ព័ត៌មានជាតិ
ក្នុងពេលអវត្តមានព្រះមហាក្សត្រ និងប្រធានព្រឹទ្ធសភា តើឥស្សរជនណាត្រូវទទួលភារៈជាប្រមុខរដ្ឋស្ដីទីបន្ត?
នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥ និងអញ្ជើញធ្វើទស្សនកិច្ចនៅទីនោះ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។ ការចេញទៅកូរ៉េខាងត្បូង ពេលនេះ ស្របពេលដែលព្រះមហាក្សត្រកម្ពុជាអវត្តមាននៅក្នុងប្រទេសផងដែរ ពោលគឺព្រះករុណាព្រះមហាក្សត្រ កំពុងគង់ពិនិត្យព្រះរាជសុខភាពនៅឯប្រទេសចិន។

តើនៅក្នុងពេលដែលអវត្តមានអង្គព្រះមហាក្សត្រ និងប្រធានព្រឹទ្ធសភា តើភារកិច្ចជាប្រមុខរដ្ឋស្តីទីនៃកម្ពុជា ត្រូវជំនួសដោយឥស្សរជនរូបណា?
ប្រមុខរដ្ឋស្តីទី ជាតំណែងកំពូលមួយដែលទទួលឋានៈជាព្រះរាជានុសិទ្ធិ នៅពេលអវត្តមានព្រះប្រមុខរដ្ឋ។ ព្រះមហាក្សត្រ គឺជាព្រះប្រមុខរដ្ឋរបស់កម្ពុជាពេញមួយព្រះជន្ម។ ក្នុងករណីដែលព្រះមហាក្សត្រពុំអាចបំពេញព្រះរាជភារៈជាព្រះប្រមុខរដ្ឋបានដូចធម្មតា ដោយព្រះអង្គទ្រង់ប្រឈួនជាទម្ងន់ នៅពេលដែលព្រះមហាក្សត្រ ត្រូវព្យាបាលព្រះរោគនៅបរទេស ក៏ដូចជាក្នុងរយៈពេលដែលព្រះមហាក្សត្រទ្រង់អវត្តមាននៅក្នុងប្រទេស គឺប្រធានព្រឹទ្ធសភា ត្រូវទទួលភារៈជាប្រមុខរដ្ឋស្តីទី។ នេះបើយោងតាមរដ្ឋធម្មនុញ្ញនៃកម្ពុជា ត្រង់មាត្រា ១១.-ថ្មី មាត្រា ២៨.-ថ្មី និងមាត្រា ៣០.-ថ្មី។

ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្ដីទីជំនួសព្រះមហាក្សត្រ ក្នុងឋានៈជាព្រះរាជានុសិទ្ធិ ដូចមានចែងខាងលើ ប្រធានរដ្ឋសភា ជាអ្នកបំពេញភារកិច្ចនេះជំនួស។ បន្ថែមពីនេះ បើតាមវាក្យខ័ណ្ឌទី៣ នៃមាត្រា ១១ថ្មី ការទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទីនេះ ក៏អាចនឹងដូរឥស្សរជនផ្សេងទៀត តាមឋានានុក្រម ជាអាទិ៍ អនុប្រធានទី១ ព្រឹទ្ធសភា អនុប្រធានទី១ រដ្ឋសភា អនុប្រធានទី២ ព្រឹទ្ធសភា និងអនុប្រធានទី២ រដ្ឋសភា។
ជាក់ស្ដែង អវត្តមានក្នុងពេលតែមួយនៃព្រះករុណា ព្រះមហាក្សត្រ កំពុងគង់ពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន និងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញទៅកាន់ប្រទេសកូរ៉េ នាពេលនេះ ការទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទីនៃកម្ពុជា នឹងត្រូវជំនួសដោយប្រធានរដ្ឋសភា គឺសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី៕

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


