Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន សែន ចង់ឃើញកម្ពុជា និងថៃ ស្នើចុះបញ្ជីរួមគ្នាលើបេតិកភណ្ឌមួយចំនួន

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញបំណងចង់ឃើញកម្ពុជា និងថៃ ស្នើទៅកាន់អង្គការយូនីស្កូ ដើម្បីចុះបញ្ជីរួមគ្នាលើ សម្បត្តិបេតិកភណ្ឌមួយចំនួន ជាជាងការដណ្ដើមគ្នាធ្វើម្ចាស់កម្មសិទ្ធិផ្ដាច់មុខ ខណៈប្រជាជាតិទាំងពីរ មានវប្បធម៌ និងទំនៀមទម្លាប់ស្រដៀងគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បំណងរបស់សម្ដេចតេជោដូច្នេះ ស្របពេលដែលគេក្រោយសង្កេតឃើញថា ជារឿយៗតែងមានការវែកញែក​គ្នារវាងប្រជាជាតិទាំងពីរ កម្ពុជា និងថៃ ក្នុងការខ្វែងគំនិត ឬដណ្ដើមគ្នាទៅវិញទៅមក ថា ជារបស់ប្រទេសនេះ ជារបស់ប្រទេសនោះ ជាដើម។

ជំនួសឱ្យការដណ្ដើមកម្មសិទ្ធិគ្នានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានស្នើឱ្យភាគីកម្ពុជា និងភាគីថៃ ពិចារណាលើការចុះបញ្ជីរួមគ្នាលើបេតិកភណ្ឌមួយចំនួន ក៏ដូចជាជាមួយប្រទេសមីយ៉ាន់ម៉ា និងឡាវ ដែលជាប្រទេសប្រកាន់ព្រះពុទ្ធសាសនា​ដូចគ្នា ចៀសវាងការដណ្ដើមកម្មសិទ្ធិគ្នាទៅវិញទៅមក។ សម្ដេចតេជោ បានលើកជាឧទាហរណ៍ដូចជា ពិធីបុណ្យសង្ក្រាន្ត ជាដើម។ ជាការកត់សម្គាល់ កន្លងទៅ ក៏មានការខ្វែងគំនិតខ្លាំង ក្រោយមានការស្នើរបស់ភាគីថៃ ដាក់ «សង្ក្រាន្តថៃ» ទៅក្នុងបញ្ជីអង្គការយូនីស្កូ ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា​ «ប្រសិនបើយើងអាចចុះបញ្ជីរួមគ្នាបានមែននោះ វាជាការបង្ហាញពីការសាមគ្គីភាព និងជាគំរូដ៏ល្អដល់អ្នកជំនាន់ក្រោយ ដើម្បីកុំឱ្យមានការដណ្ដើមគ្នា ថា ជារបស់ជារបស់ប្រទេសនេះ របស់ប្រទេសនោះ»។ ការលើកឡើងរបស់សម្ដេចតេជោបែបនេះ នៅក្នុងឱកាសទទួលជួប និងជម្រាបលាពីសំណាក់លោក ឆឺតគៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា​ ដែលនឹងត្រូវចប់អាណត្តិការទូត នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។

សម្ដេចតេជោ បានបន្តថា កម្ពុជា និងថៃ ជាប្រទេសជិតខាងនឹងគ្នាដែលមានវប្បធម៌ និងទំនៀមទម្លាប់ស្រដៀងគ្នា ហើយការទៅមករកគ្នារវាងប្រទេសទាំងពីរ ក៏ត្រូវបានបើកទូលាយបន្ថែមទៀត ដើម្បីឱ្យប្រជាជនប្រទេសទាំងពីរមានឱកាសទៅធ្វើទស្សនកិច្ចស្វែងយល់ផ្សេងៗ រួមទាំងការទៅពិនិត្យព្យាបាលជំងឺ ជាដើម។

លោក ឆឺតគៀត អាត់ថាកន ឯកអគ្គរាជទូតថៃបានជម្រាបជូនសម្ដេចតេជោ ថា ក្នុងរយៈពេលជិត២ឆ្នាំនៃអាណត្តិការទូតរបស់លោក បានចូលរួមពង្រឹងទំនាក់ទំនង ដោយផ្អែកលើការយោគយល់គ្នា និងជំនឿទុកចិត្តទៅវិញទៅមក ដើម្បីផលប្រយោជន៍ប្រទេស និងប្រជាជននៃប្រទេសទាំងពីរដែលបានក្លាយជាដៃគូយុទ្ធសាស្ត្រកាលពីខែកុម្ភៈឆ្នាំ២០២៤ កន្លងទៅនេះ ក្នុងឱកាសដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសថៃ។

លោកឯកអគ្គរាជទូត បានបញ្ជាក់ថា ប្រទេសទាំងពីរមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ហើយលោកសង្ឃឹមថា ពេលអនាគត ទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនលូតលាស់ជាងនេះទៅទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម