Connect with us

សន្តិសុខសង្គម

អាជ្ញាធរ បង្រ្កាបករណី«បទល្មើសឆបោកខុសច្បាប់តាមអនឡាញ»នៅកម្ពុជា

បានផុស

នៅ

នាយកដ្ឋានកណ្តាលសន្តិសុខ សហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្រ្កាបករណីផ្តល់កម្ចីខុសច្បាប់តាមប្រព័ន្ធអនឡាញ ដោយចាប់ខ្លួនមេក្លោងជាជនជាតិចិន២នាក់ មេការជនជាតិខ្មែរ១នាក់ និងសង្សាររបស់ជនជាតិចិន១នាក់។ ជនល្មើសទាំង៤រូបនេះ ត្រូវបានកងកម្លាំងនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃអង្គារ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ គឺជាបទល្មើសផ្តល់កម្ចីខុសច្បាប់ជាមួយអត្រាការប្រាក់ខ្ពស់ដំបូងហើយដែលត្រូវបាននាយកដ្ឋានកណ្តាលសន្តិសុខ សហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិធ្វើការបង្រ្កាបានដោយជោគជ័យ។ ការបង្រ្កាបនេះ ធ្វើឡើងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅអាគារជួលស្នាក់នៅមួយកន្លែងនៅក្នុងសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីជនអនាមិកម្នាក់ បានផ្ញើសារប្តឹងទៅទំព័រហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

លោកឧត្តមសេនីយ៍ទោ ស៊ីវ ឈាន់ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអះអាងប្រាប់«កម្ពុជាថ្មី»ថា អាជ្ញាធរ បានចាប់ខ្លួនមនុស្សចំនួន១៥នាក់ ក្នុងនោះ ជនជាតិចិន២នាក់ដែលជាមេក្លោង មេការជនជាតិខ្មែរ១នាក់ សង្សាររបស់ជនជាតិចិន១នាក់ និងបុគ្គលិកចំនួន១១នាក់ផ្សេងទៀត។ ប៉ុន្តែ បុគ្គលិក១១នាក់នេះ ត្រូវបានតុលារអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីពិនិត្យឃើញថា ពួកគេមិនពាក់ព័ន្ធធំដុំនៅក្នុងការប្រព្រឹត្តបទល្មើសនេះ។ យ៉ាងណាក៏ដោយ អាជ្ញាធរកំពុងស្រាវជ្រាវបន្តទៀត ដើម្បីវែករកមុខមេក្លោងនៅពីក្រោយបន្ថែមទៀត ព្រោះបទល្មើសនេះ អាចពាក់ព័ន្ធនឹងបទល្មើសសម្អាតសាច់ប្រាក់។

ទាក់ទិននឹងសកម្មភាពប្រព្រឹត្តបទល្មើសនេះវិញ លោកឧត្តមសេនីយ៍ទោ ស៊ីវ ឈាន់ បានរៀបរាប់ឲ្យដឹងថា ដំបូងឡើយ ជនជាតិចិនទាំង២នាក់ បានបង្កើតគណនីហ្វេសប៊ុកមួយដាក់ឈ្មោះថា «Happy Loan» ដោយបានជួលបុគ្គលិកជនជាតិខ្មែរជាច្រើនរូបឲ្យធ្វើការលួងលោម អូសទាញ និងឆបោកតាមគ្រប់រូបភាព ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរមករកកម្ចីខុសច្បាប់នេះ។ ក្រោយមក ពួកគេ ក៏បានបង្កើតគណនីហ្វេសប៊ុកមួយផ្សេងទៀតឈ្មោះថា«Tiger Loan» ហើយបន្ទាប់ទៅទៀត ក៏បានបង្កើតគណនីហ្វេសប៊ុក «Dragon Loan» និង«Mokey Loan» ដោយពួកគេចែកគ្នាគ្រប់​គ្រងម្នាក់មួយៗ។

លោកឧត្តមសេនីយ៍ទោ ស៊ីវ ឈាន់ បានគូសបញ្ជាក់ថា ក្រុមជនល្មើសទាំងនេះ បានផ្តល់កម្ចីចាប់ពី៣០ដុល្លារ​ឡើងទៅ ហើយបើអាចសងទៀងទាត់ ពួកគេអាចឲ្យខ្ចីរហូតដល់៥០០ដុល្លារ ជាមួយនឹងការអត្រាការប្រាក់ខ្ពស់កប់ពពក គឺ១៥%ក្នុងមួយសប្តាហ៍។ បើតាមអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យារូបនេះ គឺក្នុងមួយថ្ងៃៗ ពួកគេរកបានអតិថិជនបានប្រមាណដល់ទៅ២០០នាក់ឯណោះ ហើយអតិថិជនដែលអាចខ្ចីបាន គឺត្រូវថតរូបភាពតាមការតម្រូវឲ្យពួកគេ និងត្រូវផ្តល់លេខទូរស័ព្ទសាច់ញាតិ ឬមិត្តភក្តិដល់ពួកគេជាដើម។ ក្នុងករណីដែលអតិថិជនមិនសងតាមការកំណត់ ពួកមេក្លោងជនជាតិចិន បានប្រើបុគ្គលិកជាជនជាតិខ្មែរក្រុមទៀត មានគ្នាប្រមាណជិត៧០នាក់ ឲ្យឆាត ឬទូរស័ព្ទទៅតាមគំរាមកំហែងក្រោមរូបភាពនានាទៅសាម៉ីខ្លួន និងសាច់ញាតិ ឬមិត្តភក្តិរបស់អតិថិជនដែលខ្ចីលុយពួកគេនោះ។

លោកឧត្តមសេនីយ៍ទោ ស៊ីវ ឈាន់ បានបញ្ជាក់ថា នៅពេលនេះ បុគ្គលិកខាងធ្វើសកម្មភាពគំរាមកំហែងទាំង​នេះ កំពុងរត់គេចខ្លួន ដោយពួកគេបានគេចខ្លួនតាំងពីមុនអាជ្ញាធរចុះទៅបង្រ្កាបទីតាំងប្រព្រឹត្តបទល្មើសទៅទៀត។ ដូច្នេះហើយ លោកបានអំពាវនាវឲ្យពួកគេទាំងនោះ ឆាប់ចូលខ្លួនមកកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាតាមសម្រួល និងជាបន្ទាន់ បើមិនដូច្នេះទេ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នឹងស្នើទៅតុលាការឲ្យចេញដីការចាប់បញ្ជូនខ្លួនជាមិនខាន។

ជុំវិញការបង្រ្កាបបទល្មើសនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានបញ្ជាក់ប្រាប់«កម្ពុជាថ្មី»ថា ករណីខាងលើនេះ នាយកដ្ឋានរបស់ឯកឧត្តម ពិតជាបានសហការជាមួយស្នងការរាជធានីភ្នំពេញ បានបង្រ្កាប និងបានចាប់ខ្លួនជនល្មើសបញ្ជូនទៅកាន់តុលាការមែន ហើយបច្ចុប្បន្ននេះ មានសកម្មភាពបទល្មើសឆបោកតាម​ប្រព័ន្ធអនឡាញកំពុងមានការកើតឡើងច្រើនគ្រប់រូបភាព។ ដូចនេះហើយ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋ បើជួបករណីសង្ស័យថា មានការឆបោក សូមទាក់ទងមកកាន់សមត្ថកិច្ចពាក់ព័ន្ធជាបន្ទាន់។​

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានបញ្ជាក់បែបនេះថា៖ «យើងខ្ញុំ ស្នើដល់ប្រជាពលរដ្ឋសូមឲ្យមានការប្រុងប្រយ័តុ្ន កុំចាញ់បោក ហើយបើបងប្អូនប្រជាពលរដ្ឋទទួលបានសេវាណាមួយដែលមិនច្បាស់ សុំទាក់ទងសួរនាំមកសមត្ថកិច្ច ពិសេសរាយការណ៍ បើបងប្អូនគិតថា ជាករណីបោកប្រាស់ ដើម្បីសមត្ថកិច្ចមានវិធានការតាមច្បាប់ជាបន្ទាន់។ បើតាមឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា គឺសព្វថ្ងៃនេះ ការសហការពីសំណាក់ប្រជាពលរដ្ឋនៅមានកម្រិតនៅឡើយ ដោយពួកគាត់ មិនបានរាយការណ៍ដល់សមត្ថកិច្ចនៅពេលដែលបានដឹង  ឬបានរងគ្រោះកន្លងមក។

ហេតុដូច្នេះហើយ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានស្នើថា៖«ពុក ម៉ែ ពូមីង បងប្អូនទាំងអស់មេត្តាជួយផ្តល់ព័ត៌មានពាក់ព័ន្ធនានាករណីឆបោកនេះមកទូរស័ព្ទលេខ 010 432 720 / 097 876 6737 ឬសូមរាយការណ៍ទៅកាន់សមត្ថកិច្ចនៅក្នុងមូលដ្ឋានរបស់ខ្លួន»។

សូមបញ្ជាក់ថា ករណីផ្តល់កម្ចីតាមអនឡាញជាមួយអត្រាការប្រាក់ដ៏ខ្ពស់នេះ គឺជាករណីឆបោកថ្មីបំផុតដែលទើបកើតមាន និងទើបបង្រ្កាបបាននៅក្នុងប្រទេសកម្ពុជា។ នាយកដ្ឋានកណ្តាលសន្តិសុខ បានអំពាវនាវឲ្យជនរងគ្រោះក្នុងករណីនេះឆាប់ដាក់ពាក្យបណ្តឹង ឬផ្ញើសារប្តឹងតាមទំព័រហ្វេសប៊ុកឈ្មោះថា«នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department» ដើម្បីអាចបង្រ្កាបបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម