ព័ត៌មានជាតិ
វឌ្ឍនភាព នៃការស្ថាបនាមហាវិថី “ឈុន គង់ ក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប អ៉ឹង ស៊ីធី (ING City)
កាលពីព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ ក្រុមហ៊ុន អាយអិនជី ហូលឌីង បានចាប់ផ្ដើមលើកធ្នឹមស្ពានបេតុងអាម៉េរទី ២ នៃគម្រោងស្ថាបនាមហាវិថី ឈុន គង់ ប៉ែកខាងកើត នៃតំបន់អភិវឌ្ឍន៍ទីក្រុងរណប អ៉ឹង ស៊ីធី (ING City) ដោយមានវត្តមាន ករុណាសីលវិសុទ្ធិ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ចាយ គង់ ជាមាតាបង្កើតរបស់ ឯកឧត្តមអ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង និងលោកអគ្គនាយកក្រុមហ៊ុន អញ្ជើញចុះពិនិត្យការដ្ឋានដោយផ្ទាល់។

គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅថ្មីៗ នេះ កំណាត់មហាវិថី ឈុន គង់ ប៉ែកខាងលិច បានបញ្ចប់ការសាងសង់ស្ទើរ ១០០% ក្នុងនោះរួមមាន ការអ៊ុតបេតុងកៅស៊ូ AC ប្រវែង ២.០០០ ម៉ែត្រ គូសគំនូសចរាចរណ៍ ការដំឡើងអំពូលភ្លើងបំភ្លឺផ្លូវ និងការសាងសង់ស្ពានបេតុងអាម៉េរទី ១ និងបានដាក់ឱ្យប្រើប្រាស់ជាសាធារណៈដំណាក់កាលទី ១។ រីឯកំណាត់មហាវិថី ឈុន គង់ ប៉ែកខាងកើត ក្រុមហ៊ុន អាយអិនជី ហូលឌីង បាននិងកំពុងបន្តការសាងសង់ស្ពានបេតុងអាម៉េរទី ២ ដើម្បីតភ្ជាប់កំណាត់ប៉ែកខាងកើត និងឈានទៅដំណាក់កាលចុងក្រោយ នៃការសាងសង់ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅក្នុងខែមិថុនា ឆ្នាំ ២០២៥។

សូមបញ្ជាក់ថា នៅលើមហាវិថី ឈុន គង់ នឹងត្រូវសាងសង់ស្ពានបេតុងអាម៉េរឆ្លងកាត់ចំនួន ២ កន្លែង ដែលមានបណ្ដោយប្រវែង ៤០ ម៉ែត្រ ទទឹង ២០,៨៦ ម៉ែត្រ ដោយស្ពានទី ១ (នាប៉ែកខាងលិច) ឆ្លងកាត់ប្រឡាយរលួស ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ជើងឯក ខណ្ឌដង្កោ និងស្ពានទី ២ (នាប៉ែកខាងកើត) ឆ្លងកាត់ប្រឡាយស្ទឹងជ្រៅ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

គួររំលឹកផងដែរថា មហាវិថី ឈុន គង់ ត្រូវបានប្រារព្ធពិធីបើកការដ្ឋានស្ថាបនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ។ មហាវិថី ឈុន គង់ គឺជាផ្លូវមេទី ៣ នៅក្នុងចំណោមបណ្តាញផ្លូវសរុបចំនួន ៦១ ខ្សែ ក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប ING City ដែលទទួលសិទ្ធិអភិវឌ្ឍន៍ដោយក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយ គឺ ក្រុមហ៊ុន អាយអិនជី ហូលឌីង របស់ ឯកឧត្តមអ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ។ ផ្លូវមេចំនួន ២ ខ្សែទៀត រួមមាន ផ្លូវមេទី ១ គឺ មហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវមេទី ២ គឺមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង។ មហាវិថី ឈុន គង់ ជាមហាវិថីមួយខ្សែស្ថិតនៅចំកណ្ដាលទទឹងនៃតំបន់អភិវឌ្ឍន៍ទីក្រុងរណប ING City តភ្ជាប់ពីផ្លូវជាតិលេខ ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ឆ្ពោះទៅកាន់ផ្លូវជើងឯក(ផ្លូវលេខ ២១៧) មានប្រវែង ៤.០០០ ម៉ែត្រ គិតត្រឹមព្រំប្រទល់ នៃតំបន់អភិវឌ្ឍន៍ និងមានលំហផ្លូវប្រវែង ៥០ ម៉ែត្រ ក្នុងនោះ ទំហំ ២០ ម៉ែត្រ ជាតួផ្លូវសម្រាប់យានជំនិះ និងចិញ្ចើមផ្លូវទំហំ ១៥ ម៉ែត្រសងខាង។ មហាវិថីមួយនេះ នឹងដើរតួនាទីយ៉ាងសំខាន់ជួយដោះស្រាយភាពកកស្ទះចរាចរណ៍ សម្រួលដល់ការដឹកជញ្ជូនទំនិញ ពិសេសជួយឱ្យប្រជាពលរដ្ឋចំណេញទាំងពេលវេលា និងថវិកាជាច្រើន។ល។

យោងតាមប្រសាសន៍ លោក អ៉ឹង ស៊ីវខូវ អគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង តាមគម្រោងការស្ថាបនាមហាវិថី ឈុន គង់ នឹងត្រូវចំណាយថវិកាសរុបជិត ២២ លានដុល្លារអាមេរិក និងបានប្រើប្រាស់ដីសរុបប្រមាណ ២០ ហិកតា ដោយក្នុងនោះបានប្រើប្រាស់ដីកម្មសិទ្ធិរបស់ក្រុមហ៊ុន អាយអិនជី ហូលឌីង ទំហំសរុបប្រមាណ ១៥ ហិតា។

លោកបានបន្តទៀតថា ក្រុមហ៊ុនបានយកចិត្តទុកដាក់ខ្លាំងលើគុណភាពផ្លូវ (ស្របតាមបទដ្ឋានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន) ក្នុងគោលបំណង នៃការប្រើប្រាស់បានយូរអង្វែង រាប់បញ្ចូលទាំងការចាក់បំពេញដីលើកជាតួផ្លូវ ដោយបានប្រើប្រាស់មាឌដីសរុប ១ លាន ៣ សែន ម៉ែត្រគូប ជាប្រភេទដីអំបិល និងការស្ថាបនាគ្រឹះដោយបានប្រើប្រាស់ល្បាយថ្មមិចប្រមាណ ៨៥.១២០ ម៉ែត្រគូប ជាពិសេសការក្រាលកៅស៊ូបេតុងកម្រាស់ស្តង់ដារ ១០ សង់ទីម៉ែត្រ។ គិតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន បានបញ្ចប់ទាំងស្រុងលើការចាក់បំពេញដីលើកជាតួមហាវិថី និងការងារគ្រឹះមហាវិថីផងដែរ ជាពិសេសការស្ថាបនាមហាវិថី និងស្ពានប៉ែកខាងលិច ត្រូវបានបញ្ចប់ស្ទើរទាំងស្រុង និងបានដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្នផងដែរ ដើម្បីជួយសម្រួលចរាចរណ៍របស់ប្រជាពលរដ្ឋពីមហាវិថី សម្ដេចតេជោ ហ៊ុន សែន ទៅផ្លូវជើងឯក(ផ្លូវលេខ ២១៧)។

លោក អ៉ឹង ស៊ីវខូវ បានលើកឡើងដោយសុទិដ្ឋិនិយមថា តំបន់អភិវឌ្ឍន៍ទីក្រុងរណប ING City ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ ជាតំបន់ដែលកំពុងមានការអភិវឌ្ឍខ្លាំងបើធៀបនឹងតំបន់នានាក្នុងរាជធានីភ្នំពេញ និងទទួលបាននូវការវិនិយោគយ៉ាងគំហុក ក្លាយទៅជាតំបន់ នៃចរន្តសេដ្ឋកិច្ច ពាណិជ្ជកម្មចម្រុះ និងការអភិវឌ្ឍយ៉ាងរីកចម្រើនគួរឱ្យកត់សម្គាល់ និងទាក់ទាញខ្លាំងបំផុតសម្រាប់ការវិនិយោគទាំងក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក ដោយសារមានគម្រោងធំៗ ជាច្រើន កំពុងតែលេចចេញរូបរាងឡើងជាបន្តបន្ទាប់នៅតាមបណ្ដោយមហាវិថី សម្ដេចតេជោ ហ៊ុន សែន រួមមាន ផ្សារទំនើបតូចធំ ខុនដូរ គម្រោងលំនៅដ្ឋាន សាលារៀន និងអគារពាណិជ្ជកម្មជាច្រើន ជាពិសេសគឺ គម្រោង «អាកាសយានដ្ឋានអន្តរជាតិតេជោ» លំដាប់ថ្នាក់ 4F ដែលនឹងទាក់ទាញអ្នកវិនិយោគកាន់តែខ្លាំង។

លោកបានបញ្ជាក់បន្ថែមថា តំបន់អភិវឌ្ឍន៍ទីក្រុងរណប ING City អាចលេចចេញជារូបរាងបាន ដោយសារប្រទេសជាតិមានសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់បំផុតរបស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាស្ថាបនិកសន្តិភាព និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តថែរក្សាសុខសន្តិភាពជូនប្រទេសជាតិ និងបានបង្កនូវបរិយាកាសធុរកិច្ចយ៉ាងល្អប្រសើរជូនដល់វិស័យឯកជន ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច-សង្គមកម្ពុជា។ ក្រុមហ៊ុន អាយអិនជី ហូលឌីង ប្ដេជ្ញាចិត្តក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្រោមទិសស្លោក «មានផ្លូវ មានស្ពាន មានសង្ឃឹម», ដែលរាជរដ្ឋាភិបាល តែងបានចាត់ទុកផ្លូវ និងស្ពាន គឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់បំផុត ហើយក៏ជាកាតាលីករនៃជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ៕





-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


