Connect with us

ព័ត៌មានអន្ដរជាតិ

លោកស្រី Sanae Takaichi ចូល​កាន់តំណែង​លើក​ទី២ជាផ្លូវការ ក្រោយជ័យជម្នះភ្លូកទឹកភ្លូកដី

បានផុស

នៅ

លោកស្រី Sanae Takaichi ត្រូវបានតែងតាំងផ្លូវការជានាយករដ្ឋមន្ត្រីជប៉ុនជាថ្មីម្តងទៀត នា​ថ្ងៃពុធ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលនេះជាការចាប់ផ្តើមជំពូកថ្មីមួយ បន្ទាប់ពីគណបក្សរបស់លោកស្រីបានទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីកាលពីដប់ថ្ងៃមុន។

លោកស្រី Sanae Takaichi (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងវ័យ៦៤​ឆ្នាំ លោកស្រី Takaichi មិនត្រឹមតែបានពង្រឹងតំណែងជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែឥឡូវនេះលោកស្រីមានអំណាចសំឡេងភាគច្រើនលើសលប់ ពីរភាគបីនៅក្នុងសភាជាន់ទាប។ ការតែងតាំងលោកស្រីជាថ្មីនេះ បានបើកផ្លូវ​​ឲ្យ​មានការផ្លាស់ប្តូរគោលនយោបាយទៅរកស្លាបស្តាំនិយម ខណៈដែលលោកស្រីព្យាយាមធ្វើ​ឲ្យ​មានតុល្យភាពរវាងការសន្យាកាត់បន្ថយការចំណាយលើជីវភាពរស់នៅ និងផែនការចម្រូងចម្រាសក្នុងការពង្រឹងវិស័យយោធា ដើម្បីឆ្លើយតបនឹងការគំរាមកំហែងក្នុងតំបន់។

អាទិភាពបន្ទាន់របស់រដ្ឋាភិបាលថ្មី គឺការសាកល្បងសេដ្ឋកិច្ចដ៏មុតស្រួចមួយ៖ ការផ្អាកការបង់ពន្ធលើការប្រើប្រាស់ លើទំនិញអាហារក្នុងរយៈពេលពីរឆ្នាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា។ ទោះបីជាគោលនយោបាយនេះទទួលបានការគាំទ្រពីអ្នកបោះឆ្នោតក៏ដោយ ក៏វាបានបង្ក​ឲ្យ​មានការព្រមានពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងអ្នកជំនាញទីផ្សារ ដែលបារម្ភថា វាអាចធ្វើ​ឲ្យ​ប៉ះពាល់ដល់ស្ថិរភាពបំណុលជាតិដ៏មហិមារបស់ជប៉ុន។ ដើម្បីគ្រប់គ្រងហានិភ័យទាំងនេះ លោកស្រី Takaichi គ្រោងនឹងបង្កើតក្រុមប្រឹក្សាជាតិ ដែលមានការចូលរួមពីគ្រប់បក្សនយោបាយ ដើម្បីស្វែងរកប្រភពថវិកាជំនួសសម្រាប់ចំណាយលើសន្តិសុខសង្គមដែលកំពុងកើនឡើង។ ចំពោះផ្នែកសន្តិសុខវិញ លោកស្រីកំពុងធ្វើសកម្មភាពយ៉ាងរហ័សដើម្បីបង្កើតទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ និងអនុម័តច្បាប់ប្រឆាំងចារកម្ម ដែលបង្ហាញពីជំហរតឹងរឹង​ចំពោះទីក្រុងប៉េកាំង ជាពិសេសពាក់ព័ន្ធនឹងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។

ក្រៅពីសេដ្ឋកិច្ច និងការពារជាតិ លោកស្រី Takaichi ក៏ត្រៀមខ្លួនដោះស្រាយបញ្ហាប្រពៃណី និងរដ្ឋធម្មនុញ្ញដែលអូសបន្លាយជាយូរមកហើយ។ រដ្ឋាភិបាលរបស់លោកស្រីមានបំណងបង្កើតច្បាប់ហាមឃាត់ការប្រមាថទង់ជាតិជប៉ុន និងជំរុញការពិភាក្សាលើការកែសម្រួលរដ្ឋធម្មនុញ្ញ ដើម្បីកំណត់​ឲ្យបានច្បាស់លាស់នូវស្ថានភាពនៃកងកម្លាំងស្វ័យការពារ។ បន្ថែមពីនេះ លោកស្រីនៅតែជាអ្នកការពារដ៏រឹងមាំនៃច្បាប់រាជវង្សបែបបុរាណ ដោយប្រឆាំងនឹងការអនុញ្ញាត​ឲ្យស្ត្រីឡើងគ្រងរាជ្យ ទោះបីជាមានវិបត្តិអ្នកបន្តវេនក៏ដោយ។ នៅពេលដែលលោកស្រីត្រៀមខ្លួនសម្រាប់ថ្លែងសុន្ទរកថាគោលនយោបាយសំខាន់នៅថ្ងៃទី២០ ខែកុម្ភៈខាងមុខ លោកស្រី Takaichi ត្រូវប្រឈមមុខនឹងភារកិច្ចដ៏លំបាកក្នុងការប្រែក្លាយអាណត្តិជាប្រវត្តិសាស្ត្រនេះ ឲ្យទៅជាលទ្ធផលជាក់ស្តែងសម្រាប់ប្រទេសជាតិដែលកំពុងជួបបញ្ហាចំនួនប្រជាជនធ្លាក់ចុះ និងសេដ្ឋកិច្ចពិភពលោកដ៏ផុយស្រួយ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម