កីឡា
ក្រុមនារី ហ្គាំ មានប្រវត្តិល្អជាងក្រុមនារី កម្ពុជា មុនប៉ះគ្នាថ្ងៃទី ២៥ មិថុនានេះ
ក្រុមបាល់ទាត់ជម្រើសនារី ហ្គាំ នឹងធ្វើដំណើរមកប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិ នារីកម្ពុជា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ហ្គាំ ជាប្រទេសកោះមួយដែលមិនសូវល្បីខាងកីឡាបាល់ទាត់ប៉ុន្មានទេ ជាពិសេសក្រុមបុរស ប៉ុន្តែបើក្រឡេកមើលក្រុមនារីវិញមានប្រវត្តិគួរឲ្យចាប់អារម្មណ៍ដែរ។ អាចនិយាយបានថា ក្រុមនារីហ្គាំ ដែលមាន រហស្សនាម«ម៉ាហ្សាកាដា ឬ ក្រុមនារីក្លាហាន»មានស្ថិតិល្អជាង ក្រុមនារីកម្ពុជា។
ក្រុមបាល់ទាត់នារី ហ្គាំ កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៩៧ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក FIFA Women Ranking។ ពួកគេធ្លាប់ឡើងខ្ពស់បំផុតគឺលេខ ៦៦ កាលពីខែកក្កដា ឆ្នាំ ២០០៣ និងធ្លាក់ដល់កម្រិតទាបបំផុតគឺលេខ ១០១ កាលពីខែមីនា ឆ្នាំ២០២៤។ ចំណែក ក្រុមនារីកម្ពុជា ស្ថិតនៅលេខ ១១៨ ហើយធ្លាប់ឡើងខ្ពស់បំផុតដល់លេខ ១១៥ កាលពីខែមីនា ឆ្នាំ ២០២៤ និងធ្លាប់ធ្លាក់ទាបបំផុតគឺលេខ ១២០ កាលពីខែសីហា ឆ្នាំ ២០២២។

ក្រុមនារីហ្គាំ បានចូលរួមប្រកួតជម្រុះក្នុងពានរង្វាន់ពិភពលោក ពានរង្វាន់អាស៊ី និងអាស៊ីខាងកើត ជាបន្តបន្ទាប់ ហើយក៏បានចូលរួមប្រកួតព្រឹត្តិការណ៍កីឡាប៉ាស៊ីហ្វិកថែមទៀត។ ពួកគេបានប្រកួតជម្រុះជើងឯកនារីពិភពលោកពីឆ្នាំ ១៩៩៩ ដល់ ២០២៣ និងបន្តជម្រុះនៅឆ្នាំ២០២៧ទៀត។
នៅពានរង្វាន់នារីអាស៊ី AFC Women’s Asian Cup វិញ ពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន។ ពួកគេបានឈានដល់ជុំចុងក្រោយរហូតដល់ ៤ លើកគឺនៅឆ្នាំ១៩៩៧ ១៩៩៩ ២០០១ និង២០០៣ ប៉ុន្តែបានធ្លាក់នៅវគ្គសន្សំពិន្ទុក្នុងពូល។ ទោះបីជាយ៉ាងណា ចាប់ពីឆ្នាំ២០០៨ ដល់២០២២ ពួកគេមិនបានជាប់ដល់ជុំចុងក្រោយទេ។

ចំពោះការចូលរួមប្រកួតជើងឯកនារីអាស៊ីខាងកើត ក្រុមនារីហ្គាំមិនធ្លាប់បានជាប់ឡើងទៅជុំចុងក្រោយឡើយ ដោយគិតពីឆ្នាំ ២០០៨ ដល់ ២០១៩ ខណៈឆ្នាំ ២០០៥ និងឆ្នាំចុងក្រោយ ២០២២ ពួកគេមិនបានចូលរួម។
សម្រាប់ការចូលរួមប្រកួតព្រឹត្តិការណ៍កីឡាប៉ាស៊ីហ្វិក ក្រុមនារីហ្គាំធ្វើបានល្អមែនទែននៅឆ្នាំ២០០៣ ដែលជាឆ្នាំចូលរួមប្រកួតដំបូង។ ពួកគេទទួលបានជើងឯករង ឬមេដាយប្រាក់។ នៅឆ្នាំបន្ទាប់ ២០០៧ ពួកគេមិនបានចូលរួម ហើយឆ្នាំ២០១១ បានឡើងជុំចុងក្រោយ ប៉ុន្តែបានធ្លាក់នៅវគ្គសន្សំពិន្ទុក្នុងពូល។ ពីរលើកចុងក្រោយពោលគឺឆ្នាំ ២០១៥ និង ២០១៩ ពួកគេមិនបានចូលរួមប្រកួតទេ។
ការប្រកួតអន្តរជាតិលើកដំបូងរបស់ ក្រុមនារី ហ្គាំ គឺជាមួយ ក្រុមនារីជប៉ុន កាលពីខែធ្នូ ឆ្នាំ១៩៩៧ ដែលពេលនោះ ពួកគេបានចាញ់ដោយលទ្ធផល ២១-០ ដែលបានក្លាយជាកំណត់ត្រាចាញ់អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ជោគជ័យធំបំផុតគឺ ក្រុមនារីហ្គាំ បានយកឈ្នះ ក្រុមនារី កោះម៉ាកាវ ដោយលទ្ធផល ១១-០ កាលពីខែកក្កដា ឆ្នាំ២០១៤។

ក្រុមបាល់ទាត់នារី កោះហ្គាំ មានប្រវត្តិក្រុមការងារគ្រូបង្វឹកច្បាស់លាស់ និងធ្លាប់មានគ្រូបង្វឹកបរទេសជាច្រើននាក់ដឹកនាំពីឆ្នាំ១៩៩៦ រហូតដល់បច្ចុប្បន្ន។ ក្នុងនោះ ធ្លាប់មានគ្រូបង្វឹកជនជាតិអាមេរិក ២ នាក់ ជនជាតិកូរ៉េខាងត្បូង ៣ នាក់ ជប៉ុន ១ នាក់ ហ្វីលីពីន ១ នាក់ អូស្ត្រាលី ១ នាក់ និងជនជាតិហ្គាំខ្លួនឯង ៥ នាក់។
បច្ចុប្បន្ន ក្រុមនារីហ្គាំ ដឹកនាំដោយលោកគ្រូ Kimberly Sherman ជាជនជាតិហ្គាំ ហើយមានក្រុមការងារគ្រូជំនួយជនជាតិ ហ្វីលីពីន ហូឡង់ អាមេរិក រុស្ស៊ី និងអង់គ្លេស។
បើនិយាយពីសមាសភាព កីឡាការិនីក្រុមជម្រើសជាតិហ្គាំវិញ ពួកគេមានសមាជិកនៅក្រៅប្រទេសច្រើននាក់ដែរ។ ខ្សែបម្រើការពារ Rebecca Bartosh លេងនៅប្រទេសអ៉ីតាលី។ ខ្សែបម្រើ Jenae Perez, Kaia Villanueva, Mariana Gomes និង Salora La Rosa លេងនៅសហរដ្ឋអាមេរិក ប៉ុន្តែមានសមាជិកជាច្រើនទៀតដែលមិនត្រូវបានបង្ហាញប្រវត្តិច្បាស់លាស់។
សូមបញ្ជាក់ថា ក្រុមបាល់ទាត់នារីកម្ពុជា ដឹកនាំដោយលោក Conor Nestor នឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលក្រុមនារី ហ្គាំ វេលាម៉ោង៧យប់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ ក្នុងជំនួបមិត្តភាពអន្តរជាតិ។ ការប្រកួតនេះសុទ្ធជាការត្រៀមខ្លួនសម្រាប់ការប្រកួតជម្រុះជើងឯកនារីអាស៊ី AFC Women’s Asian Cup ដូចគ្នា៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


