ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា៖ អ្នកសារព័ត៌មាន ត្រូវពង្រឹងគុណភាព និងសមត្ថភាព ដើម្បីចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ
នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា អ្នកសារព័ត៌មាន ត្រូវពង្រឹងគុណភាព និងសមត្ថភាព ដើម្បីចូលរួមទប់ស្កាត់ ព័ត៌មានក្លែងក្លាយ។

ក្នុងន័យនេះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ឱ្យពង្រឹងគុណភាព និងសមត្ថភាពជំនាញ ដោយត្រូវខិតខំស្វែងរកឱកាសទទួលបាននូវការបណ្តុះបណ្តាលស្តីពីជំនាញសារព័ត៌មាននិងក្រមសីលធម៌ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ តាមរយៈការផ្សាយព័ត៌មានពិត ដើម្បីពន្យល់និងបំភ្លឺសាធារណៈជនក្នុងគោលបំណងបន្សាបព័ត៌មានក្លែងក្លាយទាំងនោះពីលំហព័ត៌មានក្នុងសង្គមកម្ពុជា។
លោកថា បច្ចេកវិទ្យាបានបើកឱកាសដល់អ្នកប្រើប្រាស់អ៊ីនធឺណិតបង្កើតមាតិកាជាច្រើន ជាពិសេសតាមរយៈគណនីយ៉ាងសម្បូរបែបលើបណ្តាញទំនាក់ទំនងសង្គមរបស់គេ ដែលបានយកទៅបម្រើការស្វែងរកប្រយោជន៍ផ្ទាល់តាមរយៈការផលិត និងបញ្ចេញព័ត៌មានក្លែងក្លាយផ្សេងៗជាសាធារណៈ ជាប្រចាំ ដោយមិនបានគិតដល់ហានិភ័យ និងផលវិបាកនានា ដែលព័ត៌មានកាឡៃ បំភ្លៃ បំភាន់ ទាំងនោះបានបង្កឡើងដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ព័ត៌មានឡើយ។ ទង្វើទាំងនេះ បានប៉ះពាល់ដល់ការទទួលព័ត៌មានពិត ប្រកបដោយគុណភាព និងសុវត្ថិភាពព័ត៌មានរបស់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។

ជាមួយគ្នានោះ លោកក៏បានលើកឡើង អំពីសារៈសំខាន់នៃធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ថា ជាគោលការណ៍គ្រឹះ និងស្តង់ដាអប្បបរមានៃក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការធានាការអនុវត្តការប្រកបការងារប្រចាំថ្ងៃ និងតម្រង់ទិសលើការអនុវត្តក្រមសីលធម៌ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ដោយភាពសុចរិត ត្រឹមត្រូវ វិជ្ជាជីវៈ និងភាពស្របច្បាប់ ដើម្បីកសាងជំនឿទុកចិត្តលើសារព័ត៌មានកាន់តែខ្លាំងថែមទៀត។ លោកបានរំលេចផងដែរ អំពីគ្រោះថ្នាក់នៃការទទួលព័ត៌មានដែលត្រូវបានគេកាឡៃ គ្មានប្រភពច្បាស់លាស់ផ្សាយក្នុងគោលបំណងទុច្ចរិត ក៏ដូចជាការបំភ្លៃការពិត ការបំភាន់មតិសាធារណៈ ដើម្បីបំពុលសង្គម បានជះឥទ្ធិពលអាក្រក់ និងបង្កផលវិបាកមកលើសង្គម ពោលគឺបង្កឱ្យមានភាពចលាចល ភាពច្របូកច្របល់ និងអសន្តិសុខក្នុងសង្គម។
ការរៀបចំសិក្ខាសាលានេះ បានបើកទូលាយដល់ការចូលរួមពីសំណាក់តួអង្គពាក់ព័ន្ធទាំងអស់ ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ក្នុងដំណើរការរៀបចំ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដែលបច្ចុប្បន្នស្ថិតនៅក្នុងដំណាក់កាលពិគ្រោះយោបល់បន្ត បន្ទាប់ពីសិក្ខាសាលាតម្រង់ទិសនិងប្រមូលធាតុចូលលើក្រមសីលធម៌ ដែលត្រូវបានរៀបចំនៅក្នុងខែមេសា ឆ្នាំ២០២៤ កន្លងទៅរួចមក។ ក្រោយពេលអនុម័តរួច «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នេះនឹងក្លាយជាស្តង់ដាប្រតិបត្តិ ក្រមសីលធម៌វិជ្ជាជីវៈរបស់ជាតិ សម្រាប់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ គោរព និងប្រតិបត្តិតាម ដើម្បីធានាការលើកកម្ពស់គុណភាពការងារអាជីព សីលធម៌សង្គម និងតម្លៃវិជ្ជាជីវៈសម្រាប់វិស័យព័ត៌មាន និងសោតទស្សន៍កម្ពុជា។

បន្ទាប់ពីសិក្ខាសាលានេះ ក្រសួងព័ត៌មាននឹងបន្តសម្របសម្រួលប្រមូលធាតុចូលទាំងឡាយពីអ្នកពាក់ព័ន្ធ ដែលអាចផ្តល់យោបល់ និងធាតុចូលចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ រហូតដល់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤។
ក្រសួងបានបញ្ចាក់ថា ក្រោយធម្មនុញ្ញសារព័ត៌មាននេះ ត្រូវបានបង្កើតឡើង និងប្រកាសដាក់ឱ្យប្រើប្រាស់ហើយ អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន និងភាគីពាក់ព័ន្ធផ្សេងទៀតអាចយកធម្មនុញ្ញនេះជាមូលដ្ឋានក្នុងការរៀបចំក្រមសីលធម៌សម្រាប់អង្គភាព សមាគម និងស្ថាប័នរបស់ខ្លួនផ្ទាល់ សម្រាប់ឱ្យសមាជិកគោរព និងអនុវត្តតាម៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


