Connect with us

នយោបាយ

ថ្ងៃទី៦-៧ ខែកុម្ភៈ គណបក្សប្រជាជនកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចំនួន៣ជាមួយបក្សកាន់អំណាចនៅឡាវ និងវៀតណាម

បានផុស

នៅ

គណបក្សប្រជាជនកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលចំនួនបី ក្នុងថ្ងៃទី៦ និងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ជាមួយនឹងបក្សប្រជាជនបដិវត្តន៍ឡាវ និងបក្សកុម្មុយនីស្តវៀតណាម ក្នុងគោលបំណងលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី កិច្ចសហ ប្រតិបត្តិការ និងការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការដោះស្រាយបញ្ហានានា ក្នុងទំនាក់ទំនងរវាងគណបក្ស ទាំងបី ឱ្យបានទាន់ពេល និងមានប្រសិទ្ធភាព។ ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ដើម្បីឯករាជ្យភាព អធិបតេយ្យ សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ផលប្រយោជន៍ គណបក្ស រដ្ឋ និងប្រជាជន នៃប្រទេសទាំងបី កិច្ចប្រជុំ ក៏នឹងចូលរួមចំណែកដល់ការកសាង និងការពារសន្តិភាព និងវិបុលភាពតំបន់ និងពិភពលោក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសេចក្ដីប្រកាសព័ត៌មាន កិច្ចប្រជុំទី១ គឺជាកិច្ចប្រជុំកំពូលទ្វេភាគីរវាងគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដឹកនាំដោយអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាម លោក​ តូ ឡឹម។

ចំណែកកិច្ចប្រជុំទី២  គឺជាកិច្ចប្រជុំកំពូលទ្វេភាគីរវាងគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធាន ព្រឹទ្ធសភាកម្ពុជា ជាមួយនិងការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំដោយអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ ឡាវ និងជាប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីសូលីត។

រីឯកិច្ចប្រជុំកំពូលត្រីភាគី រវាងអ្នកដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា បក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំដោយប្រធានគណបក្ស អគ្គលេខាធិការបក្សទាំងបីរូប និងមានការចូលរួម ពីនាយករដ្ឋមន្ត្រីនៃប្រទេសទាំងបី ថ្នាក់ដឹកនាំនៃរដ្ឋសភានៃប្រទេសទាំងបី និងឥស្សរជនរបស់គណបក្សមួយចំនួនទៀត។

គណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា កិច្ចប្រជុំកំពូលទាំងបី គឺរៀបចំស្របគ្នានឹងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាម លោក តូ ឡឹម នៅកម្ពុជាដែលធ្វើឡើងក្នុងរយៈពេល១ថ្ងៃ នៅកម្ពុជា គឺក្នុងថ្ងៃទី៦ ខែកុម្ភៈ និងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីសូលីត នៅកម្ពុជាក្នុងរយៈពេល២ថ្ងៃ គឺក្នុងថ្ងៃទី៦-៧ ខែកុម្ភៈ។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ តបតាមព្រះរាជអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម