ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ អ្នកសារព័ត៌មានដែលចុះបញ្ជីត្រឹមត្រូវ មានក្រមសីលធម៌ ត្រូវបានការពារសិទ្ធិដោយរដ្ឋាភិបាល
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានលើកឡើងថា អ្នកសារព័ត៌មាននៅកម្ពុជា ដែលបានចុះបញ្ជីត្រឹមត្រូវជាមួយក្រសួងព័ត៌មាន និងមានក្រមសីលធម៌ត្រឹមត្រូវតាមច្បាប់កំណត់ ត្រូវបានលើកកម្ពស់ និងការពារដោយក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលគ្រប់អាណត្តិ។

លោក លើកឡើងបែបនេះ នៅក្នុងកម្មវិធីប្រារព្ធទីវាសេរីភាពសារព័ត៌មានពិភពលោក (៣ ឧសភា) ក្រោមប្រធានបទ “សារព័ត៌មានសម្រាប់ភពផែនដី ក្នុងបរិបទ នៃវិបត្តិបរិស្ថានសកល” នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្រោមការគាំទ្រដោយស្ថានទូតស៊ុយអែត ការិយាល័យប្រចាំទីក្រុងភ្នំពេញ និងអង្គការ UNESCO ព្រមទាំងអង្គការដៃគូ ដោយមានវត្តមានអ្នកចូលរួមប្រមាណ ២០០នាក់។
លោក ទេព អស្នារិទ្ធ បាននិយាយថា៖ “អ្នកសារព័ត៌មានត្រូវបានលើកកម្ពស់សិទ្ធិដោយរាជរដ្ឋាភិបាល ពីអាណត្តិមួយទៅអាណត្តិមួយជារៀងរហូតមក ហើយក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើសេរីភាពសារព័ត៌មាន ការគាំពារ និងការពារសិទ្ធិដល់អ្នកសារព័ត៌មាន ក្នុងករណីដែលពួកគេជួបប្រទះនឹងបញ្ហាក្នុងពេលបំពេញការងាររបស់ខ្លួន ពោល គឺសម្រាប់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន ហើយដែលបានគោរព និងអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ”។

បន្ថែមពីលើនេះ ក្រសួងព័ត៌មាន ក៏បានទទួលពិនិត្យ ស្រាវជ្រាវអំពីអង្គហេតុ និងអង្គច្បាប់ ដោយអនុវត្តយន្តការសម្របសម្រួល ផ្តល់ប្រឹក្សាផ្នែកច្បាប់ ក្នុងការដោះស្រាយវិវាទនៅពេលអ្នកសារព័ត៌មាន ដែលមានក្រមសីលធម៌ និងវិជ្ជាជីវៈ មានបញ្ហាប្រឈមណាមួយនៅពេលអនុវត្តការងាររបស់ខ្លួន។ នៅកម្ពុជា អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានចុះបញ្ជី ហើយជួបបញ្ហាប្រឈមដូច្នេះ ត្រូវបានទទួលបានការការពារ ដែលនេះជាអាទិភាពមួយស្ថិតនៅក្នុងក្របខណ្ឌរួមនៃការធានាសិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិក្នុងការបញ្ចេញមតិ និងទទួលព័ត៌មាននៅកម្ពុជា។ ជាក់ស្តែង នៅក្នុងឆ្នាំ២០២៣កន្លងមក ក្រសួងព័ត៌មាន បានទទួលដោះស្រាយវិវាទរបស់អង្គភាពសារព័ត៌មាន ចំនួន៤៣លើក និងបានផ្តល់ជំនួយប្រឹក្សាផ្នែកច្បាប់ដល់អង្គភាពសារព័ត៌មានចំនួន ៥០លើក។ ជាមួយគ្នានេះ ក្រសួងព័ត៌មានក៏បាននិងកំពុងបន្តពង្រឹងកិច្ចសហការដែលមានស្រាប់ជាមួយក្រុមការងារមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីផ្តល់ការការពារផ្នែកច្បាប់ដល់អ្នកសារព័ត៌មាន ដែលប្រតិបត្តិការងារតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ក្នុងក្របខណ្ឌនៃការផ្តល់ការគាំពារ និងលើកស្ទួយសេរីភាពសារព័ត៌មាននៅកម្ពុជា។

នៅក្នុងឱកាសនេះ លោក ទេព អស្នារិទ្ធ ក៏បានដាស់តឿនដល់អ្នកសារព័ត៌មានគ្រប់រូប ឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនជាប់ជានិច្ច រាយការណ៍ព័ត៌មានពិត យល់ច្បាស់ពីក្របខណ្ឌច្បាប់ និងមិនត្រូវដើរតួនាទីជំនួសអាជ្ញាធរមានសមត្ថកិច្ច នគរបាល ស្ថាប័នតុលាការ ឬអង្គភាពណាមួយនោះទេ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងព័ត៌មាន នឹងបន្តលើកទឹកចិត្តដល់ការផ្តល់ព័ត៌មានពិត ព័ត៌មានត្រឹមត្រូវ ព័ត៌មានគ្រប់ជ្រុងជ្រោយ មានប្រភពច្បាស់លាស់ ដោយគោរពក្រមសីលធម៌ និងវិជ្ជាជីវៈ ដើម្បីរួមចំណែកតាមដានការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងរួមចំណែកអភិវឌ្ឍសង្គមជាតិ។
បន្ថែមពីនេះ អ្នកនាំពាក្យ ក៏បានលើកឡើងស្តីអំពីរបាយការណ៍ ស្តីពី “ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា” ដែលលទ្ធផលនៃសិក្សាបានង្ហាញថា អ្នកសារព័ត៌មានចំនួន ៧៩,៨% ក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិសរុប បានឆ្លើយថាសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ។ អ្នកសារព័ត៌មានចំនួន ៩៥% ក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិទាំងអស់ បានឯកភាពថា ភាពសម្បូរបែបនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាបច្ចុប្បន្ន គឺជាការចូលរួមលើកកម្ពស់សេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ ខណៈអ្នកសារព័ត៌មានចំនួន ៧៩,៨% បានអះអាងថា ខ្លួនមានសេរីភាពពេញលេញក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាន ដោយមានភាពងាយស្រួល និងសុវត្ថិភាពក្នុងការប្រមូលព័ត៌មានពីប្រភពផ្សេងៗសម្រាប់ការសរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី។ ទន្ទឹមនេះ ក្នុងចំណោមអ្នកចូលរួមការស្ទង់មតិសរុប មនុស្សចំនួន ៩៩,៧% បានផ្តល់សារៈសំខាន់ក្នុងការគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មានផងដែរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


