Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំអញ្ជើញកាត់ប្រធានវិញ្ញាសានៅមណ្ឌលប្រឡងបេក្ខជនមកពីខេត្តឧត្តរមានជ័យ ដែលរងគ្រោះដោយការឈ្លានពានពីភាគីថៃ

បានផុស

នៅ

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយថ្នាក់ដឹកនាំក្រសួងនៅព្រឹកថ្ងៃទិ២៩សីហានេះ បានអញ្ជើញកាត់ប្រធានវិញ្ញាសា និងពិនិត្យស្ថានភាពទូទៅមុនដំណើរការសំណេរ នៅមណ្ឌលប្រឡងនៅទីរួមស្រុកពួក ខេត្តសៀមរាប សម្រាប់បេក្ខជនមកពីខេត្តឧត្តរមានជ័យ ដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពានពីសំណាក់ភាគីថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះលោកបណ្ឌិតសភាចារ្យ ឧបនាយរដ្ឋមន្ត្រី សូមជូនពបេក្ខជនទាំងអស់ជោគជ័យក្នុងការប្រឡង ជាពិសេសទទួលបាននិទ្ទេសល្អៗ និងសូមលើកទឹកចិត្តឱ្យគណៈមេប្រយោគ គណៈកម្មការនានា និងអ្នកពាក់ព័ន្ធនឹងការរៀបចំដំណើរការប្រឡងនៅឆ្នាំនេះ សូមខិតខំបំពេញ តាមភារកិច្ចរៀងៗខ្លួន ប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាព ដើម្បីធានាថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបានជោគជ័យ និងសុវត្ថិភាពទាំងអស់គ្នា។

ដោយសារវិបត្តជម្លោះនៅព្រំដែនជាមួយប្រទេសថៃមិនទាន់បញ្ចប់ ក្រសួងអប់រំ យុវជន និង កីឡាបានសម្រេចផ្ទេរបេក្ខជន ១៧៧២នាក់ ស្រី១០១៤នាក់នៅខេត្តឧត្តរមានជ័យ មកប្រឡងនៅទីរួមស្រុកពួក ខេត្តសៀមរាបវិញ ដោយមានមណ្ឌលប្រឡងចំនួន ៣ រួមមាន (១) មណ្ឌលបឋមសិក្សាទៀបាញ់គំរូ មាន១៣បន្ទប់ បេក្ខជនមានចំនួន៣០៨នាក់ ស្រីចំនួន១៨៥ (២) មណ្ឌល វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេពួក (ខាងលិច) មាន២៧បន្ទប់ បេក្ខជនមានចំនួន៦៦៤នាក់ ស្រីចំនួន៣៥០នាក់ (៣) មណ្ឌលវិទ្យាល័យ វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេពួក (ខាងកើត) មាន៣២បន្ទប់ បេក្ខជនមានចំនួន ៨០០នាក់ ស្រី៤៧៩នាក់។ ចំពោះបេក្ខជនដែលមានជីវភាពខ្វះខាត ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយរដ្ឋបាលខេត្តឧត្ដរមានជ័យ បានផ្ដល់កាគាំទ្រជាពិសេស កន្លែងស្នាក់នៅ ការដឹកជញ្ជូននិងផ្ដល់អាហារបីពេលជូនផងដែរ។

សម្រាប់បេក្ខជនមកពីខេត្តឧត្តរមានជ័យក្រសួងអប់រំបានឧបត្ថម្ភថវិកាក្នុង១នាក់ចំនួន១០ម៉ឺនរៀល និងមី៦កញ្ចប់សម្រាប់ដំណើរការប្រឡងរយៈពេល២ថ្ងៃដោយផ្តល់កន្លែងស្នាក់នៅផងដែរ។ ចំណែកបេក្ខជននៅខេត្តព្រះវិហាររងគ្រោះដោយសារការឈ្លានពានប្រទេសថៃដែលប្រឡងនៅទីរួមខេត្ត ក្រសួងបានផ្តល់ប្រាក់ឧបត្ថម្ភបេក្ខជន១នាក់ចំនួន៥ម៉ឺន​នរៀលនិងមី៦កញ្ចប់។

នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នេះ វិញ្ញាសាត្រូវប្រឡង សម្រាប់ថ្នាក់ វិទ្យាសាស្ត្រសង្គម នៅម៉ោង ៧កន្លះ ដល់ម៉ោង ៩ គឺ គណិតវិទ្យា(៩០នាទី) និងនៅម៉ោង ៩កន្លះ ដល់ម៉ោង ១១ គឺ សីលធម៌ ពលរដ្ឋវិជ្ជា(៩០នាទី)។ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ វិញ្ញាសាត្រូវប្រឡង នៅម៉ោង ៧កន្លះ ដល់ម៉ោង ៩ គឺ មុខវិជ្ជា អក្សរសាស្ត្រខ្មែរ(៩០នាទី) និងម៉ោង ៩កន្លះ ដល់ម៉ោង ១១ គឺមុខវិជ្ជារូបវិទ្យា(៩០នាទី)៕

អត្ថបទ៖​ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម