Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងធ្លាក់ចុះជាង១% ក្រោយហក់​ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៦ ខែ

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិបាន​ធ្លាក់ចុះមកវិញជាង ១% សម្រាប់ការជួញដូរនៅលើទីផ្សារអាស៊ីនៅព្រឹកថ្ងៃសុក្រនេះ ក្រោយ​បាន​ហក់ឡើងជាង ៣% កាលពីថ្ងៃព្រហស្បតិ៍ ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលប្រហែល​ ៦ ខែ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បាន​ធ្លាក់ចុះ ១,០៩ ដុល្លារ ឬ ១,៥៤% ដល់ប្រមាណ ៦៩,៦២ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងជាង ១១ ព្រឹក នៅទីក្រុងហុងកុង។ ដោយឡែកតម្លៃប្រេងអាមេរិក ម៉ាក West Texas Intermediate (WTI) បាន​កើន ១,១៩ ដុល្លារ ឬ ១,៨២% ដល់ ៦៤,២៣ ដុល្លារ/បារ៉ែល។

ពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ តម្លៃប្រេងទាំង ២ បាន​ហក់ឡើងជាង ៣%។ ​តម្លៃប្រេងម៉ាក Brent បាន​កើនដល់ ៧០,៧១ ដុល្លារ/បារ៉ែល ដែលជាកម្រិតខ្ពស់បំផុតរាប់តាំងពីថ្ងៃទី ៣១ ខែកក្កដា ខណៈតម្លៃ WTI បាន​កើនដល់ ៦៥,៤២ ដុល្លារ/បារ៉ែល ដែលជាកម្រិតខ្ពស់បំផុតរាប់តាំងពីថ្ងៃទី ២៦ ខែកញ្ញា។

​តម្លៃប្រេងកាលពីថ្ងៃព្រហស្បតិ៍បានកើនឡើង ក្រោយ​មាន​សេចក្ដីរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាលើសកម្មភាពប្រឆាំងនឹងអ៊ីរ៉ង់ រួមទាំងការវាយប្រហារ «មានដែន​កំណត់» លើកងកម្លាំងសន្តិសុខ និងថ្នាក់ដឹកនាំអ៊ីរ៉ង់។ គោលដៅរបស់អាមេរិក ដើម្បីលើកទឹកចិត្តដល់​ក្រុមបាតុករក្នុងស្រុកអ៊ីរ៉ង់ ទោះបីជាមន្ត្រីអ៊ីស្រាអែល និងអារ៉ាប់និយាយថា ការវាយប្រហារ​តាម​កម្លាំងអាកាសតែ​មួយ​ មិនអាចផ្តួលរំលំ​ថ្នាក់ដឹកនាំកាន់អំណាចរបស់អ៊ីរ៉ង់​បាន​ឡើយ​។

ដោយឡែកនៅអ៊ីរ៉ង់ឯណោះវិញ ​កងកម្លាំងសន្តិសុខស្លៀកពាក់ធម្មតាបានចាប់ខ្លួនមនុស្សរាប់ពាន់នាក់ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការតវ៉ាជុំវិញបញ្ហាសេដ្ឋកិច្ច។ មន្ត្រីអាមេរិក​ម្នាក់ប្រាប់រ៉យទ័រជាអនាមិកថា លោក ត្រាំ ចង់បង្កើតលក្ខខណ្ឌសម្រាប់ការផ្លាស់ប្តូររបបអ៊ីរ៉ង់ បន្ទាប់ពីចលនាតវ៉ាទូទាំងប្រទេសថ្មីៗនេះ រងការ​បង្ក្រាបដោយហិង្សា។

អ្នកវិភាគទីផ្សារបាន​លើកឡើងថា បញ្ហាភូមិសាស្រ្តនយោបាយអាមេរិក-អ៊ីរ៉ង់ បាន​បង្កើនកង្វល់អំពីការរំខានផ្នែកផ្គត់ផ្គង់ ជាពិសេសពាក់ព័ន្ធនឹង​ការដឹកជញ្ជូនប្រេងកាត់តាមច្រក Hormuz ដែលផ្លូវទឹកសំខាន់រួមចំណែកចរាចរណ៍ប្រេង ២០ លាន​បារ៉ែល/ថ្ងៃ។

ដោយឡែក រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបឯណោះវិញ បានអនុម័តទណ្ឌកម្មថ្មីលើ​អ៊ីរ៉ង់នៅថ្ងៃព្រហស្បតិ៍ ដោយកំណត់គោលដៅលើបុគ្គល និងអង្គភាពដែលពាក់ព័ន្ធនឹងការបង្ក្រាបដោយហិង្សាលើក្រុមបាតុករ ខណៈប្លុកបានកំណត់​កង​កម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ថាជា «អង្គការភេរវកម្ម»។

តម្លៃប្រេងក៏ត្រូវបានជំរុញផងដែរ ដោយ​ព្យុះព្រិលនៅអាមេរិកខាងជើង និងអឺរ៉ុប ដែលរំខានដល់ការផ្គត់ផ្គង់ និងការផ្អាកការនាំចេញប្រេងពីវាលទាញយកសំខាន់ៗ២កន្លែងរបស់ប្រទេសកាហ្សាក់ស្ថាន។

ទោះជាយ៉ាងណាក៏ដោយ តម្លៃប្រេងនៅថ្ងៃសុក្រ បាន​ធ្លាក់ចុះមកវិញជាង ១% ចំពេលដែលអ្នកវិនិយោគិនបន្តឃ្លាំមើលពីស្ថានការណ៍ ចំពេលតម្រូវការសកលខ្សោយ ហើយការផ្គត់ផ្គង់មាន​និន្នាការកើនឡើង។ កាលពីថ្ងៃព្រហស្បតិ៍​ មាន​សេចក្ដីរាយការណ៍ថា រុស្ស៊ីបញ្ជាក់ជាថ្មីនូវការអញ្ជើញមេដឹកនាំអ៊ុយក្រែនឱ្យចរចាអំពីដំណោះស្រាយសន្តិភាព។ ដំណោះស្រាយសន្តិភាពមានន័យថា រុស្ស៊ីអាចនាំចេញប្រេងរបស់ខ្លួនទៅលើទីផ្សារសកលជាថ្មី ដែលនឹង​ធ្វើឱ្យ​លំហូរនៃការផ្គត់ផ្គង់កើនឡើង។

ដោយឡែក ​​សហរដ្ឋអាមេរិកបាន​បន្ធូរបន្ថយទណ្ឌកម្មលើប្រេងវេណេស៊ុយអេឡា ក្រោយសម្រេចបាន​កំណែទម្រង់លើឧស្សាហកម្មប្រេងរបស់ប្រទេសនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម