Connect with us

ព័ត៌មានជាតិ

ករណីចាប់ត្រាក់ទ័រមួយគ្រឿង អ្នក​ភូមិអះអាង​ថាឈូសសំអាតដីភូមិ​ធ្វើ​ស្រែ​ចម្ការ មិនមែនឈូស​ដីព្រៃនោះទេ

បានផុស

នៅ

ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាន​ស្នើសុំឲ្យមន្ត្រីបរិស្ថាន ស្ថាប័នតុលាការនិងថ្នាក់ដឹកនាំពិចារណា ករណីចាប់ត្រាក់ទ័រមួយគ្រឿង ខណះកំពុងឈូសសំអាតដីភូមិដើម្បីបង្កបង្កើនផលស្រូវរបស់ពលរដ្ឋនៅចំណុចភូមិកំពង់ភ្នៅ ស្ថិតនៅក្នុងឃុំកោះខ្ញែរ ស្រុកសំបូរខេត្តក្រចេះកាលពីដើមខែវិច្ឆិកាកន្លងទៅនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ជាន សំណាង និងលោក សេង សុខរស់ ជាម្ចាស់ដីបានរៀបរាប់ថា កម្លាំងរបស់បរិស្ថានបាន​ចុះ​មក​ចាប់យកត្រាក់ទ័រ​ដែលកំពុងតែបោសសម្អាតដីស្រែដើម្បីភ្ជួរព្រោះស្រូវ ហើយបានរឹបអូសយកទៅរក្សាទុកដោយមិនបានបញ្ជាក់អំពីមូលហេតុអ្វីនោះឡើយ។

អ្នកស្រីថា ត្រាក់ទ័រនោះជារបស់អ្នកភូមិផងរបងជាមួយ ដែលទើបនឹងចងការលុយធនាគារទិញបាន ហើយអ្នកស្រី​បាន​ប្រវាស់​គ្នាទៅបោសសម្អាតដីនោះ ដើម្បីភ្ជួររាស់​និងបង្កបង្កើនផលស្រូវចែកគ្នា ខណៈកំពុងតែបោសសំអាតព្រៃរបស់តូចៗដែល​ទុក​ចោល​យូរឆ្នាំមកហើយនោះ មិនទាន់បានភ្ជួរផង មន្ត្រីបរិស្ថានមកដល់ក៏ដេញអ្នកបើកត្រាក់ទ័រឲ្យរត់គេច ហើយចាប់រឹបអូសយកត្រាក់ទ័រ និងចាប់ឃាត់​ប្ដីអ្នកស្រី​ប្រមាណជា ២០ នាទី ទើប​ដោះលែងវិញ។

អ្នកស្រី ជាន សំណាង បានបញ្ជាក់ថា ដីភូមិនោះអ្នកស្រី​បានទិញបន្តពីបងប្អូនជនជាតិដើមភាគតិចភ្នងចំនួនពីរម្ចាស់មានលិខិត​ស្នាមទទួលស្គាល់ពីអាជ្ញាធរភូមិឃុំតាំងពីឆ្នាំ១៩៩៣ ហើយនៅពេលដែលទិញបន្តឆ្នាំ ២០០៨ ក៏មានការបញ្ជាក់​ទទួលស្គាល់ពីអាជ្ញាធរភូមិឃុំដែរ ហើយដីនោះប្រជាពលរដ្ឋពីដើមឡើយ​បាន​ធ្វើការបង្កបង្កើនផលស្រូវនិងដំឡូងមី តែដោយសារ​អ្នកស្រីមានបញ្ហានៅក្នុងគ្រួសារបានទុកចោលដីនោះរយៈពេលជាង ១០ ឆ្នាំទើបតែឆ្នាំនេះ បានត្រឡប់ទៅធ្វើការបោស​សំអាតនិងភ្ជួររាស់ ដើម្បីបង្កបង្កើនផលឡើងវិញតែអកុសលក៏ជួបរឿងបែបនេះ។

លោក អួន សារ៉ែន មេភូមិកំពង់ភ្នៅ

លោក អួន សារ៉ែន មេភូមិកំពង់ភ្នៅបានបញ្ជាក់ឲ្យដឹងថា ទីតាំងដីនេះគឺជាដីភូមិចាស់ដែលប្រជាពលរដ្ឋរស់នៅបង្កបង្កើន​ផល​​តាំងពីអំឡុងឆ្នាំ១៩៩៣ មកម៉្លេះហើយដីដែលមានបញ្ហានោះគឺបានលក់បន្តពីរម្ចាស់មកហើយដែរ ដោយម្ចាស់កាន់កាប់​ពេលបច្ចុប្បន្ននេះបានទិញនិងផ្ទេរកម្មសិទ្ធិតាំងពីឆ្នាំ ២០០៨ រហូតមកដល់បច្ចុប្បន្នមិនមានការកាត់ទន្ទ្រានដីព្រៃខុសច្បាប់​នោះឡើយ។

លោកមេភូមិក៏បានបញ្ជាក់ដែរថា ដីទីតាំងភូមិសាស្ត្រខាងលើមិនដែលមានការពាក់ព័ន្ធទៅនឹងដីគម្របព្រៃឬដីដែលកាន់ កាប់ទៅដោយបរិស្ថាននោះទេ ពីព្រោះប្រជាពលរដ្ឋនៅតំបន់នោះមានដីភូមិម្នាក់បន្តិចៗអាស្រ័យផល នៅតាមដងទន្លេមេគង្គ ជាដីភូមិចាស់តាំងពីមុនឆ្នាំ១៩៧៩ ទៅទៀត។

ដោយឡែកលោក វង្ស តុលា អនុភូមិកំពង់ភ្នៅបានបញ្ជាក់ថា ដីនេះតាំងពីដើមមកមិនដែលឮថាមានជាប់ពាក់ព័ន្ធទៅនឹង​ដែន​ជម្រករបស់បរិស្ថានអីនោះទេ ស្រាប់តែឥឡូវចេញមកថាមានការពាក់ព័ន្ធដូច្នេះតើប្រជាពលរដ្ឋបានអីចិញ្ចឹមជីវិត។

លោកបានសំណូមពរទៅដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ប្រសិនបើដីភូមិរដ្ឋបាលស្ថិតនៅក្នុងភូមិកំពង់ភ្នៅនេះ ដែលគេចាត់ទុកថាជាដីបរិស្ថានដែរនោះតើប្រជាពលរដ្ឋ មានដីឯណាទៅអាស្រ័យផលបើដីក្នុងភូមិរដ្ឋបាលក៏ភ្ជួររាស់ដាំដុះបង្កបង្កើនផលមិនបានផង។

លោកថា ប្រជាពលរដ្ឋមានចំនួនកើនឡើងពី ៧០ គ្រួសារក្នុង អំឡុងឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ននេះប្រជាពលរដ្ឋមានរហូតទៅដល់ ១៥៩ គ្រួសារ ហើយដីសម្រាប់បង្កបង្កើនផលបាននៅក្នុងភូមិនៅតាមជួរដងទន្លេមេគង្គបន្តិចបន្តួចប៉ុណ្ណោះ ខាងក្រោយសុទ្ធតែដីក្រុមហ៊ុនវិនិយោគ ចុះបើដីភូមិចាត់ទុក ថាជាដីក្រោមការគ្រប់គ្រងរបស់បរិស្ថានទៀតតើប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើបានអីអាស្រ័យផល។

លោក អ៊ុក សាវី មេឃុំកោះខ្ញែរ

លោក អ៊ុក សាវី មេឃុំកោះខ្ញែរក៏បានបញ្ជាក់ពីបញ្ហានេះដែរថា ម្ចាស់ដីដែលកំពុងកាន់កាប់នៅពេលបច្ចុប្បន្ននេះ មិនបានទៅ​កាប់ទន្ទ្រានដីព្រៃខុសច្បាប់នោះទេ។ ដីនោះមានម្ចាស់កាន់កាប់តាំងពីឆ្នាំ ១៩៩៣ ហើយក៏ម្ចាស់ដើមបានលក់ជាបន្តបន្ទាប់​រហូតដល់អ្នកកាន់កាប់នាពេលបច្ចុប្បន្ននេះមានលិខិតស្នាម ទិញលក់ពីម្ចាស់ដើម និងទទួលស្គាល់ដោយអាជ្ញាធរ​មូលដ្ឋាន។

លោកថា ដីនោះជាដីភូមិចាស់ ដែលប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នងរស់នៅតាំងពីមុនឆ្នាំ១៩៧៩ មក​ម៉្លេះ
ហើយ​​ក្រោយ​ពីប៉ុលពតបញ្ចប់ ពួកគាត់ក៏បានវិលត្រឡប់ទៅកាន់កាប់ដីនៅតំបន់នោះឡើងវិញ។ តាំងពីដើមមកមិនដែលដឹងថាមានការពាក់ព័ន្ធស្ថិតនៅក្នុងដីរបស់បរិស្ថានគ្រប់គ្រងនោះឡើយ ទើបតែឆ្នាំ២០២៣ មានការបែងចែកថាដីនេះគ្រប់ គ្រងដោយបរិស្ថានដីនោះគ្រប់គ្រងដោយកសិកម្ម ហើយចុះបើតាំងពីដើមមកប្រជាពលរដ្ឋគាត់រស់នៅអាស្រ័យផល តគ្នាមកតើឱ្យពួកគាត់ទៅរស់នៅឯណា។

លោកមេឃុំក៏បានសំណូមពរទៅដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជួយដោះស្រាយសម្រាប់ប្រជាពលរដ្ឋដែលមានបញ្ហានេះ​ផង។ ម្យ៉ាងទៀតបងប្អូនប្រជាពលរដ្ឋត្រូវការបង្កបង្កើនផល សូមឱ្យថ្នាក់ដឹកនាំខាងលើជួយវិនិច្ឆ័យថាដីនេះមិនមែនម្ចាស់កាន់កាប់សព្វថ្ងៃនេះមកចាប់ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់នោះទេ គឺជាដីដែលមានម្ចាស់ពិតប្រាកដកាន់កាប់តគ្នា​មក។

ដោយឡែកលោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះបានឲ្យដឹងថា រឿងនេះគឺបានបញ្ជូនទៅកាន់តុលាការរួចហើយ។ ចំពោះឯកសារកាន់កាប់ក្បាលដីពីអាជ្ញាធរពាក់ព័ន្ធអីផ្សេងៗលោកបញ្ជាក់ថា រាល់លិខិតអ្វីក៏ដោយតែអនុក្រឹត្យចេញហើយគឺគេនរាករណ៍ចោលអាចាស់ចេញអស់។

លោក​បន្តថា ដីនេះបើតាមផែនទីគឺនៅក្នុងដែនជម្រកសត្វព្រៃសំបូរ។ លោកថា​ប្រសិនបើជាដីអាស្រ័យផលយូរឆ្នាំមានលិខិតស្នាមកាន់កាប់ពីអាជ្ញាធរពាក់ព័ន្ធតាំងពីឆ្នាំ២០០៨ ច្បាស់លាស់មែនគឺត្រូវរង់ចាំការសម្រេចពីថ្នាក់ដឹកនាំ។

«ប្រសិនបើម្ចាស់ដីមានលិខិតទិញលក់ចាំទៅតទល់គ្នានៅតុលាការទៅ យកលិខិតនោះទៅបង្ហាញតុលាការទៅ បើសិន ជា​ស្ថាប័នតុលាការសម្រេចយ៉ាងម៉េច ជារឿងរបស់តុលាការ ចំពោះមុខខ្ញុំត្រូវតែអនុវត្តជាក់ស្ដែង»។

លោកប្រធានមន្ទីរក៏បានបញ្ជាក់ថា ករណីនេះត្រូវបានមន្ត្រីជំនាញរបស់លោកបញ្ជូនសំណុំរឿងទៅកាន់តុលាការតាំងពីថ្ងៃ ទី ១៣ ក្រោយពីបានចាប់ឃាត់ត្រាក់ទ័រនៅថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០២៤៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១០ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១០ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១១ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ២ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម