Connect with us

ព័ត៌មានជាតិ

ខេត្តមណ្ឌលគិរី! ក្រោមមូលនិធិអភិវឌ្ឍន៍ឃុំសង្កាត់ បានជួសជុលផ្លូវមួយខ្សែសម្រួលការធ្វើដំណើរ

បានផុស

នៅ

ផ្លូវលំក្រាលថ្មភ្នំមួយខ្សែដែលមានប្រវែង ៥គីឡូម៉ែត្រ និងទទឹង ៥ម៉ែត្រ ស្ថិតនៅសាលាឃុំមេម៉ង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវបានដាក់ឱ្យដេញថ្លៃ ដើម្បីជួសជុលសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន។ គម្រោងនេះ ត្រូវបានផ្តល់ដោយថវិកាមូលនិធិអភិវឌ្ឍន៍ឃុំ/សង្កាត់ ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីដេញថ្លៃ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ០៨ ខែកញ្ញា​ ឆ្នាំ ២០២៥ ដោយមានក្រុមហ៊ុនចំនួន ៥ ចូលរួមដាក់សំណើរដេញថ្លៃផ្លូវមួយខ្សែនោះ។ ក្រោយការដាក់សំណើរដេញថ្លៃទាំង ៥ ក្រុមហ៊ុនរួចមក ជាលទ្ធផលផ្លូវការគឺបានទៅលើក្រុមហ៊ុន ទេព សុភាក់ បានដាក់តម្លៃត្រឹម ១៧០.៥០០.០០០រៀល។ ចំណែកក្រុមហ៊ុន៤ទៀតរួមមាន ក្រុមហ៊ុនហួបូបានដាក់តម្លៃ ២៤០.០០០.០០០រៀល ឯក្រុមហ៊ុនខូវម៉េងបានដាក់តម្លៃ១៧៥.០៨០.០០០រៀល ក្រុមហ៊ុន គាំ សុធា បានដាក់តម្លៃ២៦២.០០០.០០០រៀល នឹងក្រុមហ៊ុន រ័ត្នមេត្តា បានដាក់តម្លៃ២៥៥.០០០.០០០រៀល នៅក្នុងតម្លៃប៉ាន់ស្មាន
( ២៩៤.៣០២.៩០០រៀល)។

លោក ចាន់ សាមេន ជាមេឃុំមេម៉ង់បានប្រាប់«កម្ពុជាថ្មី» ឲ្យដឹងថា ការជួសជុលផ្លូវនេះ ក្រោមថវិកាមូលនិធិអភិវឌ្ឍន៍ ឃុំសង្កាត់នៅក្នុងឃុំមេម៉ង ក្នុងឆ្នាំ២០២៥ ដោយមានគម្រោងជួសជុលផ្លូវដីចាក់ថ្មភ្នំដែលមានប្រវែង ៥គីឡូម៉ែត្រ និងទទឹង ៥ម៉ែត្រ។ ការជួសជុលផ្លូវនេះរួមមាន ទាំងការសាងសង់ស្ពានឈើក្បាលបេតុងមួយកន្លែង ផ្លូវបង្ហៀរពីរកន្លែង និងដាក់លូកាត់ផ្លូវចំនួនបួនកន្លែង ដែលស្ថិតនៅក្នុងភូមិពួកកេះ ឃុំមេម៉ង។

ក្នុងពិធីដេញថ្លៃនោះ លោកក៏បានក្រើនរំលឹកដល់ក្រុមហ៊ុនទទួលសិទ្ធិបានគម្រោង ត្រូវសាងសង់ផ្លូវមួយខ្សែប្រកបដោយស្តង់ដាបច្ចេកទេស គុណភាព ដើម្បីបម្រើដល់ប្រយោជន៍សាធារណៈយូរអង្វែង។ លោកមេឃុំ បានសង្កត់ធ្ងន់ទៅលើក្រុមហ៊ុនដែលបានទទួលសិទ្ធិសាងសង់ផ្លូវមួយខ្សែនេះ ត្រូវដាក់គ្រឿងចក្រសាងសង់ទៅតាមកិច្ចសន្យាក្នុងនាមប្រធានលទ្ធកម្មឃុំ នឹងចាប់ផ្តើមស្ថាបនាទៅតាមពេលវេលាដែលបានគ្រោងទុក។ លោកថា៖«ត្រូវអនុវត្តទៅតាមកិច្ចសន្យាធ្វើទៅតាមស្តង់ដាបច្ចេកទេស បើមិនដូច្នោះទេ ត្រូវដកហូតសិទ្ធិសាងសង់ នឹងផ្អាកការសាងសង់ភ្លាម ហើយត្រូវផ្ទេររកក្រុមហ៊ុនថ្មីមកសាងសង់ជំនួសវិញ»៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម