ព័ត៌មានអន្ដរជាតិ
ពូទីនគាំទ្រលោកត្រាំ ហើយថា ម្ចាស់ពានណូបែលសន្តិភាព«មិនបានធ្វើអ្វីដើម្បីសន្តិភាពទេ»
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានរិះគន់គណៈកម្មាធិការរង្វាន់ណូបែលសន្តិភាព ដោយបានចោទប្រកាន់ថាបានផ្តល់រង្វាន់ដល់មនុស្ស«ដែលមិនបានធ្វើអ្វីដើម្បីសន្តិភាពទេ» ខណៈពេលដែលលោកបានសរសើរប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គាត់ក្នុងការសម្របសម្រួលបទឈប់បាញ់នៅតំបន់ហ្គាហ្សា។

យោងតាមការចុះផ្សាយរបស់ New York Post លោក ពូទីន បាននិយាយថា «មានករណីខ្លះដែលគណៈកម្មាធិការបានផ្តល់រង្វាន់ណូបែលសន្តិភាពដល់មនុស្សដែលមិនបានធ្វើអ្វីសោះដើម្បីសន្តិភាព។ តាមទស្សនៈរបស់ខ្ញុំ ការសម្រេចចិត្តទាំងនេះបានធ្វើឲ្យខូចខាតយ៉ាងធំធេងចំពោះកិត្យានុភាពនៃរង្វាន់នេះ»។
លោក ពូទីន ហាក់ដូចជាឈរនៅខាងលោក ត្រាំ ដោយរិះគន់ដោយប្រយោលដល់អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ដែលបានទទួលរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ២០០៩ ទើបតែប៉ុន្មានខែប៉ុណ្ណោះក្នុងអាណត្តិដំបូងរបស់គាត់។ លោក ត្រាំ បានចំអកម្តងហើយម្តងទៀតនូវរង្វាន់របស់លោក អូបាម៉ា ដោយបានអះអាងថា លោក«ទទួលបានរង្វាន់សម្រាប់ការមិនបានធ្វើអ្វីទាល់តែសោះ»។
មេដឹកនាំរុស្ស៊ីបានបន្តសរសើរលោក ត្រាំ ចំពោះកិច្ចខិតខំប្រឹងប្រែងការទូតនាពេលថ្មីៗនេះរបស់គាត់នៅមជ្ឈិមបូព៌ា។ លោក ពូទីន បានលើកឡើងថា «គាត់ពិតជាធ្វើបានច្រើនដើម្បីដោះស្រាយវិបត្តិដ៏ស្មុគស្មាញដែលអូសបន្លាយជាច្រើនឆ្នាំ និងរាប់ទសវត្សរ៍» ដោយបន្ថែមថា បើកិច្ចព្រមព្រៀងហ្គាហ្សាត្រូវបានអនុវត្តដោយជោគជ័យ វានឹងក្លាយជាសមិទ្ធិផលជាប្រវត្តិសាស្ត្រ។
លោក ត្រាំ ដែលបានសម្តែងការខកចិត្តជាមួយលោក ពូទីន ចំពោះការជាប់គាំងកិច្ចចរចាដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ក្រោយមកបានស៊ែរវីដេអូនៃការថ្លែងសុន្ទរកថារបស់ប្រធានាធិបតីរុស្ស៊ីនៅលើវេទិកាសង្គម Truth Social ដោយសរសេរថា «សូមអរគុណលោកប្រធានាធិបតីពូទីន!»។
អ្នកនាំពាក្យសេតវិមាន លោកស្រី Anna Kelly ក៏បានសរសើរលោក ត្រាំ ដោយនិយាយថា លោកសមនឹងទទួលបានរង្វាន់ណូបែលសន្តិភាពជាច្រើនដងមកហើយ។
លោកស្រី Kelly បានរៀបរាប់ថា «កេរ្តិ៍តំណែលរបស់ប្រធានាធិបតីត្រូវបានពង្រឹងរួចហើយក្នុងនាមជាអ្នកបង្កើតសន្តិភាព។ ប៉ុន្តែដូចដែលគាត់បាននិយាយ គាត់មិនខ្វល់ពីការទទួលស្គាល់នោះទេ មានតែការសង្គ្រោះជីវិតប៉ុណ្ណោះ»។
គណៈកម្មាធិការណូបែល បានធ្វើការសម្រេចចិត្តរបស់ខ្លួន ដោយផ្តល់រង្វាន់សន្តិភាពឆ្នាំ២០២៥ ដល់មេដឹកនាំប្រឆាំងវេណេស៊ុយអេឡា លោកស្រី María Corina Machado ២ថ្ងៃមុនពេលបទឈប់បាញ់ហ្គាហ្សាត្រូវបានសម្រេចជាផ្លូវការ៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


