ព័ត៌មានជាតិ
នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ ស្នើពលរដ្ឋគ្រប់រូបប្រើប្រាស់កម្មវិធីទូរសព្ទដៃ No Drug ដើម្បីចូលរួមទប់ស្កាត់បញ្ហាគ្រឿងញៀន
នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអំពាវនាវដល់ពលរដ្ឋគ្រប់រូប ជាពិសេស យុវជន និងយុវតី ប្រើប្រាស់កម្មវិធីទូរសព្ទដៃ No Drug ដើម្បីចូលរួមទប់ស្កាត់ និងរាយការណ៍បញ្ហាគ្រឿងញៀនបានទាន់ពេលវេលា និងរួមគ្នាកាត់ផ្តាច់ឫសគល់គ្រឿងញៀន។

ការលើកឡើងនេះ ធ្វើ់នៅក្នុងពិធីប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នាបង្ការទប់ស្កាត់ និងកាត់ផ្ដាច់ឬសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» នៅក្នុងខេត្តសៀមរាបនាព្រឹកថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ២០២៥។
នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ បានបន្តទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានបន្តដាក់ចេញនូវផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ កាលពីខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ ជាមួយនឹងការបែងចែក ភារកិច្ចរបស់គណៈបញ្ជាការដឹកនាំយុទ្ធនាការច្បាស់លាស់រឹងមាំ និងមុតស្រួច ដែលមានការទទួលខុសត្រូវពីគ្រប់វិស័យ គិតចាប់តាំងពីការងារផ្សព្វផ្សាយអប់រំ ការអនុវត្តវិធានការ រដ្ឋបាល ការអនុវត្តវិធានការច្បាប់ ការងារព្យាបាលនិងស្តារ នីតិសម្បទា ការគ្រប់គ្រងសារធាតុញៀននិងគីមីផ្សំ និង ការងារពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ក្នុងនាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានមានប្រសាសន៍ណែនាំដល់គ្រប់អង្គភាពអនុវត្ត ច្បាប់ទាំងអស់ សូមឈរលើស្មារតី «៣ កុំ ១ រាយការណ៍» គឺ កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍ ដោយត្រូវមានភាពម៉ឺងម៉ាត់ច្បាស់លាស់ និងប្រើប្រាស់វិធាន ក្តៅគគុកដោយគ្មានការលើកលែង ក្នុងការបង្ក្រាបបទឧក្រិដ្ឋ នៃគ្រឿងញៀន បង្ក្រាបឲ្យបានដល់មេក្លោងចែកចាយ ដើម្បី កាត់ផ្តាច់ចរន្តទីផ្សារ ឈានទៅលុបបំបាត់ឲ្យបាននូវឫសគល់ នៃបញ្ហាគ្រឿងញៀនក្នុងសហគមន៍ ។
ក្នុងឱកាសនោះដែរ លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រៀងញៀនខេត្ត បានរម្លឹកដល់ យុវជន យុវនារី ទាំងអស់ សូមកុំចង់សាកល្បងគ្រឿងញៀន នឹងត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន កុំជឿតាមការញុះញង់បោកបញ្ឆោតរបស់នរណាម្នាក់ ឈានដល់ការប្រើប្រាស់ រហូតធ្លាក់ខ្លួនជាអ្នកញៀន គ្រឿងញៀន ដែលធ្វើឲ្យប៉ះពាល់ដល់អនាគតរបស់ខ្លួន។
លោកបញ្ជាក់ថា ទាំងអាណាព្យាបាល ក៏ដូចជាអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ត្រូវចូលរួមទាំងអស់គ្នា ដើម្បីឲ្យសហគមន៍មិនមានគ្រឿងញៀន ។ លោកអភិបាលរងខេត្តសៀមរាប ក៏បានសំណូមពរ ដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រដ្ឋបាលក្រុងស្រុកឃុំសង្កាត់ និងមន្ទីរអង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ យុវជនកាយរិទ្ធ យុវជនកាកបាទក្រហមសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ វិស័យឯកជននានា ចូលរួមសហការ និងចូលរួមចំណែកដល់ការអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យបានព្រមៗគ្នាដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀនផងដែរ ។
បើយោងតាមរបាយការណ៍សង្ខេបរបស់លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលស្តីពីលទ្ធផលនៃការអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរយៈពេល៥ខែ ក្នុងឆ្នាំ២០២៥ ក្រោមកិច្ចសហប្រតិបត្តិការរបស់ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមន្ទីរ អង្គភាព ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងអង្គការមិនមែនរដ្ឋាភិបាល ដោយក្នុងនោះសម្រេចបានលទ្ធផលគឺ៖ ស្នងការដ្ឋាននគរបាលខេត្ត និង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានចុះបង្រ្កាបលទ្ធផលរួម២២៣ករណី ឃាត់ខ្លួន១,០៨៨នាក់ ស្រី៨២នាក់ គ្រឿងញៀនសរុប១៧,៨៦៣.៦៧ក្រាម ប្រភេទរុក្ខជាតិកញ្ឆា(កញ្ឆាក្រៀម បារីកញ្ឆា កញ្ឆាគ្រាប់) សរុបទម្ងន់៣១,៧៧៣.៦៨ក្រាមក្នុងនោះមានដូចជា៖ ករណីជួញដូរ និងរក្សាទុក១២២ករណី ឃាត់ខ្លួន៣២៣នាក់ ស្រី៣៣នាក់ . ករណីប្រើប្រាស់៨០ករណី ឃាត់ខ្លួន៧៥១នាក់ ស្រី៤៤នាក់ និង អនុវត្តដីកាចំនួ២១ករណី ឃាត់ខ្លួន ១១នាក់ ។ ហើយនៅក្នុងមជ្ឈមណ្ឌលស្តារនីតិសម្បទាគ្រឿងញៀនខេត្តសៀមរាបបានទទួលអ្នកញៀនគ្រឿងញៀនចំនួន៨៣៦នាក់ ស្រី៦៤នាក់ ផងដែរ ៕
ដោយ៖ គឿនវេត



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


