ព័ត៌មានអន្ដរជាតិ
មេដឹកនាំកំពូលអ៊ីរ៉ង់ ត្រៀមផែនការ B ដាក់មេប្រូចទៅរុស្ស៊ី បើបាតុកម្មកាន់តែធំទប់លែងឈ្នះ
របាយការណ៍ពីកាសែតអង់គ្លេស The Times ដោយដកស្រង់ការរកឃើញរបស់ភ្នាក់ងារចារកម្ម បានទម្លាយឲ្យដឹងថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ayatollah Ali Khamenei បានរៀបចំ «ផែនការ B» ជាបន្ទាន់មួយ ដើម្បីភៀសខ្លួនទៅកាន់ទីក្រុងមូស្គូ ប្រសិនបើបាតុកម្មនៅក្នុងប្រទេសផ្ទុះឡើងខ្លាំងហួសពីសមត្ថភាពគ្រប់គ្រងរបស់រដ្ឋ។

ផែនការជម្លៀសខ្លួននេះត្រូវគេរាយការណ៍ថា រួមមានកូនប្រុសរបស់លោកគឺ Mojtaba Khamenei រួមជាមួយសមាជិកគ្រួសារ និងជំនួយការជិតស្និទ្ធប្រហែល ២០នាក់។
របាយការណ៍ដដែល បានលើកឡើងទៀតថា មេដឹកនាំវ័យ៨៦ឆ្នាំរូបនេះ បានប្រែជា «ទន់ខ្សោយទាំងរាងកាយ និងស្មារតី» បន្ទាប់ពីជម្លោះដោយផ្ទាល់រយៈពេល១២ថ្ងៃជាមួយអ៊ីស្រាអែលកាលពីខែមិថុនាឆ្នាំមុន ដែលក្នុងនោះលោកត្រូវចំណាយពេលភាគច្រើននៅក្នុងលេណដ្ឋានក្រោមដី។
អ្នកវិភាគចារកម្មជឿថា ការសម្រេចចិត្តរបស់លោក Khamenei ក្នុងការត្រៀមខ្លួនចាកចេញនេះ គឺធ្វើតាមគំរូរបស់សម្ព័ន្ធមិត្តលោក គឺអតីតប្រធានាធិបតីស៊ីរី Bashar al-Assad ដែលបានភៀសខ្លួនទៅកាន់ទីក្រុងមូស្គូកាលពីខែធ្នូឆ្នាំ២០២៤ នៅពេលដែលកងកម្លាំងប្រឆាំងបានកាន់កាប់ទីក្រុងដាម៉ាស។ ប្រទេសរុស្ស៊ីនៅតែជាជម្រកដ៏មានសុវត្ថិភាពមួយសម្រាប់មេដឹកនាំអ៊ីរ៉ង់ ដោយសារលោក Khamenei តែងតែសម្តែងការកោតសរសើរចំពោះប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន។
របាយការណ៍បានឲ្យដឹងបន្ថែមថា របបនេះបាននិងកំពុងផ្ទេរទ្រព្យសម្បត្តិទៅក្រៅប្រទេសដើម្បីសម្រួលដល់ការចាកចេញដោយសុវត្ថិភាព។ លោក Khamenei គ្រប់គ្រងអាណាចក្រហិរញ្ញវត្ថុដ៏ធំសម្បើមតាមរយៈអង្គការ Setad ដែលមានតម្លៃប្រហែល ៩៥ពាន់លានដុល្លារ រួមមានអចលនទ្រព្យ និងឧស្សាហកម្មជាច្រើន។

សូមជម្រាបថា អ៊ីរ៉ង់បានផ្ទុះមានបាតុកម្មជាបន្តបន្ទាប់ នៅទូទាំងប្រទេស ដែលបង្កឡើងដោយការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃរូបិយប័ណ្ណជាតិ និងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។ ទន្ទឹមនោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញសារព្រមានខ្លាំងៗថា បើអាជ្ញាធរអ៊ីរ៉ង់«បាញ់សម្លាប់បាតុករស្លូតត្រង់យ៉ាងឃោរឃៅ តាមទម្លាប់របស់ពួកគេនោះ សហរដ្ឋអាមេរិកនឹងទៅជួយសង្គ្រោះពួកគេ»។ សម្តីនេះតំណាងឲ្យជំហរដ៏រឹងមាំបំផុតរបស់រដ្ឋបាលលោកត្រាំ ហើយវាបានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅរីសត Mar-a-Lago ជាកន្លែងដែលមេដឹកនាំទាំងពីរបានពិភាក្សាអំពីឥទ្ធិពលក្នុងតំបន់របស់អ៊ីរ៉ង់ និងការចោទប្រកាន់ពីការប៉ុនប៉ងស្តារកម្មវិធីនុយក្លេអ៊ែរឡើងវិញ ក្រោយការវាយប្រហារតាមអាកាសកាលពីខែមិថុនាឆ្នាំ២០២៥។
មន្ត្រីអ៊ីរ៉ង់បានឆ្លើយតបវិញភ្លាមៗជាមួយនឹងការព្រមានយ៉ាងដាច់អហង្ការ ដោយចាត់ទុកអន្តរាគមន៍ណាមួយរបស់អាមេរិកថាជា «បន្ទាត់ក្រហម»។ រដ្ឋមន្ត្រីការបរទេសលោក Abbas Araghchi បានហៅការលើកឡើងនេះថាជា «ទង្វើខ្វះការទទួលខុសត្រូវ និងគ្រោះថ្នាក់» ដោយបញ្ជាក់ថា កងកម្លាំងសន្តិសុខអ៊ីរ៉ង់នឹងច្រានចោលរាល់ការជ្រៀតជ្រែកចូលក្នុងអធិបតេយ្យភាពជាតិ។ ទន្ទឹមនឹងនេះ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បានព្រមានថា មជ្ឈមណ្ឌលយោធា និងបុគ្គលិកអាមេរិកទាំងអស់នៅក្នុងតំបន់មជ្ឈិមបូព៌ា នឹងក្លាយជា «គោលដៅស្របច្បាប់» បើអាមេរិកហ៊ានធ្វើសកម្មភាពយោធាណាមួយ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


