ព័ត៌មានជាតិ
អគារជាប់គាំងនៅខេត្តព្រះសីហនុ ចាប់ផ្តើមសកម្មភាពសាងសង់ឡើងវិញបណ្តើរៗ
ប្រភពពីមន្រ្តីរដ្ឋបាលខេត្តព្រះសីហនុបានឲ្យកម្ពុជាថ្មីដឹងថា គម្រោងអគារជាប់គាំងនៅខេត្តព្រះសីហនុ ដែលបានផ្អាកដំណើរជាច្រើនឆ្នាំបានចាប់ផ្តើមសាងសង់ឡើងវិញ បើទោះបីសកម្មភាពសាងសង់នៅមិនទាន់ចាប់ផ្តើមពេញលេញ ១០០%។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានប្រាប់កម្ពុជាថ្មីតាមតេលេក្រាមថា ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានសម្រួលនីតិវិធីក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ក្នុងនោះគម្រោងអគារជាប់គាំងចំនួន ៨៥ នៅខេត្តព្រះសីហនុ ក៏ទទួលបានការលើកទឹកចិត្តពិសេសដើម្បីជំរុញអភិវឌ្ឍបន្ត។

ទាក់ទងគម្រោងអគារជាប់គាំងនៅខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បានអះអាងថា កំពុងមានសកម្មភាពសាងសង់ឡើងវិញបណ្តើរៗ បើទោះបីមិនទាន់ដំណើរការសាងសង់ពេញលេញទាំងស្រុង។
«គម្រោងខ្លះបានចាប់ផ្តើម ខ្លះទើបតែទទួលបានការលើកទឹកចិត្តកំពុងរៀបចំឯកសារ មិនទាន់អាចចាប់ផ្ដើមភ្លាមៗទេ។ យ៉ាងណាមិញ នៅដើមខែវិច្ឆិកានេះ រដ្ឋបាលខេត្តនឹងដឹកនាំកិច្ចប្រជុំរួមជាមួយក្រុមអ្នកវិនិយោគ រួមទាំងម្ចាស់គម្រោងវិនិយោគអគារជាប់គាំង ដើម្បីសួរនាំតើគម្រោងណាខ្លះបានចាប់ផ្តើម គម្រោងណាខ្លះមិនទាន់ចាប់ផ្តើម។ មិនទាន់ចាប់ផ្តើមតើមកពីមូលហេតុអ្វី គម្រោងដែលចាប់ផ្តើមមានបញ្ហាអ្វីអត់ ដើម្បីឲ្យខេត្តមានលទ្ធភាពសម្របសម្រួលដោះស្រាយបញ្ហាប្រឈម និងលំបាកដល់អ្នកវិនិយោគ»។ លោក ឡុង ឌីម៉ង់បញ្ជាក់បន្ថែម។
ថ្លែងនៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានឱ្យដឹងថា អគារកំពុងជាប់គាំងនៅខេត្តព្រះសីហនុ មានចំនួន ៣៦២ ដែលត្រូវការទុនវិនិយោគបន្ថែមប្រមាណ ១ ១៦១ លានដុល្លារ ដើម្បីបញ្ចប់ការសាងសង់។
លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ចាប់ពីឆ្នាំ ២០១៦ មក ការវិនិយោគក្នុងខេត្តព្រះសីហនុ មានសន្ទុះកើនឡើងយ៉ាងគំហុក ជាពិសេសការរីកដុះដាលយ៉ាងលឿនសំណង់អគារជាសណ្ឋាគារ, ភោជនីយដ្ឋាន, ហាងលក់ទំនិញ, និង កន្លែងស្នាក់នៅជាដើម។
ទោះជាយ៉ាងនេះក្តី ក្នុងដំណាក់កាលពីឆ្នាំ ២០១៩ ការផ្លាស់ប្តូរនៅក្នុងការវិវត្តនៃស្ថានភាពសង្គម-សេដ្ឋកិច្ច គួបផ្សំនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាប្រឈមជាសកលផ្សេងទៀត បានបណ្តាលឱ្យសំណង់អគារជាច្រើន ត្រូវបានផ្អាក ឬ បញ្ឈប់ដំណើរការសាងសង់។
បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី កាលថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ គិតត្រឹមខែតុលា ឆ្នាំ ២០២៤ គម្រោងដែលទទួលបានគោលការណ៍លើកទឹកចិត្តពិសេសសរុបមានចំនួន ១៦៥ គម្រោង ដែលរួមបញ្ចូលមានគម្រោងខ្នាតមីក្រូ តូច មធ្យម និង ធំ របស់ម្ចាស់គម្រោង និងក្រុមហ៊ុនក្នុងស្រុក និងបរទេស ក្នុងនោះគម្រោងដែលមានទុនវិនិយោគលើសពី ១០០ លានដុល្លារអាមេរិក មានចំនួន ២៣ គម្រោង។
ក្នុងចំណោមគម្រោងទាំង ១៦៥ ដែលទទួលបានការលើកទឹកចិត្ត គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងមានចំនួន ៨៥, គម្រោងថ្មីមានចំនួន ៦១, ការពង្រីកគម្រោងមានចំនួន ១៥ និង គម្រោងមានស្រាប់មានចំនួន ៤។
បើតាមប្រភពីមន្រ្តីនៅក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានបញ្ជាក់ថា ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២៤ វិស័យឯកជនជាច្រើនកាន់តែយល់ដឹង និងបានសម្រេចចិត្តវិនិយោគក្នុងខេត្តព្រះសីហនុ ពិសេសរួមទាំងការវិនិយោគដែលតម្រង់ទិស ឬ ផ្តោតការវិនិយោគលើវិស័យនានាក្រៅពីកាស៊ីណូ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


