ព័ត៌មានជាតិ
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា អំពាវនាវឲ្យអ្នកសារព័ត៌មាន រួមគ្នាពង្រឹងក្រមសីលធម៌ និងសុជីវធម៌ក្នុងការផ្សព្វផ្សាយព័ត៌មាន
ការអំពាវនាវរបស់សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានធ្វើឡើងតាមរយៈលិខិតមួយ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានលើកឡើងថា ខណៈនេះ សម្រាប់ប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលដែរ គឺត្រូវការការចូលរួមផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ដូច្នេះអ្នកសារព័ត៌មាន រួមទាំងអ្នកប្រើប្រាស់បណ្តាញសង្គម ត្រូវចូលរួមដោយមនសិការ ជៀសវាងឆក់ឱកាសនៅក្នុងគ្រាលំបាកនេះ បង្កើត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងព័ត៌មានបំពុល ដែលនាំឲ្យមានការយល់ខុស បង្កើតទោសកំហុសឲ្យខ្លួនឯង និងបង្កើតភាពអាប់អួក្នុងសង្គម។
បើតាមសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ពិតណាស់ នៅក្នុងបរិបទបច្ចេកវិទ្យាទំនើប គ្រប់គ្នាអាចជាអ្នកផ្សាយព័ត៌មានចេញបានរៀងរាល់នាទី តាមគ្រប់មធ្យោបាយ និងទៅតាមគោល បំណងដែលខ្លួនចង់។ ថ្មីៗនេះដែរ ស.ស.ស.ក កត់សំគាល់ឃើញថា ការបង្កើតព័ត៌មានក្លែងក្លាយ តាមរយៈបណ្តាញសង្គម Facebook, YouTube, និង TikTok បាននឹងកំពុងកើនឡើង រហូតក្រសួងព័ត៌មាន ត្រូវសម្រេចចិត្តតាមផ្លូវច្បាប់លុបអាជ្ញាបណ្ណអង្គភាពសារព័ត៌មានមួយចំនួន។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាលើកឡើងថា ទី១. ពិតណាស់ ពហុមតិ គឺជាសួនច្បារនៃប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ បើពហុមតិ ពោរពេញដោយការប្រមាថ ការបំភ្លៃ និងការបំពុល នោះគឺជាទង្វើដែលនាំឲ្យអាប់ឱនដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រជាជាតិ និងជាមេរោគសង្គមទៅវិញទេ។ ក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ច នឹងគ្មានភាពចាំបាច់ក្នុងការដក អាជ្ញាបណ្ណ ឬឃាត់ខ្លួនបុគ្គលណាម្នាក់យកមកអប់រំណែនាំនោះទេ ប្រសិនបើ “អ្នកជាពលរដ្ឋល្អ” ដែលមានការទទួលខុសត្រូវ មានសីលធម៌ និងសុជីវធម៌។
ទី២. ការកត់សំគាល់ដែលគួរចាប់អារម្មណ៍ទាំងអស់គ្នាគឺថា ប្រទេសកម្ពុជាយើងឥឡូវនេះ មិនមែនប្រឈមបញ្ហាកង្វះព័ត៌មាននោះទេ ប៉ុន្តែបញ្ហាដែលកំពុងបន្តកើតឡើង គឺការឆ្លៀតបង្កើតផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានប្រឌិត បំភ្លៃ បំប៉ោង និងបំពុល។ បញ្ហាឥឡូវនេះដែរ ក៏មិនមែនគ្មានលំហសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនោះទេ ប៉ុន្តែគឺបញ្ហាប្រើប្រាស់សិទ្ធិសេរីភាពហួសព្រំដែន ប៉ាតណាប៉ាតណី ខ្វះការទទួលខុសត្រូវនិងគ្មានសុជីវធម៌។ ភាសាប្រមាថចំពោះអ្នកចាក់វ៉ាក់សាំងថាជាសត្វត្រូវគេពិសោធន៍ និងការប្រឌិតព័ត៌មានចំពោះអ្នកស្លាប់ថា ស្លាប់ដោយសារការចាក់វ៉ាក់សាំង នេះគឺជាទង្វើអសីលធម៌អាក្រក់ហួសហេតុ។

បញ្ហាដដែលៗខាងលើនេះ ក៏បង្កើតនូវបញ្ហាបន្ថែមទៀតដូចតទៅ៖
ក. សមត្ថកិច្ចដែលអនុវត្តច្បាប់ បែរជាត្រូវបានចាត់ទុកថា ជាអ្នកគំរាមកំហែងសិទ្ធិសេរីភាពពលរដ្ឋក្នុងការបញ្ចេញមតិ និងអ្នកសារព័ត៌មានទៅវិញ។
ខ. តម្លៃអ្នកសារព័ត៌មានអាជីព ត្រូវបានធ្វើឲ្យស្រអាប់ ដោយសារតែអ្នកផ្សាយខ្វះសីលធម៌។
គ. បរិយាកាសវ៉ល់វ៉ក់គ្មានតម្លៃ ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់នៅក្នុងសង្គម។
ឃ. បរទេសចាំឆ្លៀតឱកាសយកបញ្ហានេះ សម្រាប់ដាក់នៅក្នុងរបាយការណ៍របស់ខ្លួន ភ្ជាប់ជាមួយ កម្មវត្ថុនយោបាយ សិទ្ធិមនុស្ស និងអ្វីដែលហៅថា ប្រជាធិបតេយ្យ។ តើយុត្តិធម៌ទេ ដែលទង្វើរបស់បុគ្គលខ្លះដែលគ្មានសីលធម៌ គ្មានសុជីវធម៌ បែរជាត្រូវឲ្យសង្គមទទួលស្រអាប់ជំនួស ?។
ទី៣. វាជាការយល់ច្រឡំដ៏គ្រោះថ្នាក់ នៅពេលអ្នកសារព័ត៌មាន ឬអ្នកប្រើប្រាស់បណ្តាញសង្គម ចាត់ទុកខ្លួនគឺជាអ្នកដើរតួដោះស្រាយបញ្ហាសង្គម។ ការពិត អ្នកគ្មានភារកិច្ចចុះដោះស្រាយបញ្ហាណាមួយទេ។ អ្នកគ្មានសម្បទាជានគរបាលយុត្តិធម៌។ អ្នកមិនមែនជាចៅក្រមកាត់ក្តី។ អ្នកគ្មានវិជ្ជាជីវៈជាគ្រូពេទ្យ ហើយច្បាប់ក៏មិនបានប្រគល់សិទ្ធិឲ្យអ្នក ជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ណាមួយនោះទេ។ មុខងារពិតប្រាកដរបស់អ្នកគឺផ្សព្វផ្សាយ ដើម្បីជាមូលដ្ឋានសម្រេចចិត្តត្រឹមត្រូវ ដោយឈរលើ៖ ក្រមសីលធម៌វិជ្ជាជីវៈ ការពិតត្រឹមត្រូវ មានតុល្យភាព និងអាចផ្ទៀងផ្ទាត់បាន។ អ្នកសារព័ត៌មានគួរចាត់ទុកខ្លួនឯងជាបញ្ញវ័ន្ត ហើយបញ្ញវ័ន្ត ដែលមានចំណេះដឹង ដែលចេះក្រែង និងចេះមានភាពខ្មាសអៀន នឹងមិនបញ្ចេញមតិគំនិតយោបល់ប៉ាតណាប៉ាតណីនោះទេ។ នៅពេលដែលតម្លៃគំនិតប្រាជ្ញានិងសុជីវធម៌ត្រូវបានបោះបង់ ហើយសម្តីកោងកាចក្លាយជាតួអង្គ នោះគឺជាគ្រោះថ្នាក់។
ទី៤. សូមកុំភ្លេចថា ជាពលរដ្ឋម្នាក់ យើងមានចំណែកជាភាគហ៊ុននៅក្នុងសង្គមជាតិរបស់យើង។ ការផ្សាយព័ត៌មានមួយ គឺវាងាយស្រួលណាស់ ប៉ុន្តែការផ្សាយអំពីមុខមាត់ប្រទេសជាតិ គួរតែត្រូវបានគិតឲ្យបានគ្រប់ជ្រុងជ្រោយ។ យើងគួរតែយកចិត្តទុកដាក់ឲ្យហ្មត់ចត់បំផុត ថាតើរូបភាពនិងខ្លឹមសារដែលខ្លួនបានផ្សាយចេញទៅ បានបម្រើឲ្យគោលដៅអ្វី មានសារប្រយោជន៍ ឬវាជាការបំផ្លាញតម្លៃសាមគ្គីប្រជាជន បំផ្លាញមុខមាត់ និងតម្លៃជាតិរួមរបស់យើង? អ្នកក៏ជាវិចិត្រករចូលរួមគូររូបភាពប្រទេសជាតិរបស់អ្នក ដែលបង្ហាញនូវតម្លៃធម៌អារ្យ និងភាពស៊ីវិល័យរបស់ប្រជាជាតិយើងទាំងមូលផងដែរ។
ទី៥. យើងទទួលស្គាល់ថា នៅប្រទេសកម្ពុជា នៅមិនទាន់មានក្រុមប្រឹក្សាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដែលមានសិទ្ធិអំណាចក្នុងដាក់ទណ្ឌកម្មលើការផ្សាយដែលគ្មានក្រមសីលធម៌នៅឡើយទេ។ ក្រសួងមានសមត្ថកិច្ចក៏មិនរឹតត្បិតថា តើបុគ្គលត្រូវមានលក្ខណៈសម្បត្តិបែបណា ដែលគួរត្រូវបានអនុញ្ញាតឲ្យប្រកបមុខងារជាអ្នកសារព័ត៌មាន ឬជាអ្នកផ្សព្វផ្សាយនោះនៅឡើយទេ។ ស្ថិតនៅក្នុងបរិបទដែលយើងនៅតែចង់ផ្តល់ឱកាសឲ្យគ្រប់គ្នាមានចំណែកក្នុងសង្គម តាមរយៈវិស័យព័ត៌មាន និងការផ្សព្វផ្សាយនោះជម្រើស “ឈ្នះ-ឈ្នះ” របស់យើង គប្បីអនុវត្តតាមប្រសាសន៍ដ៏ពិសិដ្ឋរបស់ សម្តេចតេជោ ហ៊ុន សែន គឺ “អ្នកសារព័ត៌មាន៖ កុំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត”។ អាទិភាពចំពោះមុខដែរ គឺការចូលរួមផ្សព្វផ្សាយទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ តាមរយៈពង្រីកការផ្សព្វផ្សាយវិធានការ “៣ការពារ ៣កុំ” គឺជាការរួមចំណែកដ៏ប្រពៃណាស់។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ មានបេសកកម្មពីរយ៉ាងគឺ៖ ទី១. រួមចំណែកក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន និងទី២. រួមចំណែកតម្រង់ទិសការផ្សព្វផ្សាយ ដើម្បីបុព្វហេតុលើកតម្កើងឧត្តមភាពជាតិមាតុភូមិកម្ពុជា៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?