Connect with us

ព័ត៌មានជាតិ

ផុតឱសានវាទ! កម្ពុជា បិទការនាំចូលបន្លែផ្លែឈើពីថៃតាមព្រំដែនទាំងអស់

បានផុស

នៅ

កម្ពុជា  បិទការនាំចូលបន្លែ ផ្លែឈើពីថៃតាមព្រំដែនទាំងអស់។នេះបើតាម អគ្គនាយកអន្ដោប្រវេសន៍ឧត្តមសេនីយ៍ឯក សុខ វាសនា ប្រាប់ក្រុមអ្នកសារព័ត៌មាននៅម៉ោងជាង១១ព្រឹក ថ្ងៃអង្គារ ទី១៧ ខែមិថុនានេះ។ ការបិទនេះ ធ្វើឡើងក្រោយពីកម្ពុជា បានទុកឱកាសឱ្យភាគីកងទ័ពថៃ ២៤ម៉ោង ដើម្បីបើកទ្វារព្រំដែនឡើងវិញ បន្ទាប់ពីថៃបិទមុនដោយចិត្តឯងមិនជូនដំណឹងមកជាមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមលោក សុខ វាសនា គិតត្រឹមពេលនេះតាមច្រកទ្វារព្រំដែនទាំងអស់របស់កម្ពុជា គឺបានបិទចោលទាំងស្រុងនូវការនាំចូលបន្លែ និងផ្លែឈើគ្រប់ប្រភេទពីប្រទេសថៃ មិនឱ្យចូលប្រទេសកម្ពុជាឡើយ។

បើតាមសម្ដេចតេជោ ហ៊ុន សែន កម្ពុជា ត្រូវបិទមិនឱ្យនាំចូលបន្លែ ផ្លែឈើពីប្រទេសថៃចូលមកកម្ពុជា តាំងតែពីថ្ងៃម្សិលមិញ ទី១៦ ខែមិថុនា មកម៉្លេះ ប៉ុន្តែដោយសារនាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រ មកកាន់សម្ដេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចតេជោផ្ទាល់​ ទើបកម្ពុជា បានទុកឱកាសឱ្យថៃចំនួន២៤ម៉ោង ឱ្យកងទ័ពថៃបើកទ្វារព្រំដែនតាមការកំណត់ឡើងវិញ ព្រោះភាគីកងទ័ពថៃជាអ្នកបិទព្រំដែនមុន។

សូមរម្លឹកជាថ្មីថា បន្ទាប់ពីកងទ័ពថៃបើកការវាយ​ប្រហារ និងលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា​បណ្ដាលឱ្យកងទ័ពកម្ពុជាបាត់បង់ជីវិត ស្ថានការណ៍ព្រំដែនប្រទេសទាំងពីរបានឡើងកម្ដៅជាបន្តបន្ទាប់។​ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត បានព្យាយាមអំពាវនាវ និងហាមឃាត់ពលរដ្ឋកម្ពុជា កុំឱ្យបញ្ឆេះស្ថានការណ៍ព្រំដែនឱ្យរាលដាល ប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការផ្សេងៗទៀតរាប់ទាំងពាណិជ្ជកម្មជាដើម។

ប៉ុន្តៃកងទ័ពថៃ បានបិទទ្វារព្រំដែនដោយចិត្តឯង មិនជូនដំណឹងមកកម្ពុជាជាមុនឡើយ ចំំណែកមន្ត្រីជាន់ខ្ពស់ថៃ បានគំរាមកាត់ផ្ដាច់អគ្គិសនី និងអ៊ិនធឺណិត ឈប់ផ្គត់ផ្គង់ឱ្យកម្ពុជាប្រើប្រាស់។

ជាការឆ្លើយតប កម្ពុជា បានពន្យាម៉ោងបើកទ្វារព្រំដែន និងកាត់ផ្ដាច់ឈប់ប្រើប្រាស់អ៊ិនធឺណិតពីប្រទេសថៃ។ វិធានការឆ្លើយតបរបស់កម្ពុជា ត្រូវបាននាយករដ្ឋមន្ត្រីថៃ ថាកម្ពុជា យល់ច្រឡំចំពោះព័ត៌មាននេះ ប៉ុន្តែសម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ពីវិមានព្រឹទ្ធសភាថា កម្ពុជាមិនបានយល់ច្រឡំលើរឿងនេះឡើយ។   បន្ថែមពីនេះ ភាគីថៃ បានហៅចរចារបើកព្រំដែនឡើងវិញ ប៉ុន្តែជំហររបស់កម្ពុជា គឺកងទ័ពថៃជាអ្នកបិទទ្វារព្រំដែនមុន ដូច្នេះថៃត្រូវតែបើកមុនដូចគ្នា កម្ពុជាមិនចូលទៅចរចាជាមួយថៃឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម