ព័ត៌មានជាតិ
លោក ខៀវ កាញារីទ្ធ ផ្តល់យោបល់ឱ្យកម្ពុជាចងក្រងឯកសារអំពីប្រតិបត្តិការយោធារបស់ប្រទេសមហាអំណាចលើអ៊ីរ៉ង់
ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសមាជិករដ្ឋសភាលោក ខៀវ កាញារីទ្ធ បានលើកយោបល់ថា កម្ពុជាគួរចងក្រង និងប្រមូលឯកសារពាក់ព័ន្ធនឹងប្រតិបត្តិការរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល ក្នុងការវាយប្រហារលើប្រទេសអ៊ីរ៉ង់។ លោកបានបញ្ជាក់ថា ការសិក្សាឯកសារពីប្រទេសមហាអំណាចដែលមានការអភិវឌ្ឍខ្ពស់ផ្នែកផលិតអាវុធ និងបច្ចេកវិទ្យាទំនើប គឺអាចជាមូលដ្ឋានសម្រាប់បង្រៀន និងបណ្តុះបណ្តាលកងទ័ពកម្ពុជា សម្រាប់ប្រតិបត្តិការសង្គ្រាមសតវត្សរ៍ទី២១។

លោក ខៀវ កាញារីទ្ធ បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី០៣ ខែមីនានេះថា ៖«ជាគំនិតដ៏តូចមួយទេ ! នៅយប់ថ្ងៃចន្ទ ២ កុម្ភៈ ២០២៦ ទូរទស្សន៍ CNN បានផ្សាយផ្ទាល់បទឧទ្ទេសរបស់ អគ្គបញ្ជាការដ្ឋានកងទ័ពអាមេរិកបាននិយាយស្ទើរលម្អិតពីប្រតិបត្តិការអាមេរិក-អ៊ីស្រាអែល ដើម្បីកាត់ក្បាលម៉ាស៊ីនដឹកនាំអ៊ីរ៉ង់»។
ជាអតីតសិស្សមន្រ្តីជាន់ខ្ពស់ខាងការទូតនៃសាលាជាតិរដ្ឋបាលជំនាន់ទីពីរ និងជាអតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ផ្តល់ជាយោបល់ថា៖« ក្រសួងការពារជាតិគួរចងក្រងប្រមូលឯកសារទាំងនេះដើម្បីចងក្រង និងបកប្រែសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេស និងជាឯកសាររៀនសូត្រសម្រាប់កងទ័ពយើងដើម្បីយល់ពីប្រតិបត្តិការសង្គ្រាមសតវត្សរ៍ទី ២១ នេះ»។ ការផ្តល់ជាទស្សននេះ ក៏ដោយសារលោកជាមន្រ្តីជាន់ខ្ពស់របស់កម្ពុជា ដែលមានបទពិសោធន៍យ៉ាងទូលំទូលាយលើវិស័យការទូត និងជាអ្នកតាមដានភូមិសាស្ត្រនយោបាយពិភពលោកផងដែរ។

វាជារឿងដ៏កម្រដែលប្រទេសមហាអំណាចទម្លាយជាសាធារណៈអំពីប្រតិបត្តិការយោធាលើប្រទេសអ៊ីរ៉ង់។ អាមេរិកបើកប្រតិបត្តិការយោធាដែលមានឈ្មោះថា «Operation Epic Fury» ដោយបង្ហាញពីការបាញ់បង្ហោះយន្តហោះជាង ១០០ គ្រឿង សង្គ្រាមតាមអ៊ីនធឺណិត និងអវកាស និងការវាយប្រហារលើគោលដៅអ៊ីរ៉ង់ជាង ១ ០០០ កន្លែង។ ប្រតិបត្តិការនេះ កងកម្លាំងសហរដ្ឋអាមេរិកបានធ្វើការរៀបចំកងការពារដែនអាកាស ត្រួតពិនិត្យប្រព័ន្ធដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់ អ្នកបើកយន្តហោះ និងក្រុមនាវិកបានហាត់សមក្នុងការវាយប្រហារជាលើកចុងក្រោយ និងមានក្រុមវាយប្រហារនាវាផ្ទុកយន្តហោះផងដែរ។
ថ្លែងទៅកាន់សារព័ត៌មាន CNN នាថ្ងៃទី២ខែមីនាឆ្នាំ២០២៦ ប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានថា សហរដ្ឋអាមេរិកមិនទាន់ឈានដល់ចំណុចកំពូលនៃយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់នៅឡើយទេ ខណៈប្រតិបត្តិការបច្ចុប្បន្នគ្រាន់តែជា «ការកម្ដៅសាច់ដុំ» ប៉ុណ្ណោះ ដោយលោកបានបញ្ជាក់ថា «រលកយក្ស» នៃការវាយប្រហារនឹងមកដល់ក្នុងពេលឆាប់ៗនេះ។
សូមជម្រាបថា សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល បានបើកការវាយប្រហាររួមគ្នាទ្រង់ទ្រាយធំលើប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។ ការវាយប្រហារនោះបានផ្ដោតសំខាន់លើទីតាំងនុយក្លេអ៊ែរ ឃ្លាំងមីស៊ីល-ដ្រូន និងទីបញ្ជាការដ្ឋានរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ហើយឈានដល់ការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ និងមន្ត្រីកំពូលៗច្រើននាក់ថែមទៀតផង។
ជាការសងសឹក អ៊ីរ៉ង់បានបាញ់មីស៊ីលរាប់រយគ្រាប់ទៅលើប្រទេសអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រធ្វើឲ្យសង្គ្រាមកាន់តែរីករាលដាល៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


