Connect with us

នយោបាយ

លោក គង់ គាំ ថា អ្នក​បញ្ឆេះ​ឲ្យ​មានការ​តវ៉ា ដើម្បី​បង្ក​ជា​ចលាចល​ដូច​នៅ​ភូមា ចៀស​មិន​ផុតពី​ការបង្ក​គ្រោះ​សម្រាប់​អ្នកចូលរួម

បានផុស

នៅ

អតីត​ប្រធាន​គណបក្ស​សម រង្ស៊ី និង​ជា​អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​របស់ CNRP ដែល​ត្រូវបាន​រំលាយ​ដោយ​តុលាការ​កំពូល​របស់​ក​ម្ពុ​ជា លោក គង់ គាំ បាន​អះអាងថា មាន​អ្នក​នៅ​ពីក្រោយ បក្សនយោបាយ​មួយ បាន​បង្កប់​គំនិត​បញ្ឆេះ​ការ​តវ៉ា ជាមួយ​សាលដីកា​តុលាការ​កំពូល ដែល​បាន​បិទផ្លូវ​តវ៉ា និង​បង្កប់​គំនិត​បញ្ឆេះ ឲ្យ​មានការ​ទាមទារ​ឲ្យ​ទម្លាក់​ការចោទប្រកាន់ និង​លើកលែងទោស​ចំពោះ​ឧក្រិដ្ឋជន​នយោបាយ ដើម្បី​បង្ក​ជា​ចលាចល​ឲ្យ​ដូច​នៅ​ភូមា ហើយ​អ្នក​បញ្ឆេះ​ឲ្យ​មាន​ការតវ៉ា​បែបនេះ អាច​បង្ក​គ្រោះ នាំទុក្ខ នាំ​ទោស ចំពោះ​អ្នកចូលរួម និង​អ្នកគាំទ្រ​ចៀស​មិន​ផុត​ឡើយ​។

តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន លោក គង់ គាំ លើកឡើងថា ក្នុងតួនាទី​ជា​ប្រធានកិត្តិយស​គណបក្ស​ឆន្ទៈ​ខ្មែរ លោក​តែង​បានទទួល​សំណួរ​ជាច្រើន ដោយ​ប្រយោល​ផង និង​ដោយផ្ទាល់​ផង អំពី​ទំនាក់ទំនង​របស់​អតីត CNRP ជាមួយ​សហរដ្ឋអាមេរិក និង​លោកខាងលិច (​មុន​រំលាយ​) និង​អំពី​ទំនាក់ទំនង​សហរដ្ឋអាមេរិក លោកខាងលិច​ជាមួយ​កម្ពុជា ពិសេស​ជាង​បួន​ឆ្នាំ (​ឆ្នាំ​២០១៧-​ឆ្នាំ​២០២២) កន្លងមក​។ លោក​ថា ទំនាក់ទំនង​បរទេស និង​អតីត CNRP (​មុន​រំលាយ​) មាន​វីដេអូ​សម្លេង​លោក កឹម សុខា និង​បទ​ចោទ​របស់​តុលាការ​។ ចំណែក​ទំនាក់ទំនង​បរទេស និង​កម្ពុជា ជាង​បួន​ឆ្នាំក្រោយ​ការរំលាយ មានការ​សម្ពាធ មានទណ្ឌ​កម្ម​ពី​បរទេស ហើយក៏​មាន​អ្នក​ជាប់ទោស​តាម​ផែនការ​មាតុភូមិនិវត្តន៍ (៩ វិច្ឆិកា ២០១៩) ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​ទាក់ទង អំពី​បច្ចុប្បន្ន នៃ​អតីត CNRP លោក គង់ គាំ លើកឡើងថា គ្រប់គ្នា​អាច​សន្និដ្ឋានបានថា យុទ្ធសាស្ត្រ​ប្រើ​សមរភូមិ​ក្រៅប្រទេស និង​ពឹង​អន្តរជាតិ​នោះ ប្រហែល​ទាល់ច្រក​ទាំងស្រុង​ហើយ​។ ជាក់ស្ដែង អ្នកនយោបាយ សម រង្ស៊ី និយម និង​អ្នកនយោបាយ កឹម សុខា និយម បាន​សុំ​សិទ្ធិ និង​សុំ​បង្កើត​គណបក្សនយោបាយ​ថ្មីៗ ឬ​ប្រើ​គណបក្សនយោបាយ​ចាស់ ដើម្បី​ជា​សមរភូមិ​នៅ​កម្ពុជា​ឡើងវិញ​។ លោក​ថា “​ក្រុម​មេដឹកនាំ​នយោបាយ (​នាង​មិនអាច​ឥត​អ្នក​) (​ដែល​ចាំ​ព្រះអាទិត្យ ហើយ​ប្រើ​ភ្លើងទៀន​សិន​) និង​មិនទាន់​បញ្ជាក់​ពី​ការចូលរួម​បោះឆ្នោត​ច្បាស់លាស់​នេះ គឺ​បាន​បង្កប់​គំនិត​បញ្ឆេះ​ការតវ៉ា ជាមួយ​សាលដីកា​បិទផ្លូវ​តវ៉ា និង​បង្កប់​គំនិត​បញ្ឆេះ​ការទាមទារ​ឲ្យ​ទម្លាក់​ការចោទប្រកាន់​ឲ្យ​លើកលែងទោស ចំពោះ​ឧក្រិដ្ឋជន​នយោបាយ ដែលមាន​សាលក្រម​ផ្តន្ទាទោស ដើម្បី​បង្ក​ជា​ចលាចល​ឲ្យ​ដូច​នៅ​ភូមា ហើយ​ស្ថានការណ៍​អាច​បង្ក​គ្រោះ នាំទុក្ខ​នាំ​ទោស ចំពោះ​អ្នកចូលរួម និង​អ្នកគាំទ្រ​ចៀស​មិន​ផុត​ឡើយ​”​។

ដោយ​អរគុណ ២៣ តុលា លោក គង់ គាំ ក្នុងនាម​គណបក្ស​ឆន្ទៈ​ខ្មែរ បានប្រកាស​ចូលរួម​កា​រ​បោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ​២០២២ និង​ការបោះឆ្នោត​តំណាងរាស្ត្រ​ឆ្នាំ​២០២៣ និង​អះអាងថា នឹងមិន​រត់ចោល​សម​រ​ភូមិ​កម្ពុជា​ឡើយ ហើយ​គណបក្ស​ឆន្ទៈ​ខ្មែរ ប្រាកដជា​ទទួលបាន​អាសនៈ​ទាំង​ថ្នាក់ក្រោម​ជាតិ ទាំង​ថ្នាក់ជាតិ ហើយ​បន្ត​បម្រើ​ម្ចាស់ឆ្នោត​ឲ្យ​មាន​ទំនាក់ទំនង​ល្អ ទាំង​ជាមួយ​ចិន ជាមួយ​អាមេរិក និង​លោកខាងលិច​។​

ការលើកឡើង​របស់លោក គង់ គាំ ដែលជា​អតីត​អ្នកនយោបាយ​ជើងចាស់​មួយរូប​ដែរនោះ បើទោះបីជា​លោក​មិនបាន​បញ្ជាក់​ឲ្យ​ចំឈ្មោះ អ្នកនយោបាយ​ដែល​បង្កប់​គំនិត​បញ្ឆេះ​ឲ្យ​មានការ​តវ៉ា បង្ក​ជា​ចលាចល​ឲ្យ​ដូច​នៅ​ភូមា គេ​ក៏​អាច​ដឹងបាន​ដែរ​ថា កាលពី​ខែកក្កដា កន្លងទៅ អតីត​មេដឹកនាំ​បក្សប្រឆាំង គឺ​ទណ្ឌិត សម រង្ស៊ី បានប្រកាស​ពី​គម្រោង​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​នៅ​កម្ពុជា ដោយ​យក​គំរូ​តាម​ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​ទាមទារ​ទម្លាក់​សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​នាយករដ្ឋមន្ត្រី​ស្របច្បាប់​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម