុខ​ហួរ​, ឈ្មោះ អេង ឆៃអ៊ាង​, ឈ្មោះ អ៊ូ ច័ន្ទ​ឫទ្ធិ​, ឈ្មោះ ហូរ វ៉ាន់​, ឈ្មោះ ឡុង រី​, ឈ្មោះ ម៉ែន សុថា​វរិ​ន្ទ្រ​, ឈ្មោះ ជូ​ឡុង សូ​មួ​រ៉ា និង​ឈ្មោះ នុត រំដួល​។​

តាម​សាលក្រម​បញ្ជាក់ថា សំណុំ​រឿងនេះ ទណ្ឌិត សម រ​ង្ស៉ី និង​បក្ខពួក ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ផ្សេងៗ​គ្នា គឺ​ទី​១. ឈ្មោះ សម រង្ស៊ី ផ្ដន្ទាទោស​ដាក់ពន្ធនាគា​រ​កំណត់​រយៈពេល​២៥​ឆ្នាំ​។ ទី​២. ឈ្មោះ មូរ សុខ​ហួរ និង​ឈ្មោះ អេង ឆៃអ៊ាង ផ្ដន្ទាទោស​ដាក់ពន្ធនាគា​រ​កំណត់​ក្នុង​ម្នាក់ៗ​រយៈពេល​២២​ឆ្នាំ​។ ទី​៣. ឈ្មោះ ជូ​ឡុង ស៊ូ​មូរ៉ា​, ឈ្មោះ ម៉ែន សុថា​វរិ​ន្ទ្រ​, ឈ្មោះ អ៊ូ ច័ន្ទ​ឫទ្ធិ​, ឈ្មោះ ហូរ វ៉ាន់​, ឈ្មោះ​ឡុង រី និង​ឈ្មោះ នុត រំដួល ផ្ដន្ទាទោស​ដាក់ពន្ធនាគា​រ​ក្នុង​ម្នាក់ៗ​កំណត់​រយៈពេល​២០​ឆ្នាំ ហើ​ត​ក្រៅពី​ផ្ដន្ទាទោស​តាម​កំណត់​ខាងលើ អ្នក​ទាំងនោះ ក៏ត្រូវ​បាន​ដកសិទ្ធិ​ពលរដ្ឋ​ជា​ស្ថាពរ​ផងដែរ ដែល​ក្នុងនោះ​រួមមាន​៖ ដកសិទ្ធិ​បោះឆ្នោត​, ដក​សិទ្ធ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត និង​ដកសិទ្ធិ​បំពេញការងារ​ជាម​ន្ត្រី​ក្របខ័ណ្ឌ​មុខងារសាធារណៈ​។​

​ជាមួយគ្នា​នោះ​តុលាការ បាន​បង្គាប់​ឲ្យ​ជនជាប់ចោទ​ទាំង​៩​រូប រួមគ្នា​សង​សំណង​ការខូចខាត​ជា​ប្រាក់​ចំនួន​១.៨០០.០០០.០០០ (​មួយ​ពាន់​ប្រាំបី​រយ​លាន​) រៀល ទៅឱ្យ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​បង្គាប់​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ជនជាប់ចោទ​ទាំងនោះ ដើម្បី​យកមកអនុវត្ត​ទោស តាម​អំណាច​សាលក្រម​ផងដែរ​៕

កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម