ចរាចរណ៍
អាជ្ញាធរខណ្ឌសែនសុខ ដាក់រនាំងដែកបិទចន្លោះឆ្លងផ្លូវ ពេលព្រឹក ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍តំបន់ទឹកថ្លា
គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានដាក់រនាំងដែកបិទចន្លោះឆ្លងកាត់ត្រង់ចំណុចតំបន់មុខវត្តទឹកថ្លា រហូតដល់អគារខុនដូរ ប៊ូយ៉ុង ដែលជាបញ្ហាបង្កការកកស្ទះប្រចាំថ្ងៃ និងជាផ្នែកមួយជួយសម្រួលការធ្វើដំណើរដល់លំហូរប្រជាពលរដ្ឋចូលមក ឬ ទៅធ្វើការក្នុងរាជធានីភ្នំពេញ។

លោក សយ ស៊ីម កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ បានប្រាប់ កម្ពុជាថ្មី ថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានចាត់កម្លាំងសណ្ដាប់ធ្នាប់ប្រចាំការជាប់ជាប្រចាំនៅលើកំណាត់ផ្លូវសហព័ន្ធរុស្សី ចាប់ពីគល់ស្ពានអាកាសផ្សារដីហុយ រហូតដល់ស្ពានអាកាស ៧ មករា ព្រំប្រទល់ខណ្ឌទួលគោក ដើម្បីកុំឲ្យមានអ្នកបើកបរបញ្ច្រាស និងឆ្លងទៅមក ជាហេតុបណ្ដាលឲ្យកកស្ទះចរាចរណ៍។ ចំពោះការដាក់រនាំងដែកនេះ មិនមែនបិទពេញមួយថ្ងៃ ឬ រហូត នោះទេ ពេលព្រឹកបិទចាប់ពីម៉ោង ៦ ដល់ម៉ោង ៩ ព្រឹក ពេលខ្លះដល់ម៉ោង ៩ កន្លះព្រឹក តាមស្ថានភាពចរាចរណ៍ជាក់ស្ដែង ចំណែកល្ងាចបិទរនាំងដែកលុះត្រាតែមានក្បួនថ្នាក់ដឹកនាំឆ្លងកាត់។

លោក សយ ស៊ីម បានបន្តថា កន្លងមក ទោះមិនទាន់មានការដាក់រនាំងបិទចន្លោះឆ្លងនេះយ៉ាងណាក្តី ក៏កម្លាំងតែងតែឈរជើងចាំសម្រួលចរាចរណ៍នាពេលព្រឹកៗ ស្របពេលវេលាដ៏មមាញឹក ដែលប្រជាពលរដ្ឋសម្រុកចូលមកបំពេញ និងប្រកបរបរទទួលទានរៀងៗ ខ្លួន។

លោក សេង ស៊ាងហ៊ុន បុគ្គលិកបម្រើការនៅក្រុមហ៊ុនឯកជនមួយ បានប្រាប់ កម្ពុជាថ្មី ថា ការធ្វើដំណើរទៅបំពេញការងារសព្វថ្ងៃនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចាប់ពីស្ពានអាកាសដីហុយ គឺស្ទះតាំងពីលើស្ពានរហូតដល់ម្តុំអគារខុនដូរ ប៊ូយ៉ុង គឺមានការកកស្ទះពិបាក ពេលខ្លះយឺតយ៉ាវ និងខាតពេលវេលា។

ចំពោះបញ្ហាដែលនាំឲ្យកកស្ទះនោះ លោកក៏បានលើកឡើងថា ទី១-ដោយសារតែកំណើនប្រជាពលរដ្ឋច្រើនមកកាន់រាជធានីភ្នំពេញ។ ទី២-ប្រជាពលរដ្ឋបើកបរយានយន្តគ្រប់ប្រភេទមិនគោរពច្បាប់ចរាចរណ៍។ ទី៣-ការយកចំណីផ្លូវជាកន្លែងលក់ដូរផ្ទាល់ខ្លួន។ល។

លោក សេង ស៊ាងហ៊ុន បានបន្តថា ប៉ុន្តែមួយរយៈនេះ លោកសង្កេតឃើញថា ចរាចរណ៍មានភាពល្អប្រសើរ ខណៈអាជ្ញាធរបានយកចិត្តទុកដាក់ យករបាំងដែកមកបិទចន្លោះដែលអាចឆ្លងកាត់ ត្រង់ចំណុចតំបន់ទឹកថ្លានេះ ដែលកន្លងមកចំណុចចន្លោះឆ្លងនេះ ជាបញ្ហាប្រឈមកកស្ទះខ្លាំងបំផុត ជាពិសេសចន្លោះឆ្លងមុខពេទ្យរ៉ូយ៉ាល់ ព្រោះថាត្រង់ហ្នឹងមានមធ្យោបាយចេញចូលច្រើន ហើយមានទាំងបញ្ច្រាសឡើងពីផ្លូវក្នុងមកកាក់មុខថែមទៀតផង ដែលបង្អាក់ដំណើរចំពោះអ្នកធ្វើដំណើរផ្លូវត្រង់។

លោកស្រី គិត សុខណា ជាអាជីវករលក់ដូរ បានឲ្យដឹងផងដែរថា ចាប់តាំងពីអាជ្ញាធរដាក់របាំងបិទចន្លោះឆ្លងព្រឹកៗ នេះមក ចរាចរណ៍ហាក់មានភាពល្អប្រសើរជាងមុនមួយកម្រិត មិនសូវកកស្ទះដូចមុន ទោះមិនបាន ១០០% ក៏បានសម្រួល ៥០% ដែលពីមុនស្ទះតាំងពីមើលព្រឹកបើកភ្នែកមកស្ទះហ្មង ទល់ម៉ោង ១១ ព្រឹក អីក៏មានដែរ។

យ៉ាងណាមិញ ប្រជាពលរដ្ឋ ក៏បានអរគុណដល់អាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខ ដែលយកចិត្តទុកដាក់ជួយសម្រួលចរាចរណ៍លើកំណាត់ផ្លូវសហព័ន្ធរុស្សីនេះបានមួយផ្នែកធំចំគោលដៅជាអ្វីដែលពួកគាត់ត្រូវការចាំបាច់ក្នុងការធ្វើដំណើរប្រកបរបរទទួលទានទៅមក ធ្វើការតាមស្ថាប័ន និងក្រុមហ៊ុននានាផងដែរ៕
អត្ថបទ ៖ សំណាង





-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


