Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមជួសជុលផ្នែកកំពូលប្រាសាទបក្សីចាំក្រុង ដែលប្រឈមហានិភ័យឱ្យរឹងមាំឡើងវិញ

បានផុស

នៅ

នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលរចនាសម្ពន្ធកំពូលដំបូល និងពង្រឹងជញ្ជាំងផ្នែកខាងក្នុង និងខាងក្រៅរបស់ប្រាសាទបក្សីចាំក្រុង ដែលប្រឈមហានិភ័យខ្ពស់ ឱ្យរឹងមាំឡើងវិញ។ នេះបើតាមអាជ្ញាធរជាតិអប្សរា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឈុន រតនា មន្ត្រីរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា បច្ចុប្បន្ន ស្ថានភាពកំពូលដំបូលរបស់ប្រាសាទបក្សីចាំក្រុង បានរងខូចខាតយ៉ាងខ្លាំង បណ្តាលមកពីទឹកភ្លៀងហូរចូលទៅក្នុងតួប្រាសាទ ធ្វើឱ្យឥដ្ឋមួយចំនួនពុកផុយ រលុះធ្លាក់មកក្រោម។ ចំណែកឯ ជញ្ជាំងផ្នែកខាងក្នុង និងខាងក្រៅ ក៏មានស្នាមប្រេះហែក ជ្រាបទឹក និងអាចបង្កឱ្យមានហានិភ័យដល់សំណង់ទៀតផង។

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាយល់ថា ដើម្បីជួយសង្គ្រោះរចនាសម្ពន្ធរបស់ប្រាសាទបក្សីចាំក្រុង ឱ្យរឹងមាំឡើងវិញ ក្រុមការងារត្រូវរើឥដ្ឋដែលពុកផុយ ឬឥដ្ឋដែលអាចបង្កគ្រោះថ្នាក់ចេញ ហើយដាក់បំពេញឥដ្ឋថ្មីមួយចំនួនមកជំនួសវិញ នៅផ្នែកខាងក្នុង និងខាងក្រៅ ព្រមទាំងពង្រឹង បិទបាយអបំពេញស្នាមប្រេះហែក ការពារជម្រាបទឹកកន្លែងមួយចំនួនសម្រាប់ភាពរឹងមាំយូរអង្វែង ដោយប្រើលក្ខណៈបច្ចេកទេសយ៉ាងត្រឹមត្រូវ។

សូមជម្រាបថា កាលពីអំឡុងខែតុលា ឆ្នាំ២០២៥ ដោយមានការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានសម្រេចជាគោលការណ៍នៅដំណាក់កាលដំបូង ឱ្យក្រុមការងារអភិរក្ស នឹងទល់ទ្រជាបន្ទាន់ ចំពោះរចនាសម្ពន្ធផ្នែកកំពូលដំបូល ជញ្ជាំងផ្នែកខាងក្នុង និងក្រៅ នៃប្រាសាទបក្សីចាំក្រុងនេះជាបណ្តោះអាសន្ន ហើយនៅដំណាក់កាលបន្ទាប់ គឺក្រុមការងារនឹងចាប់ផ្ដើមជួសជុលពង្រឹងរចនាសម្ពន្ធទាំងនោះឱ្យរឹងមាំឡើងវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម