Connect with us

ចរាចរណ៍

៤ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំ ស្លាប់៣០នាក់ និងរបួសជាង១០០នាក់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍

បានផុស

នៅ

យោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ឱ្យដឹងថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ៣ថ្ងៃបូកនឹងថ្ងៃអាទិត្យមួយថ្ងៃទៀត ពោលគឺចាប់ពីថ្ងៃទី១៤​ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួន៦៥លើក បណ្ដាលឱ្យមនុស្សស្លាប់៣០នាក់ និងរងរបួសធ្ងន់ស្រាលចំនួន១១២នាក់។

យោងតាមរបាយការណ៍ដដែលបានបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ទាំង៦៥លើកនេះ កើតមានឡើងស្ទើរគ្រប់បណ្ដាលរាជធានីខេត្ត ​ហើយមូលហេតុដែលបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍​នេះ រួមមាន ការបើកបរលើសល្បឿនកំណត់ ,បើកបរមិនគោរពសិទ្ធិ, វ៉ាប្រជែងគ្រោះថ្នាក់ , បត់គ្រោះថ្នាក់ និងបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដើម ជាពិសេសនាពេលយប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅឆ្នាំនេះមានបងប្អូនប្រជាពលរដ្ឋខ្មែរបាននាំគ្នាធ្វើដំណើរកំសាន្តនៅតាមរមណីដ្ឋាននានានៅទូទាំងប្រទេសដែលធ្វើឱ្យការធ្វើចរាចរណ៍មានភាពមមាញឹកយ៉ាងខ្លាំង បន្ទាប់ពីកម្ពុជាបានអាក់ខានរៀបចំពិធីបុណ្យជាតិដ៏ធំនេះអស់រយៈពេល២ឆ្នាំកន្លងទៅនេះដោយសារការរាតត្បាតជំងឺកូវីដ១៩។

បើតាមក្រសួងទេសចរណ៍បានឱ្យដឹងថា សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃមានភ្ញៀវទេសចរជិត៥លាននាក់ចេញដើរកម្សាន្តទូទាំងប្រទេស។​ក្នុងចំណោមភ្ញៀវទេសចរ​សរុបជិ​ត​៥លាននាក់នេះមានភ្ញៀវជាតិជាង៤លាន៥សែននាក់ និងភ្ញៀវបរទេសផ្ទៃក្នុងជិត៣ម៉ឺននាក់។

គោលដៅទេសចរណ៍សំខាន់ៗដែលភ្ញៀងទេសចរបានទៅដល់ច្រើនជាងគេរួមមាន ខេត្តបាត់ដំបងជាង៥៦ម៉ឺននាក់, ខេត្តកំពង់ចាមជាង៥១ម៉ឺននាក់,ខេត្តសៀមរាបជាង៤០ម៉ឺននាក់,​ខេត្តបន្ទាយមានជ័យ​ជាង៣៨ម៉ឺននាក់,ខេត្តព្រៃវែងជាង៣៨ម៉ឺននាក់, ខេត្តកំពង់ស្ពឺជាង៣៣ម៉ឺននាក់,ខេត្តពោធិ៍សាត់ជាង២៩ម៉ឺននាក់, ខេត្តកំពង់ឆ្នាំងជាង២៧ម៉ឺននាក់,ខេត្តកំពតជាង២៥ម៉ឺននាក់,​ខេត្តព្រះសីហនុជាង២៣ម៉ឺននាក់,រាជធានីភ្នំពេញជាង២២ម៉ឺននាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម