Connect with us

ព័ត៌មានជាតិ

មួយរដូវបិណ្ឌភ្ជុំ គ្រោះថ្នាក់ចរាចរណ៍ផ្តាច់ជីវិតមនុស្ស៦៨នាក់ របួសជាង១០០នាក់

បានផុស

នៅ

មួយរដូវកាលកាន់បិណ្ឌ និងភ្ជុំបិណ្ឌ កន្លងទៅថ្មីៗនេះ មានមនុស្ស ៦៨នាក់បានស្លាប់ និងរបួសធ្ងន់-ស្រាល ១៣៦នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស។ បើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ គ្រោះអកុសលនេះ បានកើតឡើងក្នុងគ្រោះថ្នាក់ចរាចរណ៍ចំនួន ១០៣ករណី ចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរង បានបន្ថែមថា ក៏មិនខុសពីមូលហេតុក្នុងឆ្នាំមុនៗនោះដែរ នារដូវកាលកាន់បិណ្ឌ និងភ្ជុំបិណ្ឌកន្លងទៅនេះ កត្តាដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើន គឺដោយសារការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិ វ៉ាជែងមិនប្រកាន់ស្តាំ បត់ក្នុងស្ថានភាពគ្រោះថ្នាក់ ស្រវឹង និងកត្តាយានយន្តជាដើម។ លោកចាត់ទុកបញ្ហានេះជាសោកនាដកម្មដ៏គួរឱ្យព្រួយបារម្ភ។

ការព្រួយបារម្ភ ត្រូវបានអ្នកនាំពាក្យ សង្កត់ធ្ងន់ថា បើទោះបីជាពេលនេះ ផុតរដូវកាលកាន់បិណ្ឌ និងភ្ជុំបិណ្ឌក៏ដោយ ក៏ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតឡើង បណ្ដាលឱ្យមានអ្នកស្លាប់ រងរបួស និងខាតបង់ទ្រព្យសម្បត្តិជារៀងរាល់ថ្ងៃ ខណៈប្រភពនៃបញ្ហា គឺការបើកបរបំពានច្បាប់ចរាចរណ៍ គ្មានការយល់យោគអធ្យាស្រ័យ និងខ្វះការប្រុងប្រយ័ត្នពីសំណាក់អ្នកបើកបរផ្ទាល់។

អ្នកនាំពាក្យដដែល បានរំលេចថា រដូវកាលកាន់បិណ្ឌ និងភ្ជុំបិណ្ឌជាង១០ថ្ងៃកន្លងទៅនេះ មន្ត្រីនគរបាលចរាចរណ៍ បានយកចិត្តទុកដាក់អនុវត្តយ៉ាងសកម្មនូវការសម្រួលចរាចរណ៍គ្រប់តម្រាយផ្លូវ ដើម្បីផ្ដល់ភាពងាយស្រួល និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ រួមទាំងការធ្វើដំណើរទៅស្រុកកំណើត និងទីអារាម ដោយសមត្ថកិច្ចបានបន្តអនុវត្តគោលការណ៍មិនផាកពិន័យ។

យ៉ាងណាក៏ដោយ លោកសង្កត់ធ្ងន់ថា ក្នុងស្ថានភាពសមត្ថកិច្ចមិនអនុវត្តច្បាប់មួយរយៈមកនេះ ប្រជាពលរដ្ឋអ្នកបើកបរមួយចំនួន កាន់តែបង្ហាញឥរិយាបថមិនយកចិត្តទុកដាក់គិតគូរពីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ ដែលបញ្ហានេះបានធ្វើឱ្យអត្រាគ្រោះថ្នាក់ចរាចរណ៍បន្តហក់ឡើង និងជាការបង្ហាញច្បាស់អំពីសារៈសំខាន់នៃការអនុវត្តច្បាប់ផាកពិន័យអ្នកល្មើស។

សូមបញ្ជាក់ថា ដោយមិនគិតពីថ្ងៃកាន់បិណ្ឌ១មក គិតត្រឹមរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កើតឡើងចំនួន៣៤ករណី បណ្តាលឱ្យមានមនុស្សស្លាប់៣០នាក់ និងរបួសធ្ងន់ស្រាល៥០នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម