Connect with us

ព័ត៌មានជាតិ

លោក វង្សី វិស្សុត ណែនាំអាជ្ញាធរខេត្តកំពង់ធំយកចិត្តទុកដាក់ដល់​យុទ្ធជនពលី និងជនភៀសសឹក

បានផុស

នៅ

នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានចុះបំពេញការងារជួយគាំទ្រដល់រដ្ឋបាលខេត្តកំពង់ធំ ក្នុងការជួយដល់យុទ្ធជន និងប្រជាជនភៀសសឹក ដោយសារការឈ្លានពានពីកងទ័ពថៃនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ លោកឧបនាយករដ្ឋមន្ត្រី បានណែនាំដល់អាជ្ញាធរខេត្តកំពង់ធំប្រកៀកស្មាគ្នាយកចិត្តទុកដាក់ដល់​យុទ្ធជនពលី និងជនភៀសសឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះជួយគាំទ្រដល់រដ្ឋបាលខេត្តពេលនេះ គឺអនុវត្តតាមបទបញ្ជាសម្តេច​​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុង​គោលដៅជួយដោះស្រាយឧបត្ថម្ភ និងគាំទ្រដល់គ្រួសារវីវយុទ្ធជនពលី វីរយុទ្ធជនរងរបួស និងប្រជាជនភៀសសឹក ព្រមទាំងការត្រៀមខ្លួន​ជាយុទ្ធសាស្ត្រ និងការត្រៀមសម្របសម្រួលនិងការជួយសង្គ្រោះផ្សេងៗនៅមូលដ្ឋានខេត្តកំពង់ធំស្របទៅតាមការវិវត្ត​នៃស្ថានការណ៍ឱ្យបានល្អបំផុត។

លោក វង្សី វិស្សុត ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានផ្តល់ការណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ក្រុង ស្រុក​ ព្រមទាំងក្រុមការងារចុះមូលដ្ឋានទាំងអស់ ត្រូវប្តេជ្ញាតស៊ូ និងប្រកៀកស្មាគ្នា យកចិត្តទុកដាក់ដល់​វីរយុទ្ធជនពលី សម្របសម្រួលរៀបចំពិធីបុណ្យសព ជាពិសេស​ត្រូវជួយឧបត្ថម្ភគាំទ្រដល់គ្រួសារវីរយុទ្ធជនពលីឱ្យបានសមរម្យស្របទៅនឹងការលះបង់សាច់ស្រស់ ឈាមស្រស់ និងគុណបំណាច់ដ៏ធំធេង​ចំពោះជាតិមាតុភូមិ។

ជាមួយគ្នានេះ ត្រូវយកចិត្ត​ទុកដាក់ខ្ពស់បំផុតចំពោះវីរយុទ្ធជនរងរបួស ដើម្បីផ្ដល់ភាពកក់ក្ដៅទាំងផ្នែកសុខភាព ស្មារតី និងជីវភាព​រស់នៅ ព្រមទាំងត្រូវរៀបចំសម្របសម្រួលជួយដល់ជនភៀសសឹកឱ្យបានល្អ សុខទុក្ខ និងបញ្ហាលំបាកនានារបស់ពូកគាត់ ពិសេសការដោះស្រាយកន្លែងស្នាក់នៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។

សម្រាប់លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក្នុងពេលនេះ ខ្មែរត្រូវបន្តរួមគ្នាជាធ្លុងមួយ រក្សាឱ្យបាននូវឯកភាពជាតិ សាមគ្គីភាព ជាកម្លាំងតែមួយ ទាំងរដ្ឋាភិបាល កងទ័ព និងទាំងប្រជាជន ក្នុងស្មារតី​និងការប្ដេជ្ញាចិត្តលើសពីធម្មតា ខិតខំប្រឹងប្រែង ចេះចែករំលែ​ក និងលះបង់ឱ្យលើសពីធម្មតា ដើម្បីបុព្វហេតុជាតិនិងប្រជាជន ស្របតាមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម