Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ បញ្ជូនរថពាសដែកបន្ថែមទៀតទៅជួយជនរងគ្រោះដោយទឹកជំនន់នៅ Hat Yai

បានផុស

នៅ

កងទ័ពជើងទឹកថៃ បានបញ្ជូនរថពាសដែកបន្ថែមទៀត ទៅ Hat Yai ដើម្បីដឹកជញ្ជូនកងម៉ារីន ធ្វើប្រតិ​បត្តិការជួយអ្នកស្រុកនិងជម្លៀស ក៏ដូចជាចែកចាយជំនួយដល់ជនរងគ្រោះដោយសារទឹកជំនន់ដ៏កាចសាហាវជាប្រវត្តិសាស្រ្តនៅខេត្ត Songkhla។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Amarin កាលពីថ្ងៃពុធទី២៦ខែវិច្ឆិកាឆ្នាំ២០២៥ រថពាសដែក AWAV នឹងធ្វើប្រតិបត្តិការនៅតាមផ្លូវ Phetkasem ដើម្បីផ្តល់ជំនួយដល់ជនរងគ្រោះ។

មិនត្រឹមប៉ុណ្ណឹង កងទ័ពជើងគោកថៃ តាមរយៈ នាយកដ្ឋានវិស្វកម្មយោធា ក៏បានដាក់កម្លាំងរួមជាមួយ រថយន្តទម្ងន់២តោនកន្លះជាច្រើនគ្រឿងនិងទូកកៅស៊ូ ដើម្បីធ្វើបេសកកម្មបន្ទាន់ផងដែរ។

មុននេះ កងទ័ពជើងទឹកបានដាក់ពង្រាយនាវាដ៏ធំ​បំផុតរបស់ខ្លួន គឺ HTMS Chakri Naruebet រួម​ជាមួយ​ឧទ្ធម្ភាគចក្រពីរគ្រឿង និងក្រុមប្រតិបត្តិការពិសេសរួចទៅហើយ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះនៅក្នុងតំបន់ភាគខាងត្បូង។

នាវាផ្ទុកយន្តហោះ ដែលអាចបម្រើការជាមូលដ្ឋានទ័ពអាកាសបណ្តែតទឹក នឹងគាំទ្រដល់ប្រតិបត្តិការឧទ្ធម្ភាគចក្រ និងយន្តហោះគ្មានមនុស្សបើក (ដ្រូន) ហើយអាចផលិតអាហារចម្អិនរួចរហូតដល់ ៣ ០០០កញ្ចប់ក្នុងមួយថ្ងៃ ដើម្បីដឹកជញ្ជូនតាមផ្លូវអាកាសទៅកាន់តំបន់ដែលរងផលប៉ះពាល់។

កងកម្លាំងប្រតិបត្តិការពិសេសមកពីបញ្ជាការដ្ឋានសង្គ្រាមពិសេសកងទ័ពជើងទឹក រួមជាមួយទូកកៅស៊ូចំនួន១៤គ្រឿង ក៏ត្រូវបានបញ្ជូនតាមយន្តហោះដឹកជញ្ជូនរបស់កងទ័ពអាកាសថៃ ដើម្បីជួយប្រជាពលរដ្ឋនៅក្នុងតំបន់ដែលត្រូវបានកាត់ផ្តាច់ដោយចរន្តទឹកហូរខ្លាំងផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម