មេប៉ូលិស​​ណែនាំ​​​ឲ្យ​ពង្រឹង​ គោលដៅ​​​ត្រួត​ពិនិត្យ​មន្រ្តី​ចរាចរណ៍​​ផ្លូវ​គោក
Connect with us

សន្តិសុខសង្គម

មេប៉ូលិស​​ណែនាំ​​​ឲ្យ​ពង្រឹង​ គោលដៅ​​​ត្រួត​ពិនិត្យ​មន្រ្តី​ចរាចរណ៍​​ផ្លូវ​គោក

បានផុស

នៅ

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន​ចេញ​សេចក្តី​ណែនាំ​ដោយ​ដាក់​ចេញ​វិធានការបង្ការ​និង​​ទប់ស្កាត់​នៅ​គោលដៅ​ត្រួតពិនិត្យ​របស់​មន្រ្តី​ចរាចរណ៍​ផ្លូវគោក ក្រោយ​កើតហេតុការណ៍​មាន​បុគ្គលមួយចំនួនបានបង្កសកម្មភាព រារាំង និង​ប្រមាថ និង​មានចេតនាប្រើអំពើហិង្សាប្រឆាំងចំពោះប្រតិបត្តិការរបស់មន្ត្រីនគរបាលចរាចរណ៍នៅ តាមគោលដៅមួយចំនួនក្នុងរាជធានី-ខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីបង្ការ និងទប់ស្កាត់បាតុភាពអសីលធម៌ អគ្គស្នងការដ្ឋាននគរបាលជាតិបាន​ណែនាំដល់នាយកដ្ឋានជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត​ ត្រូវបន្តជម្រុញការអប់រំ និងហ្វឹកហ្វឺនជាប្រចាំដល់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកគ្រប់រូប អំពីច្បាប់ឯកទេសជំនាញ នីតិវិធីនៃការត្រួតពិនិត្យបទល្មើសចរាចរណ៍ បច្ចេកទេសក្នុងការចាប់ខ្លួនជនបង្ក វិធីឆែកឆេរលើខ្លួនបុគ្គល វិធីឆែកឆេរ​យានយន្ត និងវិធីរៀបចំគោលដៅត្រួតពិនិត្យ។ ជាមួយនេះ ត្រូវពង្រឹងអំពីវិន័យនិងសីលធម៌​បំពេញភារកិច្ចប្រកបដោយមនសិការវិជ្ជាជីវៈ មានអាកប្បកិរិយាទន់ភ្លន់ សុភាពរាបសារ ប៉ុន្តែម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ ដោយមិនត្រូវឆ្លៀតឱកាសយកតួនាទីទៅប្រព្រឹត្តអំពើខុសច្បាប់ ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋនិងសង្គមឡើយ។

លោក​នាយ​ឧត្តម​សេនីយ៍ ឲ្យមានកម្លាំងអន្តរាគមន៍ដើម្បីត្រៀមប្រតិបត្តិការគាំទ្រ ជួយដល់នគរបាលចរាចរណ៍ ផ្លូវគោក នៅគ្រប់គោលដៅត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្នុងករណីមានហេតុការណ៍កើតឡើងជាយថាហេតុ។ កងកម្លាំងអន្តរាគមន៍ត្រូវបំពាក់ឲ្យបានគ្រប់គ្រាន់នូវមធ្យោបាយ និងសម្ភារៈបម្រើឲ្យប្រតិបត្តិការ ដើម្បីទប់ស្កាត់ការគេចវេស ការតបតដោយហិង្សា ឬសកម្មភាពរារាំងបង្កឧបសគ្គដល់ ការបំពេញភារកិច្ចរបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក។

ក្នុងករណីមានបុគ្គលណាម្នាក់ ឬច្រើននាក់ បង្កបាតុភាពនៅតាមគោលដៅត្រួតពិនិត្យរៀបចំសណ្តាប់ធ្នាប់ ឬអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកដែលឈរជើងនៅ គោលដៅ​នោះ​ត្រូវ​ប្រើសិទ្ធិការពារខ្លួនស្របច្បាប់ ដើម្បីធ្វើការទប់ស្កាត់នូវរាល់សកម្មភាពរារាំងរំខាន បង្កឧបសគ្គ តាមរូបភាពនៃការប្រើប្រាស់ពាក្យសម្ដី អាកប្បកិរិយាប្រមាថដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ឬការប្រើអំពើហិង្សា មកលើមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកដែលកំពុងបំពេញភារកិច្ច ដោយមិនទុកឲ្យបុគ្គលទាំងនោះធ្វើសកម្មភាពទំនើង អសីលធម៌បង្កហេតុធ្វើឲ្យសាធារណជនមានទស្សនៈភ័ន្តច្រឡំ និងវាយតម្លៃបែបអវិជ្ជមានចំពោះកិត្តិយសរបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក និង​ត្រូវផ្តល់ព័ត៌មានដល់អង្គភាពជាបន្ទាន់ ដើម្បីស្នើសុំកម្លាំងអន្តរាគមន៍ ធ្វើការឃាត់ខ្លួននៅហ្នឹងកន្លែង រួចបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរៀបចំនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅ តុលាការ។

លោក​នាយ​ឧត្តមសេនីយ៍នេត សាវឿន ក៏​ណែនាំ​ឲ្យ​ចាត់តាំងស្នងការរង ឬនាយការិយាល័យចរាចរណ៍ផ្លូវគោកទទួលខុសត្រូវដឹកនាំនៅតាមគោលដៅ រៀបចំសណ្តាប់ធ្នាប់ ឬអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយត្រូវធ្វើការតាមដានត្រួតពិនិត្យជាប្រចាំ សំដៅកែលម្អចំណុចខ្វះខាត ឬទង្វើខុសឆ្គងណាមួយរបស់មន្ត្រីចរាចរណ៍ផ្លូវគោកបានទាន់ពេលវេលា សំដៅជៀសវាងមតិរិះគន់នានាពីសំណាក់សាធារណជន។

ជាមួយ​គ្នា​នេះ ត្រូវពង្រឹងយន្តការតាមដាននូវរាល់ប្រតិកម្មសាធារណមតិតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម​ដើម្បីត្រួតពិនិត្យ វាយតម្លៃលើព័ត៌មាននិងធ្វើការបំភ្លឺ បកស្រាយឆ្លើយតប បន្សាបឥទ្ធិពលចំពោះព័ត៌មានមិនពិត សំដៅទប់ស្កាត់បានទាន់ពេលវេលានូវការភ័ន្តច្រឡំពីមជ្ឈដ្ឋានជាតិ-អន្តរជាតិ ចំពោះការបំពេញតួនាទីរបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក និង​ត្រូវ​ទទួលយកនូវគំនិតយោបល់ និងការទិតៀនបែបស្ថាបនា ដើម្បីកែលម្អចំពោះកំហុសឆ្គង និងបាតុភាពអសកម្មនានារបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ព្រមទាំងធ្វើការដោះស្រាយឆ្លើយតបឲ្យបានសមស្រប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម