ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ៖ ពន្ធរបស់ត្រាំ នឹងប៉ះពាល់ធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ចថៃ
ក្រុមហ៊ុនឈ្មួញជើងសាហិរញ្ញវត្ថុ InnovestX Securities បានអះអាងថា ពន្ធឆ្លើយតបឱ្យស្មើគ្នារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចធ្វើឱ្យផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃ ធ្លាក់ចុះរហូតដល់ទៅ ១,២ ភាគរយ ពីការព្យាករ ២,៥ ភាគរយ ខណៈការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលថៃ អាចនឹងមានប្រសិទ្ធិភាពតិចតួចក្នុងការពង្រឹងសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ថៃស្ថិតក្នុងបញ្ជី «ប្រទេសកខ្វក់ទាំង១៥» ដែលសំដៅលើប្រទេសមានអតិរេកពាណិជ្ជកម្មធំៗជាមួយសហរដ្ឋអាមេរិក ដោយនឹងអាចរងផលប៉ះពាល់ដោយពន្ធរបស់លោក ត្រាំ។ ជាមធ្យម ពន្ធអាមេរិកលើការនាំចូលថៃគឺ ២ ភាគរយ ខណៈថៃយកពន្ធជាមធ្យម ៨ ភាគរយ លើផលិតផលអាមេរិក។ អតុល្យភាពពាណិជ្ជកម្មបែបនេះ ដែលលោក ត្រាំ លើកឡើងដើម្បីដាក់ចេញនូវពន្ធឱ្យស្មើគ្នា។ បើតាមទិន្នន័យរដ្ឋាភិបាលថៃ ថៃមានអតិរេកពាណិជ្ជកម្មជាមួយអាមេរិក ៣៥,៤ ប៊ីលានដុល្លារ ប៉ុន្តែរដ្ឋាភិបាលអាមេរិកដាក់តួលេខនេះរហូតដល់ជាង ៤៥,៦ ប៊ីលានដុល្លារ។
ការនាំចេញរបស់ ថៃទៅកាន់សហរដ្ឋអាមេរិក រួមចំណែកប្រមាណ ២៩ ភាគរយ នៃការនាំចេញសរុបរបស់ប្រទេស ដែលច្រើនជាងម៉ាឡេស៊ី (២៦ ភាគរយ) ប៉ុន្តែតិចជាងវៀតណាម (៤៧ ភាគរយ)។
ប្រធានផ្នែកស្រាវជ្រាវសេដ្ឋកិច្ចនៅក្រុមហ៊ុន InnovestX លោក Piyasak Manason បាននិយាយថា ក្រុមហ៊ុនបានព្យាករលើសេណារីយ៉ូចំនួន ៤ សម្រាប់ពន្ធឱ្យស្មើគ្នារបស់សហរដ្ឋអាមេរិក លើផលិតផលថៃ។
សេណារីយ៉ូទី ១ គឺសហរដ្ឋអាមេរិករក្សាពន្ធបច្ចុប្បន្នសម្រាប់ការនាំចូលទាំងអស់ពីប្រទេសថៃ (លទ្ធភាពនៃការកើតឡើង ៤០ ភាគរយ) ដោយបណ្តាលឱ្យ GDP ថៃកើនឡើងពី ២,៤-២,៥ ភាគរយ ។
ការដំឡើងពន្ធជាមធ្យមដល់ ៦ ភាគរយ (ដែលមានលទ្ធភាពកើតឡើង ៣០ ភាគរយ) នឹងកាត់បន្ថយ GDP មកនៅត្រឹមប្រហែល ២ ភាគរយ ខណៈការដំឡើងពន្ធជាមធ្យម ១០ ភាគរយ (លទ្ធភាពកើតឡើង ២០ ភាគរយ) នឹងកាត់បន្ថយ GDP មកត្រឹម ១,៧ ភាគរយ ក្នុងឆ្នាំ ២០២៥។

លោក Piyasak បានបន្តថា សម្រាប់ករណីដ៏អាក្រក់បំផុតដែល ត្រាំ ដំឡើងពន្ធមធ្យមលើសពី ១០ ភាគរយ (លទ្ធភាពកើតឡើង ១០ ភាគរយ) GDP អាចធ្លាក់ចុះមកត្រឹម ១,៣ ភាគរយ ប៉ុណ្ណោះ។
មន្រ្តីក្រុមហ៊ុនដដែល បាននិយាយថា៖ «សម្រាប់សេណារីយ៉ូដ៏អាក្រក់បំផុត ការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលនៅឆ្នាំនេះ នឹងមិនអាចជួយដល់សេដ្ឋកិច្ចបានទេ ពីព្រោះផលប៉ះពាល់ពីពន្ធគយរបស់សហរដ្ឋអាមេរិក នឹងធ្ងន់ធ្ងរខ្លាំងណាស់»។
លោកបាននិយាយថា ថៃពឹងផ្អែកយ៉ាងខ្លាំងលើពាណិជ្ជកម្មអន្តរជាតិ ហើយអាចជួបប្រទះទាំងផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលពីពន្ធឆ្លើយតបឱ្យស្មើគ្នា ខណៈប្រទេសផ្សេងទៀត និងពាណិជ្ជកម្មពិភពលោក ក៏ទទួលឥទ្ធិពលនៃសម្ពាធពីពន្ធទាំងនេះផងដែរ។ លោក Piyasak បាននិយាយថា៖ «សេដ្ឋកិច្ចពិភពលោកមានហានិភ័យនៃការជាប់គាំងក្នុងកម្រិតស្រាល ដែលមានន័យថា កំណើនសេដ្ឋកិច្ចយឺត ជាមួយនឹងអតិផរណាលើ់សគោលដៅ»៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


