បាត់ដំបង ៖ ដីបឹងបុរាណមួយកន្លែង ដែលមានបណ្តោយជាប់និងផ្លូវជាតិ ត្រូវបានអ្នកមានអំណាចម្នាក់ចាក់ដីទន្ទ្រានយកមាត់បឹងដែលនៅជាប់ផ្លូវជាតិដើម្បីធ្វើជាកម្មសិទ្ធិ ដោយទុកអោយតួបឹងដែលកំពុងរួមតូច ទៅនៅខាងក្រោយដីរបស់ខ្លួនទៅវិញ ដោយឥឡូវកំពុងត្រូវបានរដ្ឋបាលខេត្ត និងអាជ្ញាធរស្រុកបាណន់ ដាក់ឱសានវាទអោយកាយអាចម៍ដីចេញពីបឹងអោយអស់ក្នុងរយៈពេល៧ថ្ងៃ។
គួរបញ្ជាក់ថា កាលពីអំឡុងខែធ្នូ ឆ្នាំ២០២១ មានការចាក់ដីបម្រុងធ្វើជាទីតាំងម៉ាត និងស្ថានីយប្រេងឥន្ធនៈ ដែលត្រូវបានពលរដ្ឋរាយការណ៍មកថា ប្រមាណជិតមួយខែនេះ ដោយម្ចាស់ទីតាំងបានសម្រុកចាក់ដីយ៉ាងលឿនជាទីបំផុត រួមជាមួយនឹងសំណង់រឹងត្រៀមអណ្តែតខ្លួនឡើងលើទីតាំងនេះផងដែរ ដោយទីតាំងនេះស្ថិតនៅចំណុច ( បឹងត្រាវ ) ក្នុងភូមិសំរោង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះបានអះអាងថា ប្រវត្តិដីនេះកាលពីសម័យរដ្ឋកម្ពុជា គឺជាបន្ទាយទាហានរបស់ គ.១៣២ ដែលគ្រប់គ្រងដោយលោក ជឹម ភើយ ( អតីតមេបញ្ជាការរង យោធភូមិភាគទី៥ ) ដែលបច្ចុប្បន្នបានចូលនិវត្តន៍ លុះក្រោយមកក៏មានការផ្លាស់ប្តូរបន្ទាយ ដោយឡែកដីនៅក្នុងតំបន់នេះក៏ត្រូវបានលោក ជឹម ភើយ កាន់កាប់តែម្តង ដោយលោកស្ទើរតែក្រសោបយកទាំងនឹងប្រាណថែមទៀត ដែលបឹងត្រាវនេះ ត្រូវបានអាជ្ញាធរ អោយរក្សាទុកជាសម្បត្តិរដ្ឋ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម ដោយផ្ទៃបឹងត្រាវ មានទំហំ និងបណ្តោយរហូតមកទល់និងផ្លូវជាតិលេខ ៥៧ ( អតីត ផ្លូវជាតិលេខ ១០ ) ។
លុះនៅពេលថ្មីៗនេះ ប្រជាពលរដ្ឋមានការងឿងឆ្ងល់ ក៏បានសួរទៅលោកមេភូមិសំរោង ដោយសារតែឃើញលោក ជឹម ភើយ ចាប់ផ្តើមដាក់គ្រឿងចក្រ និងចាក់ដីលុបមាត់បឹងតាមបណ្តោយផ្លូវជាតិ។ នៅពេលនោះដែរ លោក សេម ដែលជាមេភូមិបានបញ្ជាក់ប្រាប់ថា ( គេខ្ចីដីប្រើមួយរយៈ ) លុះពេលប្រាប់អ្នកសារព័ត៌មាន គឺលោកមេភូមិបាននិយាយថា ដីខាងមុខនេះ គេទិញពីយាយវឿន !.. ហេតុដូច្នេះហើយទើបមានប្រភពជាច្រើនបានចោទប្រកាន់ថា ប្រាកដជាមានការឃុបឃិតគ្នាជាប្រព័ន្ធក្នុងការលក់ដីចំណីបឹងនេះជាមិនខាន ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
ទីបំផុត នៅព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង បានចាត់តាំងទៅ លោកអភិបាលស្រុកបាណន់ ស្រេង សុខា ដឹកនាំកម្លាំងចុះទៅហាមឃាត់ការសាងសង់ ព្រមទាំងបានប្រគល់សេចក្តីជូនដំណឹងដល់លោក ជឹម ភើយ ដើម្បីអនុវត្តន៍តាម។
ខ្លឹមសារលិខិតជូនដំណឹងនោះបានបញ្ជាក់ថា
១.ត្រូវបញ្ឈប់ការចាក់បំពេញអាចម៍ដីដែលនៅជាប់មាត់បឹង និងតាមបណ្តោយផ្លូវជាតិលេខ ៥៧ ។
២.ត្រូវផ្អាកការសាងសង់សំណង់គ្រប់ប្រភេទ ជាបណ្តោះអាសន្ន លុះត្រាមានលិខិតអនុញ្ញាតិពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ។
ក្នុងករណីម្ចាស់មិនអនុវត្តតាមខ្លឹមសារលិខិតនេះទេ នឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់ជាធរមាន ។
ជុំវិញបញ្ហាទន្ទ្រានដីបឹងត្រាវ ដែលគេសង្ស័យថាមានការឃុបឃិតពីលោកមេភូមិសំរោងផងនោះ នៅរសៀលថ្ងៃទី២០ មករា នេះ លោក ស្រេង សុខា អភិបាលស្រុកបាណន់ បានបញ្ជាក់ថា ចាប់តាំងពីការចេញសេចក្តីជូនដំណឹងរួចមក លោកក៏បានធ្វើការសិក្សា និងស្រាវជ្រាវ ប្រវត្តិដីបឹងត្រាវនេះ ទើបឈាន់ដល់ការចេញសេចក្តីជូនដំណឹងសារជាថ្មី កាលពីថ្ងៃទី១៨ ខែមករា កន្លងទៅនេះ ដោយរូបលោកផ្ទាល់បានដឹកនាំកម្លាំងចុះទៅជួបនិងលោកជឹម ភើយ ដើម្បីណែនាំ និងបានដាក់ឱសានវាទរយៈពេល ៧ ថ្ងៃ កំណត់អោយម្ចាស់វាយរបងថ្មចោល និងកាយយកអាចម៍ដីចេញពីមាត់បឹងត្រាវអោយអស់ ធ្វើយ៉ាងណាអោយតួបឹងត្រាវក្លាយជាបឹងធម្មជាតិឡើងវិញ បើមិនដូច្នោះទេ ម្ចាស់ដីនឹងត្រូវប្រឈមមុខច្បាប់ជាធរមាន៕
អត្ថបទ ៖ សោ និយមរ័ត្ន