Connect with us

កីឡា

ប្រេស៊ីល ពិចារណាបញ្ជូនគ្រូបាល់ទាត់ បាល់ទះ មកជួយកម្ពុជា តបតាមការស្នើសុំរបស់សម្តេច​តេជោ

បានផុស

នៅ

លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងអំពី ប្រទេស ប្រេស៊ីល នឹងពិចារណាបញ្ជូនគ្រូបង្វឹកបាល់ទាត់ និងបាល់ទះ មកជួយ កម្ពុជា តបតាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន។

សម្តេច​តេជោ ហ៊ុន សែន និងលោកជំទាវ Vivian Loss Sanmartin
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលសារតាំង លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២៥។

សម្តេចតេជោ ហ៊ុន សែន

យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ថា៖ «ប្រេស៊ីលមានសក្កានុពលណាស់ ជាពិសេសធនធានកីឡាល្អៗណាស់ នៅពេលដែលគេនិយាយពីប្រេស៊ីលគេនឹងនឹកឃើញកីឡា ហើយសម្ដេចក៏ជាអ្នកស្រឡាញ់វិស័យកីឡានេះ និងជាអ្នកគាំទ្រប្រេស៊ីលផងដែរនៅពេលកន្លងមក ទាំងកីឡាបាល់ទាត់ និងបាល់ទះជាដើម ។ ដូច្នេះភាគីទាំងពីរគួរតែពង្រីកទៅលើវិស័យកីឡាជាមួយគ្នា ជាពិសេសគឺការបញ្ជូនគ្រូបង្វឹករបស់ប្រេស៊ីលមកជួយបង្វឹកផ្នែកកីឡារបស់កម្ពុជា ដូចជាកីឡាបាល់ទាត់ និងកីឡាបាល់ទះ ដែលជាផ្នែកមួយដ៏សំខាន់ដើម្បីចំណងមិត្តភាពរវាងប្រទេសទាំងពីរផង ហើយដើម្បីជំរុញនូវការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនឱ្យកាន់តែមានចម្រើនទៅជាមួយនឹងគ្នា»

បន្ទាប់ពីសម្តេច ហ៊ុន សែន បានលើកឡើងបែបនេះ លោកជំទាវ Vivian Loss Sanmartin បានតបមកវិញដូច្នេះ ថា៖ «ប្រេស៊ីលនឹងពិចារណាក្នុងការរៀបចំឱ្យមានគ្រូបង្វឹកមកកាន់ព្រះរាជាណាចក្រកម្ពុជាក្នុងការបណ្ដុះបណ្ដាលផ្នែកកីឡាបាល់ទះ កីឡាបាល់ទាត់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា»។ លោកជំទាវបានបន្ត ថា «នេះជារឿងមួយដែលភាគីទាំងពីរអាចធ្វើបានទៅជាមួយគ្នា ហើយធ្វើបានក្នុងពេលឆាប់ៗ»

លោកជំទាវ Vivian Loss Sanmartin

ជុំវិញការលើកឡើងបែបនេះ របស់លោកជំទាវ Vivian Loss Sanmartin នឹងក្លាយជារឿងល្អសម្រាប់ កម្ពុជា លើវិស័យកីឡាបាល់ទាត់ និងបាល់ទះ ពីព្រោះ ប្រេស៊ីល ជាប្រទេសមួយ ដែលមានសក្តានុពលខ្លាំងលើវិស័យកីឡាទាំង ២ នេះ។ ប្រសិនបើមានគ្រូបង្វឹក ឬអ្នកជំនាញរបស់ ប្រេស៊ីល ល្អៗ មកជួយ កម្ពុជា នោះនឹងអាចធ្វើឱ្យ កម្ពុជា រីកចម្រើនខ្លាំងលើវិស័យកីឡាទាំង ២ នេះនាពេលអនាគត៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម