សន្តិសុខសង្គម
ស្នងការរាជធានីភ្នំពេញចាត់តាំងកម្លាំង ៩ ក្រុម ចុះបង្ក្រាបការធ្វើសកម្មភាពចាប់ឃាត់ខ្លួនពលរដ្ឋ បែបអនាធិបតេយ្យ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចបង្កើតក្រុមប្រតិបត្តិការចំនួន ៩ ក្រុម ដើម្បីទប់ស្កាត់ និងបង្ក្រាបសកម្មភាពចាប់ឃាត់ខ្លួនប្រជាពលរដ្ឋបែបអនាធិបតេយ្យ។

នៅក្នុងសេចក្តីសម្រេចមួយ ដែលទើបទទួលបាននៅរសៀលថ្ងៃទី ១៦ ខែសីហានេះ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ត្រូវបានចាត់តាំងបញ្ជាការដឹកនាំ និងក្រុមប្រតិបត្តិការចំនួន ៩ ក្រុម ដោយមានភារកិច្ចចុះល្បាតអន្តរាគមន៍ទប់ស្កាត់ និងបង្ក្រាបកម្លាំងអនាធិបតេយ្យ ដែលធ្វើសកម្មភាពចាប់ឃាត់ខ្លួនពលរដ្ឋដោយមិនមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន។
លោកឧត្តមសេនីយ៍ឯក ស ថេត បានបន្តថា ក្រុមការងារត្រួតពិនិត្យនេះ មានភារកិច្ចជាសេនាធិការជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើការងារចុះត្រួតពិនិត្យរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយទប់ស្កាត់ និងបង្រ្កាបជនធ្វើសកម្មភាពចាប់ឃាត់មនុស្សអនាធិបតេយ្យក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ក្រុមប្រតិបត្តិការនីមួយៗ ត្រូវបែងចែកកម្លាំង ដើម្បីទទួលខុសត្រូវ ២៤ ម៉ោង លើ ២៤ ម៉ោង ហើយកសាងផែនការសកម្មភាព និងប្រតិទិនការងារកំណត់តំបន់ស្មុគស្មាញ តំបន់ប្រឈមតំបន់កើតមានហេតុការណ៍ញឹកញាប់ ដើម្បីឲ្យការងារទប់ស្កាត់ និងបង្ក្រាបធានាបានប្រសិទ្ធភាព។
លោកឧត្តមសេនីយ៍ឯក ស ថេត បានបន្តទៀតថា ពេលចេញប្រតិបត្តិការ កម្លាំងទាំងអស់ ត្រូវធ្វើការងារជាក្រុមត្រូវស្លៀកពាក់ឯកសណ្ឋានឈុតប្រយុទ្ធពាក់សញ្ញាសម្គាល់ និងគ្រឿងបន្ទាប់បន្សំរបស់នគរបាលឲ្យបានសព្វគ្រប់មានអាវុធគ្រប់ដៃ និងរៀបចំខ្លួនឲ្យសក្តិសមជាសមត្ថកិច្ចដែលមានតួនាទីជាអ្នកអនុវត្តច្បាប់។ ពេលទទួលព័ត៌មានបានតាមប្រព័ន្ធទំនាក់ទំនង ឬប្រភពផ្សេងៗពាក់ព័ន្ធនឹងសកម្មភាពចាប់ឃាត់ខ្លួនពលរដ្ឋនៅចំណុចណាមួយ ដោយក្រុមមិនស្គាល់អត្តសញ្ញាណក្រុមប្រតិបត្តិការទាំងអស់ ត្រូវទំនាក់ទំនងផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក និងធ្វើសកម្មភាពតាមបង្ក្រាបដោយមិនលើកលែង។
លោកឧត្តមសេនីយ៍ឯក ស ថេត បានបន្ថែមថា ពេលពិនិត្យឃើញជាក់ស្ដែង មានការចាប់ឃាត់ខ្លួនមនុស្សនៅលើដងផ្លូវ កម្លាំងប្រតិបត្តិការត្រូវអនុវត្តវិធានការ ដូចជា ត្រូវម្ចាស់ការធានាបានប្រៀបក្នុងការគ្រប់គ្រងស្ថានភាពកន្លែងកើតហេតុ។ ពិភាក្សាដោយសម្របសម្រួល ដើម្បីស្វែងរកអត្តសញ្ញាអង្គភាព និងអ្នកទទួលខុសត្រូវ។ ទំនាក់ទំនងទៅក្រុមប្រតិបត្តិការ ដែលនៅជិតបំផុតដើម្បីបញ្ជូនកម្លាំងជំនួយមកគ្រប់គ្រងសភាពការណ៍។ អនុវត្តវិធានការដោយចាប់បង្ខំ នាំយកអ្នកពាក់ព័ន្ធទាំងអស់មកអង្គភាព ដើម្បីអនុវត្តនីតិវិធីស្រាវជ្រាវ និងស៊ើបអង្កេត។
លោកឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ថា អំឡុងពេលប្រតិបត្តិការ និងបង្ក្រាបនៅចំណុចណាមួយ ប្រធានប្រតិបត្តិការនីមួយៗ ត្រូវរាយការណ៍បន្ទាន់ អំពីស្ថានភាពកម្លាំងហេតុការណ៍បញ្ហាប្រឈមដំណោះស្រាយជូនបញ្ជាការដឹកនាំ ដើម្បីមានមូលដ្ឋានរាយការណ៍ និងសុំយោបល់ដឹកនាំបន្ត។ ត្រូវជៀសវាងឲ្យបានក្នុងកម្រិតខ្ពស់ ចំពោះការប្រើប្រាស់អាវុធធ្វើជាដំណោះស្រាយជាមួយបញ្ហា។ ប៉ុន្តែក្នុងលក្ខខណ្ឌ ដើម្បីការពារពីការគំរាមកំហែង ត្រូវប្រើប្រាស់ឲ្យស្របតាមវិជ្ជាជីវៈ និងមានការគិតគូរពីហានិភ័យដល់ប្រជាពលរដ្ឋដែលនៅជិតៗទីកន្លែងនោះ។
ក្រុមប្រតិបត្តិការ និងត្រូវធ្វើរបាយការណ៍រាយការណ៍ប្រចាំថ្ងៃ ពីសកម្មភាពដែលជាកិច្ចប្រតិបត្តិការបញ្ហាប្រឈម និងសំណូមពរជូនបញ្ជាការដឹកនាំ ហើយបញ្ជាការដឹកនាំត្រូវបូកសរុបរបាយការណ៍ពីក្រុមប្រតិបត្តិការទាំងអស់ ឬរាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីមានការចង្អុលដឹកនាំបន្ត៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?