Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ៖ សូម​កុំ​ពង្រីក​ទំនាស់​ឲ្យ​រីករាលដាល​ដល់​វិស័យ​ផ្សេង​ រហូត​ដល់​ការ​ស្អប់​ខ្ពើម​ជាតិសាសន៍

បានផុស

នៅ

សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បាន​សរសេរលើ​ផេក​ហ្វេសបុក​ថា មុននេះសម្ដេច​ឃើញលោក ដួង ឆាយ បង្ហោះសារ​ដែល​ខ្លឹមសារសំខាន់​គឺ​បបួល​គ្នា​ឈប់​ប្រើផលិតផលថៃ។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងខ្លួនសម្ដេច​បាន​អំពាវនាវ​ម្តងហើយម្តងទៀត សូម​កុំ​ពង្រីក​ទំនាស់​ឲ្យរីករាលដាលដល់វិស័យ​ផ្សេង​រហូតដល់ការស្អប់ខ្ពើមជាតិសាសន៍។

សម្ដេចបន្តថា ថ្ងៃនេះកងទ័ពថៃ​បាន​បិទច្រកប៉ោយប៉ែតជាឯកតោភាគីមុនម៉ោងកំណត់ គឺទុកឲ្យភាគីថៃទទួលខុសត្រូវ។ សម្រាប់​ជន​រួមជាតិ​កម្ពុជា​ត្រូវមានភាពចាស់ទុំថ្លៃថ្នូរ និង​សូម​កុំ​បង្កហេតុ។ សម្ដេច​គ្រាន់​តែ​ចង់រំលឹកដល់ប្រជាជនកម្ពុជាក៏ដូចជាប្រជាជនថៃឲ្យបានជ្រាបថា ប្រសិនបើគ្មានទំនិញថៃលើទីផ្សារកម្ពុជា​មិនមែន​មក​ពី​កម្ពុជា​ពហិការ មិនប្រើទំនិញថៃនោះទេ តែជាលទ្ធផលនៃការបិទច្រកព្រំដែន ព្រោះបើបិទមនុស្សច្បាស់ជាបិទទាំងទំនិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមតួលេខពាណិជ្ជកម្មឆ្នាំ២០២៤ កម្ពុជានាំទៅថៃជាង១.១ពាន់លានដុល្លារ ឯថៃនាំចូលមកកម្ពុជាជាង ៥.២ពាន់លានដុល្លារ គឺថៃនាំចូលមកកម្ពុជាច្រើនជាង ៤.១ពាន់លានដុល្លារ។ សម្រាប់​៥​ខែដើមឆ្នាំនេះ​កម្ពុជា​នាំ​ចេញ​ទៅ​ថៃ​ជាង២០០លានដុល្លារ ឯថៃនាំចូលកម្ពុជាជាង១.៥ពាន់លានដុល្លារ។

ក្នុងករណីទំនិញនាំចូលកម្ពុជាមិនបាន សូម​ប្រជាជនថៃ​ដោះស្រាយ​ជាមួយរដ្ឋាភិបាលរបស់ខ្លួន​ដោយ​ខ្លួនឯង ព្រោះ​អ្នកដែលខាតគឺប្រជាជនថៃនោះឯង។

សម្រាប់​ប្រជាជន​កម្ពុជា​ពេលអត់ទំនិញថៃប្រើប្រាស់ សូមកុំបន្ទោសរាជរដ្ឋាភិបាលកម្ពុជា ព្រោះ​អត់ទំនិញដោយសារតែថៃបិទច្រកព្រំដែន។ សម្ដេចសូមអំពាវនាវបងប្អូនជនរួមជាតិរក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារតែហ្មឺងម៉ាត់មិនទុកឲ្យបរទេសប្រមាថ៕

អត្ថបទ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម