សន្តិសុខសង្គម
វត្តពោធិលង្កា បានបិទជាស្ថាពរ ដើម្បីរៀបចំសណ្តាប់ធ្នាប់ឡើងវិញ
សាលាអនុគណក្រុងសៀមរាប និងអាជ្ញាធរពាក់ព័ន្ធ នៃខេត្តសៀមរាប សម្រេចបិទវត្តពោធិលង្កា ហៅវត្តពោធិលើ ស្ថិតក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ដើម្បីរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរឡើងវិញនាពេលឆាប់ៗនេះ ដោយតម្រូវឱ្យព្រះសង្ឃចំនួន ១៤០អង្គ រួមទាំងតាជី យាយជី និងក្មេងវត្ត ដែលគង់ស្នាក់នៅក្នុងវត្តទាំងអស់ ចាកចេញជាបណ្តោះអាសន្នសិន។

លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប បានឱ្យ “កម្ពុជាថ្មី” ដឹងនៅរសៀល ថ្ងៃទី១៤ វិច្ឆិកានេះថា វត្តពោធិលង្កា បានបិទជាស្ថាពរហើយ ដោយរង់ចាំរៀបចំឱ្យមានរបៀបរៀបរយឡើងវិញ។ ចំណែកសាលាគណខេត្តសៀមរាប បានឱ្យដឹងនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកានេះដែរថា សាលាគណខេត្តសៀមរាប សហការជាមួយអាជ្ញាធរពាក់ព័ន្ធ កាលពីម្សិលមិញ ដោយបានចុះអនុវត្តសេចក្តីសម្រេច លេខ១០៧/២៣ ស.ន.ក. របស់គណៈសង្ឃនាយក នៃព្រះរាជាចក្រកម្ពុជា ដើម្បីរៀបចំរបៀបរៀបរយ សណ្តាប់ធ្នាប់នៅក្នុងវត្តពោធិលង្កា។

សាលាអនុគណក្រុង បានប្រកាសរំសាយភិក្ខុ សាមណេរទាំងអស់នៅក្នុងវត្តពោធិលង្កា ឱ្យនិមន្តទៅគង់តាមបណ្តាវត្តក្នុងក្រុងសៀមរាប។ ព្រះសង្ឃ សរុបមាន ចំនួន ១៤០ អង្គ និង តាជី យាយជី ក្មេងវត្ត មានចំនួន ៣១ នាក់។ ក្នុងនោះ ព្រះសង្ឃជាសមណសិស្សពុទ្ធិកវិទ្យាល័យរាជបូណ៌ ចំនួន ៣៨ អង្គ ត្រូវនិមន្តទៅគង់វត្តរាជបូណ៌។ ព្រះសង្ឃចំនួន ១០២ អង្គទៀត សូមនិមន្តទំនាក់ទំនងជាមួយសាលាអនុគណក្រុងសៀមរាប ដើម្បីរក វត្តស្នាក់នៅបន្ត។ ដោយឡែក តាជី យាយជី និង ក្មេងវត្តចំនួន ៣១ នាក់ ត្រូវធ្វើការទំនាក់ទំនងជាមួយសាលាអនុគណ ក្រុងសៀមរាប ដោយផ្ទាល់នៅវត្តទេពពោធិវង្ស សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីបានវត្តស្នាក់នៅបន្ត។

សាលាអនុគណក្រុង មិនអនុញ្ញាតឱ្យបុគ្គលណាមួយបន្តស្នាក់នៅក្នុងវត្តពោធិលង្កាទៀតឡើយ។ បើបុគ្គលណាមួយមិនព្រមចាកចេញតាមការជូនដំណឹងនេះ សាលាអនុគណក្រុង នឹងសហការជាមួយកម្លាំងមានសមត្ថកិច្ចអនុវត្តតាមផ្លូវច្បាប់ ដោយមិនទទួលខុសត្រូវលើការបាត់បង់ឬ ខូចខាតទ្រព្យសម្បត្តិណាមួយឡើយ។

សូមបញ្ជាក់ថា រឿងរ៉ាវចម្រូងចម្រាស់រវាងព្រះសង្ឃនិងព្រះសង្ឃ ដែលចែកគ្នាជាពីរបក្ស បក្សមួយជារបស់ព្រះគ្រូចៅអធិការ ដែលមានព្រះនាមថា កែវ ខូយ និងបក្សមួយទៀត ក្រោមការដឹកនាំរបស់ព្រះសង្ឃដែលមានព្រះនាមថា ពេជ្រ ដេវីត។ ជម្លោះកាច់កុងដណ្ដើមអំណាចគ្នា ជាង ១០ឆ្នាំមកហើយ តែពុំអាចសម្របសម្រួលគ្នាបាន ទើបគណៈសង្ឃនិងសម្ដេចសង្ឃ សម្រេចរំសាយព្រះសង្ឃដែលគង់នៅក្នុងវត្តនេះ ឱ្យទៅគង់នៅវត្តផ្សេងៗពីគ្នា។

ប្រភពព័ត៌មានបានឱ្យដឹងថា ព្រះគ្រូចៅអធិការព្រះនាម កែវ ខូយ បានគង់ធ្វើជាព្រះគ្រូចៅអធិការតាំងតែពីឆ្នាំ១៩៩០ជាង ចំណែកឯព្រះសង្ឃព្រះនាម ពេជ្រ ដេវីត ទើបតែមកគង់ក្រោយព្រះអង្គ ហើយធ្លាប់បានបង្កបញ្ហាដូចជា សែបគ្រឿងស្រវឹង សែបគ្រឿងញៀនជាដើម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ផ្សឹកម្ដងរួចទៅហើយ។ ក្រោយមកព្រះសង្ឃ ពេជ្រ ដេវីត បានបួសជាព្រះសង្ឃសាជាថ្មី ហើយមានពុទ្ធបរិស័ទមួយចំនួនដែលគាំទ្រ ដង្ហែលោកមកគង់នៅវត្តពោធិ៍លង្កាដដែល។ នេះហើយជាហេតុ ដែលនាំឱ្យទាំងដំបៅចាស់ និងដំបៅថ្មីបានរីករាលដាលកើតជាមហារីក ឈានមកដល់ថ្ងៃវះកាត់ ធ្វើឱ្យប៉ះពាល់ដល់ព្រះសង្ឃ តាជីយាយជី និងក្មេងវត្ត មួយចំនួន ដែលពុំបានរួមចំណែកក្នុងជម្លោះរាំរៃនេះ៕
អត្ថបទ៖ ជុន កុសល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


