Connect with us

សន្តិសុខសង្គម

អគ្គស្នងការនគរបាលជាតិ៖ សន្តិសុខ សណ្ដាប់ធ្នាប់ បុណ្យចូលឆ្នាំ ល្អប្រសើរ

បានផុស

នៅ

អគ្គស្នងការដ្ឋាននគរបាលជាតិបានធ្វើការសន្និដ្ឋាន និងវាយតម្លៃថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅឆ្នាំ២០២២នេះ ត្រូវបានដំណើរការជាប្រក្រតីឡើងវិញ ស្របតាមបរិបទនៃស្ថានភាពធូរស្រាលនៃជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅទូទាំងប្រទេសរយៈពេល០៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ដែលបានផ្សព្វផ្សាយនៅថ្ងៃនេះបានឱ្យដឹងថា សភាពការណ៍ទូទៅពាក់ព័ន្ធសន្តិសុខផ្ទៃក្នុង ពុំមានអ្វីគួរកត់សម្គាល់ឡើយ។  អំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ ចំនួនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិប្រមាណជាង ៤,៥ លាននាក់ បានធ្វើដំណើរទៅវត្តអារ៉ាម (៦ ៤៣៩ វត្ត) រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត ប្រពៃណីសហគមន៍ និងរមណីដ្ឋានអេកូទេសចរណ៍នានា (ប្រមាណជាង ២០០ គោលដៅ) នៅទូទាំងប្រទេសប្រកបដោយក្ដីសប្បាយរីករាយ និងមានភាពកក់ក្ដៅ ព្រមទាំងធានាបាននូវសុខភាពសាធារណៈ។

ចំណែកអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បានយកចិត្តទុកដាក់រៀបចំឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ បញ្ជៀសការកកស្ទះ បង្កភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ជាពិសេសការបង្កើនការផ្សព្វផ្សាយអប់រំអំពីវិធានការសុវត្ថិភាពផ្នែកសុខាភិបាល និងវិធានការអប់រំ “៣ការពារ និង ៣កុំ” របស់រាជរដ្ឋាភិបាល។ ក្នុងនោះ បានចុះធ្វើការអប់រំផ្សព្វផ្សាយច្បាប់លិខិតបទដ្ឋានគតិយុត្តសេចក្តីសម្រេចនានាពាក់ព័ន្ធសរុប ៤៥ ទីតាំង មនុស្ស ៣ ១៣០ នាក់ (ស្រី ១ ៦៤០ នាក់) និងអប់រំអំពីការពាក់ម៉ាស់តាមបណ្តាគោលដៅត្រួតពិនិត្យចរាចរណ៍ផ្លូវគោកសរុបចំនួន ៧០ នាក់ (យានយន្ត ៣០ គ្រឿង)។

រីឯសភាពការណ៍បទល្មើសព្រហ្មទណ្ឌធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩ មានការថយចុះ ១៧ លើកស្មើ ៣៨ % ( ២៨/៤៥ លើក) បណ្ដាលឱ្យស្លាប់ ៤ នាក់ របួស ១៤/២២ នាក់ រងគ្រោះ ៥/៣ នាក់ និងសម្ភារមាស-ប្រាក់កាក់មួយចំនួន។

ជាមួយគ្នានេះ សមត្ថកិច្ចបានបង្ក្រាបបទល្មើសព្រហ្មទណ្ឌបានចំនួន ២១/២៨ ករណី ឃាត់ខ្លួន ៣២ នាក់ បង្ក្រាបជួញដូរ-ប្រើប្រាស់គ្រឿងញៀន ៥/៦ ករណី ដកហូតម៉ាទឹកកក ៣៤/៤០ កញ្ចប់ ម៉ូតូ ២/៣ គ្រឿង។

ចំពោះសភាពការណ៍គ្រោះថ្នាក់សង្គមធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩ បាន កើតឡើងចំនួន ៨៥/១២៧ លើក ថយ ៤២ លើក ស្មើ ៣៣% ក្នុងនោះ គ្រោះថ្នាក់ចរាចរណ៍ថយ ៣៨ លើកស្មើ ៤៥ % (៤៧/៨៥ លើក) ស្លាប់ ថយ ១១ នាក់ស្មើ ២៩% (២៧/៣៨ នាក់) របួស ថយ ៦០ នាក់ស្មើ ៤៣ % (៨០/១៤០ នាក់) ខូចម៉ូតូ ៦៥/៣៤ គ្រឿង រថយន្ត ៦/២៣ គ្រឿង។

របាយការណ៍បានបញ្ជាក់បន្ថែមថា គិតត្រឹមរយៈពេល ៣ ថ្ងៃនេះ លទ្ធផលរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងការផាកពិន័យយានយន្តសរុប ៣០៦ គ្រឿង ក្នុងនោះរថយន្ត ១៤ គ្រឿង (រថយន្តធំ ១ គ្រឿង) និងម៉ូតូ ២៩២ គ្រឿង។

កត្តាចម្បងសំខាន់ៗ ដែលនាំឲ្យបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម មានភាពល្អប្រសើរគឺអាស្រ័យដោយ៖

១. ការដាក់ចេញនូវគោលការណ៍ណែនាំនានា ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ និងហ្មត់ចត់ មានភាពបត់បែន រស់រវើក ដើម្បីគ្រប់គ្រងសភាពការណ៍ និងបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសការចេញសេចក្តីជូនដំណឹងស្តីពី ការលើកលែងកាតាព្វកិច្ចពាក់ម៉ាស់ នៅតាមតំបន់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្ម សេវាកម្ម ទេសចរណ៍ ក្នុងខេត្តចំនួន ០៤ (ស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរី ព្រះវិហារ)។

២. ការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងការដាក់ចេញនូវគោលការណ៍ផ្សព្វផ្សាយពង្រឹងវិធានការសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាពិសេសការចូលរួមសហការឱ្យបានស្អិតរមួតជាមួយគណៈកម្មការកូវីដ-១៩ គ្រប់ថ្នាក់ និងអាជ្ញាធរមូលដ្ឋាន ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងការពារនូវសុខភាពសាធារណៈ។

៣. អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ចេញនូវវិធានការគ្រប់គ្រងស្ថានការណ៍សន្តិសុខដោយបានផ្សព្វផ្សាយគោលការណ៍ណែនាំ ដល់គ្រប់នាយកដ្ឋាន-អង្គភាពជំនាញ ក៏ដូចជាស្នងការដ្ឋានរាជធានីខេត្ត ឱ្យរៀបចំកសាងផែនការសកម្មភាព ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់សង្គមទៅតាមមុខជំនាញ និងដែនសមត្ថកិច្ចទទួលខុសត្រូវរៀងៗខ្លួន។ ទន្ទឹមនោះ បានអប់រំជាប្រចាំដល់កងកម្លាំងនគរបាល ឱ្យប្រកាន់ភ្ជាប់នូវវិធានការសុវត្ថិភាពផ្នែកសុខាភិបាល និងវិធានការ “៣ការពារ និង៣កុំ” របស់រាជរដ្ឋាភិបាល ព្រមទាំងត្រូវធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ ក្នុងការគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការរដ្ឋបាល វិធានការសុខាភិបាល និងវិធានការច្បាប់ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងក្រសួងសុខាភិបាល។

៤. គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត បានដឹកនាំអនុវត្តផែនការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជាទូទៅ ក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបានដើរតួនាទីយ៉ាងសំខាន់ជាយន្តការដឹកនាំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

៥. តាមរយៈកិច្ចខិតខំប្រឹងប្រែង ប្រកបដោយភាពអត់ធ្មត់ និងមានកិច្ចសហការរវាងកងកម្លាំងនគរបាលគ្រប់ថ្នាក់ តាមបណ្តារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងឃុំ-សង្កាត់ ជាមួយសមត្ថកិច្ចពាក់ព័ន្ធ រួមជាមួយកម្លាំងប្រជាការពារនៅតាមភូមិ ឃុំ-សង្កាត់ និងមានការចូលរួមគាំទ្រពីសំណាក់ប្រជាពលរដ្ឋ បានធ្វើឱ្យបរិយាកាសសន្តិសុខ សណ្តាប់​ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនាឱកាសពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមានភាពល្អប្រសើរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១៣ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣៧ នាទី មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៥០ នាទី មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម