នយោបាយ
ក្រុមអតីតបក្សប្រឆាំង សោកស្ដាយចំពោះការរិះគន់ របស់លោក សម រង្ស៊ី ទៅលើគណបក្សបង្កើតថ្មី
ជាថ្មីម្ដងទៀតលោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង ដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេស បានបន្តរិះគន់គណបក្សបង្កើតថ្មី ជាពិសេសគណបក្ស ដែលបង្កើតឡើងដោយអតីតមន្ត្រី នៃអតីតគណបក្សសង្រ្គោះជាតិ។ ក្នុងជំនួបមួយនៅទីក្រុង Montreal ខេត្ដកេបិច ប្រទេសកាណាដា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ លោក សម រង្ស៊ី បានថ្លែងថា គណបក្សបង្កើតថ្មី ជាគណបក្សគ្មានឆន្ទៈស្នេហាជាតិ និងក៏គ្មានអ្នកណាជឿ ឬក៏គាំទ្រនោះដែរ។
ជាការឆ្លើយតប អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលបានបង្កើតគណបក្សថ្មីៗ បានបង្ហាញការសោកស្ដាយ និងថា ជានយោបាយដដែលៗ របស់អ្នកអតីតមេបក្សប្រឆាំងរូបនេះទៅហើយ។

លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅព្រឹកថ្ងៃទី២២ ខែកញ្ញានេះថា ការរិះគន់របស់លោក សម រង្ស៊ី អតីតមេបក្សប្រឆាំង ទៅលើគណបក្សបង្កើតថ្មី មិនមែនជារឿងថ្មីនោះ ពោលគឺនយោបាយដដែលៗ ២០ ទៅ៣០ឆ្នាំហើយ របស់អ្នកនយោបាយជើងរូបនេះ។ លោកថា លោក សម រង្ស៊ី ក្រៅពីរូបខ្លួន និងបក្សពួកខ្លួន សុទ្ធតែមិនមែនជាអ្នកស្នេហាជាតិ ដែលការនិយាយបែបនេះ ធ្វើឲ្យប៉ះពាល់ដល់អ្នកនយោ បាយ និងប្រជាពលរដ្ឋដទៃទៀត ដែលស្រលាញ់ជាតិ និងគិតគូបញ្ហាជាតិដូចគ្នាដែរនោះ។

លោក អ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍បន្តថា «គេមានយុទ្ធសាស្រ្ដផ្សេង ឬក៏គេមានទស្សនៈនយោបាយ ខុសពីខ្លួនមិនមែន មានន័យថា គេមិនស្រលាញ់ជាតិ មិនស្នេហាជាតិនោះទេ ហើយខ្ញុំមើលឃើញ អាហ្នឹងជាភាពចាស់ទុំនយោបាយ នៅក្នុងប្រទេសយើង នៅប្រទេសគេអត់ធ្វើដូចយើងអញ្ចឹងទេ គេបើកចំហទូលំទូលាយណាស់ គេគិតថា វាជាសេរីភាព វាជាការយល់ឃើញរបស់បុគ្គល»។
ចំណែកឯលោក គង់ ម៉ូនីកា ប្រធានគណបក្សឆន្ទៈខ្មែរ បានមានប្រសាសន៍ថា លោកមានការសោកស្ដាយ ដែលលោក សម រង្ស៊ី បានលើកឡើងដដែលជាដដែល ពាក់ព័ន្ធនឹងការបង្កើតគណបក្សថ្មីៗ នៅកម្ពុជា។ លោកថា ការលើកឡើង របស់អតីតមេបក្សប្រឆាំងរូបនេះ គឺដូចជាចាត់ទុកប្រជាធិបតេយ្យ និងប្រទេសកម្ពុជា ជាកម្មសិទ្ធិផ្ដាច់មុខរបស់ខ្លួន និងក្រុមរបស់ខ្លួន។

លោក គង់ ម៉ូនីកា មានប្រសាសន៍បន្តថា «ខ្ញុំមានការសោកស្ដាយ ក្នុងនាមជាអ្នកនយោបាយស្រករក្រោយ អ្នកនយោបាយបន្តវេន យើងពុំចង់ឃើញគំរូបែបនេះ របស់អ្នកដឹកនាំចាស់ៗ អ្នកនយោបាយជើងចាស់កន្លងមកនេះទេ គឺថា សូមឲ្យអ្នកនយោបាយជើងចាស់ ធ្វើការលើកទឹកចិត្ត ដល់អ្នកនយោបាយបន្តវេន ដើម្បីតស៊ូមតិ ដើម្បីធ្វើយ៉ាងណា ជួយលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
រីឯលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចវិញ បានលើកឡើងថា ការបង្កើតគណបក្សនយោបាយថ្មីៗនេះ គឺជាសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋទូទៅ អ្នកណាចង់បង្កើតគណបក្សនយោ បាយ គឺមានសិទ្ធិបង្កើតដោយពេញលេញ ស្របទៅតាមគោលការណ៍ច្បាប់កំណត់ ស្ដីពី គណបក្សនយោបាយ។

លោក សុខ ឥសាន មានប្រសាសន៍ថា «ហើយអ្នកដែលមតិថាអញ្ចេះ ថាអញ្ចុះ អាហ្នឹងជាការរំលោភសិទ្ធិអ្នកដទៃហើយ …ហើយក៏មិនអាចរារាំងសិទ្ធិរបស់គេបានដែរ គេអ្នកបង្កើត គេត្រូវតែបង្កើតហើយ ដោយសារគេមានឆន្ទៈចង់ប្រកួតប្រជែងក្នុងនយោបាយ លើទីលានប្រជាធិបតេយ្យនៅកម្ពុជា អត់មានអ្នកណា មានសិទ្ធិរារាំង ឬទប់ស្កាត់អីទេ»។
សូមជម្រាបថា គិតមកដល់ពេលនេះ មានគណបក្សនយោបាយចំនួន ៦ហើយ ដែលបង្កើតឡើងដោយអតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ។ គណបក្សទាំង៦នោះ រួមមាន៖ គណបក្សឆន្ទៈខ្មែរ មានលោក គង់ ម៉ូនីកា ជាប្រធាន, គណបក្សខ្មែរអភិរក្ស មានលោក រៀល ខេមរិន្ទ ជាប្រធាន, គណបក្សខ្មែរស្រលាញ់ជាតិ មានលោក ជីវ កត្តា ជាប្រធាន, គណបក្សកែទម្រង់កម្ពុជា មានលោក ប៉ុល ហំម ជាប្រធានបណ្ដោះអាសន្ន, គណបក្សកម្ពុជានិយម មានលោក យ៉ែម បុញ្ញឫទ្ធិ ជាស្ថាបនិក, និងគណបក្សបេះដូងជាតិ មានលោក សៀម ភ្លុក ជាស្ថាបនិក៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?