នយោបាយ
អឺរ៉ុបដែលតែងចោទកម្ពុជារឹតត្បិតសារព័ត៌មាន តែពេលនេះបានប្រកាសបិទសារព័ត៌មានរុស្ស៊ីទៅវិញ
គណៈកម្មការអឺរ៉ុបកាលពីពេលថ្មីៗនេះ បានប្រកាសហាមឃាត់ការផ្សព្វផ្សាយរបស់សារព័ត៌មានរដ្ឋរុស្ស៊ីចំនួន៣បន្ថែមទៀតនៅអឺរ៉ុប។ គិតទាំងលើកនេះ គឺគណៈកម្មការអឺរ៉ុបបានហាមឃាត់សារព័ត៌មានរុស្ស៊ីសរុបចំនួន៥ហើយមិនឲ្យប្រតិបត្តិការនៅក្នុងសហភាពអឺរ៉ុប។ ចំណាត់ការនេះ សរបង្ហាញឲ្យឃើញច្បាស់ថា សហភាពអឺរ៉ុបដែលតែងតែចោទគេឯងរួមទាំងកម្ពុជាផងថា បានរឹតត្បិតសេរីភាពសារព័ត៌មាននោះ កំពុងអនុវត្តស្តង់ដារពីរចំពោះសារព័ត៌មានដែលមិនគាំទ្រខ្លួន។

លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានអះអាងថា ការបិទសារព័ត៌មានរុស្ស៊ី៣បន្ថែមទៀតនេះ គឺជាយន្តការប្រឆាំងនឹងទៅព័ត៌មានមិនពិត បន្ទាប់ពីរុស្ស៊ីបានលើកទ័ពធ្វើសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។ ការបិទសារព័ត៌មានរបស់រុស្ស៊ីនេះ គឺមានន័យថា ពួកគេមិនអាចផ្សព្វផ្សាយព័ត៌មានបានទៀតទេនៅទូទាំងសហភាពអឺរ៉ុបទោះក្នុងទម្រង់ណាក៏ដោយ ទាំងនៅលើបណ្តាញខ្សែកាប តាមប្រព័ន្ធផ្កាយរណប តាមអ៊ីនធើណីត ឬតាមប្រព័ន្ធApp នៅក្នុងទូរស័ព្ទSmartphone។
សារព័ត៌មានទាំង៣របស់រុស្ស៊ីនេះ ត្រូវបានទម្លាយឲ្យដឹងថា ទី១. គឺ RTR Planeta ទី២. គឺRussia 24 និងទី៣. គឺ TV Centre។ ការបិទសារព័ត៌មានទាំងនេះ គឺបន្ទាប់ពីសហភាពអឺរ៉ុបបានបិទសារព័ត៌មានធំៗចំនួន២របស់រុស្ស៊ី គឺ RT និង Sputnik ដោយចោទថា ផ្តល់ព័ត៌មានមិនពិត និងគាំទ្រការលើកទ័ពធ្វើសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនពីសំណាក់រដ្ឋាភិបាលក្រុងមូស្កូល។

ជាការកត់សម្គាល់ ការបិទបណ្តាញសារព័ត៌មានរបស់រុស្ស៊ីជាបន្តបន្ទាប់នេះ គឺធ្វើឡើងក្រោយពីរុស្ស៊ីបានចាប់ផ្តើមវាយលុកចូលប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។ ពេលនោះ ស្របពេលដែលសង្រ្គាមអាវុធកំពុងចាប់ផ្តើមធ្វើ សង្រ្គាមព័ត៌មានក៏ចាប់ផ្តើមឡើងផងដែរ។ សារព័ត៌មានអាមេរិក និងសហភាពអឺរ៉ុប បានចុះផ្សាយលើកសរសើរពីមេដឹកនាំអ៊ុយក្រែន និងការតស៊ូ រហូតដល់ហ៊ានចុះផ្សាយថា អ៊ុយក្រែនឈ្នះសង្រ្គាមថែមទៀតផង។ មិនប៉ុណ្ណោះ សារព័ត៌មានខ្លះថែមទាំងបង្កើតព័ត៌មានថា លោកប្រធានាធិបតីពូទីន រត់គេចខ្លួន ខ្លះថា លោកពូទីន មានជំងឺ និងខ្លះទៀតថា រុស្ស៊ីកំពុងត្រៀមមានរដ្ឋប្រហារទម្លាក់លោកពូទីន ព្រោះតែលើកទ័ពធ្វើសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនជាដើម។
រីឯ សារព័ត៌មានរដ្ឋរបស់រុស្ស៊ីវិញ ក៏បានតបតទៅវិញ ដោយការចុះផ្សាយការបដិសេធរបស់មន្រ្តីរដ្ឋាភិបាលក្រុងក្រឹមឡាំងចំពោះព័ត៌មានចោទប្រកាន់ទាំងអស់នោះ។ មិនតែប៉ុណ្ណឹងទេ សារព័ត៌មានរុស្ស៊ី ក៏បានចុះផ្សាយរៀបរាប់ពីហេតុផលដែលរុស្ស៊ីចាំបាច់ត្រូវបើកប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែន ក៏ដូចជា ជ័យជម្នះបណ្តើរៗរបស់កងទ័ពរុស្ស៊ី។ ប៉ុន្តែ ថ្នាក់ដឹកនាំអាមេរិក និងអឺរ៉ុប មិនពេញចិត្តនឹងព័ត៌មានទាំងអស់នេះឡើយ និងចោទថា ជាព័ត៌មានមិនពិត ជាព័ត៌មានបែបឃោសនាឲ្យរដ្ឋាភិបាលរុស្ស៊ីទៅវិញ។
ជាការពិត អឺរ៉ុប ត្រូវបានគេចាត់ទុកថា ជាទីដែលផ្តល់សិទ្ធិ សេរីភាពបរិបូរណ៍ដល់សារព័ត៌មាន និងគោរពសិទ្ធិ សេរីសារព័ត៌មាន និងអ្នកសារព័ត៌មាន និងតែងតែលើកកម្ពស់ និងការពារទាំងបណ្តាញសារព័ត៌មាន និងអ្នកសារព័ត៌មាន។ ក៏ប៉ុន្តែ នៅពេលមានសង្រ្គាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន សហភាពអឺរ៉ុបបែរជារឹតត្បិតខ្លាំងមែនទែនពុំធ្លាប់មាន ទៅលើប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ដែលខុសពីអ្វីដែលខ្លួនធ្លាប់ប្រកាន់ខ្ជាប់ខ្ជួនតាំងពីដើមរៀងមកជាទឹកដីនៃសេរីភាពសារព័ត៌មាន។ កន្លងមក ប្រទេសផ្សេងៗ និងអង្គការការពារអ្នកសារព័ត៌មាននៅក្នុងសហភាពអឺរ៉ុប តែងតែចាត់ទុកប្រទេសនេះ ប្រទេសនោះ រួមទាំងកម្ពុជាផងដែរថា បំពាន និងរឹតត្បិតសេរីភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន។ ប៉ុន្តែ នៅពេលនេះ សហភាពអឺរ៉ុប ទំនងជាដើរជាន់កែងខ្លួនឯងវិញម្តងហើយ។

លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាមើលឃើញថា ពិភពលោកនេះ គ្មានទេការគោរពសេរីភាពសារព័ត៌មានពេញលេញ ពោល គឺការគោរព មានតែទ្រឹស្តី ឯការអនុវត្តវិញ គឺចេញមកស្តង់ដារពីរ ដូច ករណីអឺរ៉ុបធ្វើចំពោះសារព័ត៌មានរុស្ស៊ីអ៊ីចឹង។ សម្រាប់លោក ហ៊ុយ វណ្ណៈ ការបិទប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីនេះ គឺឆ្លុះបញ្ចាំងឲ្យឃើញច្បាស់ពីការរើសអើងរបស់អឺរ៉ុបចំពោះប្រព័ន្ធផ្សព្វផ្សាយ។ ប៉ុន្តែ លោកបញ្ជាក់ថា វាក៏ជាការល្អសម្រាប់កម្ពុជា។ ល្អ ព្រោះថា នៅពេលអឺរ៉ុបមកចោទកម្ពុជាពាក់ព័ន្ធសេរីភាពសារព័ត៌មាន គឺកម្ពុជាអាចសួរបកទៅវិញអំពីបញ្ហាបិទប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីនេះ។

ចំណែក លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា បានសម្តែងការខកចិត្តចំពោះការបិទប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីពីសំណាក់សហភាពអឺរ៉ុប។ នៅក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក ថ្ងៃទី០៣ ខែឧសភា លោក ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា សហភាពអឺរ៉ុប បានបិទប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី តែបែរជាមកប្រដៅកម្ពុជាឲ្យគោរពសេរីភាពនៃការបញ្ចេញមតិទៅវិញ។ លោករដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជាហាក់ដូចជាមិនយល់ពីសហភាពអឺរ៉ុបសោះចំពោះចំណាត់ការនេះ ហើយមកដល់ពេលនេះ លោកថា ក្រសួងព័ត៌មានកម្ពុជាពុំទាន់ទទួលបានការពន្យល់ណាមួយពីសហភាពអឺរ៉ុបឡើយចំពោះបញ្ហានេះ។ យ៉ាងណាមិញ លោក ខៀវ កាញារីទ្ធ បានអំពាវនាវដល់គ្រប់ប្រទេសទាំងអស់ឱ្យខិតខំអនុវត្តសេរីភាពសារព័ត៌មាន ឱ្យមានស្តង់ដារតែមួយ ដើម្បីសុខុមាលភាព សេរីភាព សន្តិភាព និងដើម្បីជាជម្រើសប្រកបដោយសេរីភាព ក្នុងការសម្រេចចិត្តរបស់ប្រជាជនគ្រប់រូប៕
ដោយ ៖ វណ្ណ សុគន្ធា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
គម្រោងអភិរក្សទឹក និងវារីអគ្គិសនីខ្នាតធំបំផុតរបស់់ចិន Datengxia តម្លៃប្រមាណ៤០០០លានដុល្លារ ផ្តល់គុណប្រយោជន៍មហាសាល
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
កីឡាករ ដាវ លឺដុឌ៖ ការប្រកួតជាមួយ ព្រំ សំណាង គឺជាព្រឹត្តិការណ៍ដ៏ធំប្រវត្តិសាស្ត្រនៅតំបន់អាស៊ីអាគ្នេយ៍